ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ ជំងឺឆ្លង ដែល​កើតចេញពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នានៅកម្ពុជា បាន​កើនឡើង​
21, Feb 2019 , 10:50 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ភ្នំពេញ​៖ ការបន្ត​កើនឡើង​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា បាន​ក្លាយជា​កង្វល់​ថ្មី​មួយ​នៅក្នុង​សង្គម​។ ហើយ​ការលេចឡើង​នៃ​ការរីក​រាលដាល​ជំងឺឆ្លង ពី​បុរស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​បានចាប់ផ្តើម​កើនឡើង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​។​
 
​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិនត្រូវ​មាន​ទេ​។ ប៉ុន្តែ​យើង​មាន​បញ្ហា​ដែល​សង្គម​មិនទាន់​យល់​ជ្រាប​ពី​ការស្រឡាញ់​ភេទ​ដូចគ្នា​ហើយ ថែម​ទាំង​មាន​ជំងឺ​អេស​ដ៍​ថែមទៀត​។ វា​កាន់តែ​ធ្វើឱ្យ​យើង​លំបាក​។ យើង​មិន​ឈានដល់​ការធ្វើ​ច្បាប់ ដើម្បី​ឱ្យមាន​ការរៀប​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​បានទេ​។ ប៉ុន្តែ​យើង​ក៏​មិនបាន​យកទោស​ពៃ​អ្វី​ពី​អ្នក​ទាំង​នោះដែរ​។ ដូច្នេះ បើ​គ្មាន​ច្បាប់ ក៏​គ្មាន​បញ្ហា​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះដែរ​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល ស្នើ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំង​បុរស និង​ស្ត្រី ត្រូវតែ​យកចិត្តទុកដាក់ ទប់ស្កាត់​កុំឱ្យ​ចម្លងជំងឺ ពិសេស​ជំងឺអេដស៍​ទៅ​អ្នកដទៃ​ថែមទៀត​។ ជាថ្មី​ម្តងទៀត មេដឹកនាំ​កម្ពុជា ក៏បាន​ស្នើ និង​អំពាវនាវ ដល់​ឪពុក​-​ម្តាយ និង​សង្គម កុំ​ឲ្យ​រើសអើង​កូនៗ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​ដូច​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផ្សេងទៀត​ក្នុងសង្គម​។​
 
​បច្ចុប្បន្ន អត្រា​ជំងឺអេដស៍​នៅ​កម្ពុជា បាន​ធា្ល​ក់​ចុះ មក​នៅត្រឹម​០,៦​ភាគរយ ដែល​ឈានដល់​ការសម្រេច​គោល​ក្នុង​ឆ្នាំ​២០២៥ គឺ​ធ្លាក់​នៅក្នុង​អត្រា​សូន្យ​ភាគរយ នៃ​អ្នក​កើត​អេដស៍ និង​ផ្ទុកមេរោគ​អេដស៍​៕ 
 
 

Tag:
 អេដស៍​
  អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com