ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លឹម ហេង​៖ រដ្ឋាភិបាល​គួរ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស ដើម្បី​ទាក់ទាញ​វិនិយោគ និង​បន្ថយ​ថ្លៃដើម​
21, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋ​គួរ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស ឬ​តំបន់​ស្វយ័ត​សេដ្ឋកិច្ច​ពិសេស នៅ​តំបន់​ប៉ែក​ខាង​មាត់សមុទ្រ ព្រំដែន​ថៃ និង​ព្រំដែន​វៀតណាម ដើម្បី​ទាក់ទាញ​ការវិនិយោគ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកជំនួញ​មួយរូប​។ តំបន់​រដ្ឋបាល​ពិសេស មានន័យថា​រដ្ឋ​បង្កើត​រដ្ឋបាល​ថ្មី​មួយ​នៅ​តំបន់​ដែល​បានជ្រើសរើស ហើយ​ប្រមូលផ្ដុំ​សេវាសាធារណៈ​សព្វគ្រប់​ស​ម្រា​ប់​បម្រើ​ឲ្យ​អ្នកវិនិយោគ​។ ពេលនោះ​អ្នកវិនិយោគ​មិនបាច់​សម្រុក​មក​បង្កើត​រោងចក្រ​នៅ​ជុំវិញ​ភ្នំពេញ​ទៀត​ទេ​។ គេ​បង្កើត​រោងចក្រ​នៅជាប់​ព្រំដែន​តែម្ដង ព្រោះ​មិន​ពិបាក​ដឹកជញ្ជូន​ទំនិញ និង​រត់​ឯកសារ​ទៅមក​ភ្នំពេញ​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដូចតទៅ​នេះ​៖




 
​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស (Special Economic Zone, SEZ) មួយចំនួន​រួចទៅហើយ​នៅ​ភ្នំពេញ បាវិត ប៉ោយប៉ែត ខេត្ត​ព្រះសីហនុ​ជាដើម​។ តែ​តំបន់​រដ្ឋបាល​ពិសេស​នេះ គឺ​ខុសពី​តំបន់​សេដ្ឋកិច្ច​ពិសេស​។ តំបន់​រដ្ឋបាល​ពិសេស មាន​វិសាលភាព​ធំ​ជាង SEZ ។ SEZ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ដែលមាន​វិសាលភាព​សម្រាប់​អ្នកវិនិយោគ​ដែល​ប្រមូលផ្ដុំ​ក្នុង​តំបន់​នោះ មួយចំនួន​ប៉ុណ្ណោះ ហើយ​ការផ្ដល់​បែបបទ​រដ្ឋបាល​ធ្វើឡើង​ក្នុង​កម្រិត​មួយ​។ ឯ​តំបន់​រដ្ឋបាល​ពិសេស គឺមាន​ភាព​ទូលំ​លាយ ដោយ​អ្នកវិនិយោគ​អាចបំពេញ​បែបបទ​រដ្ឋ​បាល សុំ​សិទ្ធិ​លើ​គម្រោង​វិនិយោគ និង​សុំ​អនុញ្ញាត​ផ្សេងៗ​ទៀត​នៅ​ទីនោះ​តែម្ដង មិនបាច់​ឡើងមក​ភ្នំពេញ​នោះទេ ពោលគឺ​តំបន់​រដ្ឋបាល​ពិសេស​មាន​សិទ្ធិ​អនុញ្ញាត ដូចគ្នា​នឹង​រដ្ឋាភិបាល​ដែរ​។ 
 
​ដូចនេះ​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​បរទេស វិនិយោគ​បង្កើត​រោងចក្រ​នៅក្នុង ឬ​ក្បែរ​តំបន់​រដ្ឋបាល​ពិសេស​នេះ​។ បើ​តំបន់​នេះ​ត្រូវបាន​បង្កើត​នៅ​តំបន់ឆ្នេរ តំបន់​ជាប់​ព្រំដែន​ថៃ និង​វៀតណាម ជាដើម នោះ​រោងចក្រ​នឹងត្រូវ​បង្កើត​ទៅដល់​ខេត្ត​ឆ្ងាយៗ​ដែរ ដោយ​មិន​ប្រមូលផ្ដុំ​តែ​នៅ​ជុំវិញ​ភ្នំពេញ​នោះទេ​។​
 
​លោក លឹម ហេង ឲ្យ​ដឹងថា អត្ថប្រយោជន៍​ពី​តំបន់​រដ្ឋបាល​ពិសេស​នេះ នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​របស់​វិស័យ​ឯកជន ព្រោះ​បើ​បង្កើត​រោងចក្រ​នៅ​ភ្នំពេញ អ្នកវិនិយោគ​ត្រូវ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​មក​ភ្នំពេញ​ពេល​នាំចូល​វត្ថុធាតុដើម ហើយ​ពេល​ផលិត​សម្រេច ត្រូវ​ដឹកចេញទៅ​ព្រំដែន​វិញ មុននឹង​នាំចេញ​ទៅ​ក្រៅប្រទេស​។ ដូចនេះ​បើ​បង្កើត​រោងចក្រ​នៅ​ខេត្ត​ជាប់​ព្រំដែន អ្នកវិនិយោគ​មិនបាច់​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​នេះឡើយ​។​
 
​នេះ​ក៏​ជាការ​បង្ខិត​រោងចក្រ សហគ្រាស​ទៅដល់​មូលដ្ឋាន​ផងដែរ​។ ពលរដ្ឋ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​មក​ភ្នំពេញ ឬ​ក្រៅប្រទេស​នោះទេ​។ គម្រោង​នេះ​ក៏​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​នៅ​ទីក្រុង​ផងដែរ​។ នេះ​បើតាម​លោក លឹម ហេង ៕
 

Tag:
 លឹម ហេង​
  តំបន់​រដ្ឋបាល​ពិសេស​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com