ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួង​សាធារណការ​ថា កម្ពុជា​មិន​រើសអើង​ប្រទេស​ដើម្បី​ខ្ចីលុយ​មក​កសាង​ផ្លូវ​ទេ​
13, Mar 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ​(GMS) និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA) លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ប្រទេស​ចូលរួម​ថា កម្ពុជា​បាន​ប្ដេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ក៏ដូចជា​ការពង្រីក​ច្រកព្រំដែន ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​។ ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី កម្ពុជា​ក៏​មិនបាន​រើសអើង​ប្រទេស​ណា ក្នុងការ​កម្ចី​លុយ​យកមក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើយ ឱ្យតែ​ការកសាង​នោះ​មាន​ភាព​រីកចម្រើន​ដល់​ប្រទេសជាតិ​។​

 
​លោក ស៊ុន ចាន់ថុល ឆ្លើយ​ដូច្នេះ​គឺ​តប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ពី​ប្រភព​ថវិកា​ដែល​យកមក​ពង្រីក​ច្រកព្រំដែន ដែល​ប្រទេស​ជា​សមាជិក GMS បាន​ព្រមព្រៀងគ្នា​។ លោក​រដ្ឋមន្ដ្រី​ពន្យល់ថា ប្រទេស​នីមួយៗ​មាន​នីតិវិធី ឬ​ប្រមែប្រមូល​ថវិកា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ហើយ​កម្ពុជា​ក៏​ដូចគ្នា គឺមាន​ប្រាក់​សម្បទាន​អាចមកពី​ចិន​, ជប៉ុន​, KOICA, ADB និង​ធនាគារពិភពលោក​ជាដើម ក្នុងនោះ​ក៏មាន​កម្ចី​ពី​ប្រទេសជិតខាង​ផងដែរ​មាន ថៃ និង​វៀតណាម​។​ល​។ 
 
​តាម​ការបញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល កម្ពុជា​មិន​រើសអើង​ក្នុង​កម្ចី​ទាំង​នោះឡើយ គឺ​រើសអើង​តែ​ម្យ៉ាង បើ​កម្ចី​នោះ​គ្មាន​មាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច គឺ​កម្ពុជា​មិន​ខ្ចី​ជាដាច់ខាត​។ «​យើង​មិន​យកលុយ​ប្រាក់កម្ចី​នេះ មក​កសាង​ផ្លូវ​ដែល​គ្មាន​ប្រសិទ្ធិភាព យើង​មិន​កសាង​ផ្លូវ​ណា​ដែល​ប៉ះពាល់​បរិស្ថាន ខូចខាត​បរិស្ថាន​ច្រើន​យើង​មិន​ធ្វើ ប៉ុន្ដែ​ផ្លូវ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន យើង​ខិតខំ​ប្រឹងប្រែង​យក​ថវិកា​ទាំង​នោះមក​ធ្វើ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​រដ្ឋមន្ត្រី​។​


 
​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ បានបញ្ចប់​ហើយ ក្រោយ​រៀបចំ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់ទី​១៣ ខែមីនា នា​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​ចំនួន ៦ រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ចិន រួម​និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការ GIZ និង​អង្គការ DEFAT​។ កិច្ចប្រជុំ​នេះ​បានទទួល​លទ្ធផល​មួយចំនួន រួមមាន​ប្រទេស​ជា​សមាជិក GMS បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទាក់ទង​នឹង​ការពន្យា​សុពលភាព​ឱ្យ​លិខិតអនុញ្ញាត​សម្រាប់​ការប្រមូល​ផល​ដំបូង និង​សៀវភៅ​ការ​នាំចូល​បណ្ដោះអាសន្ន​យា​ន​យន្ត (TAD) ដែល​ចេញពី​ពេលមុន រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ឬ​នៅ​រហូតដល់​កិច្ចព្រមព្រៀង GMS​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​CBTA កែសម្រួល ។​ល​។ ទាក់ទង​នឹង​ការពង្រីក​ផ្លូវ​ឆ្លងកាត់​ព្រំដែន​វិញ ប្រទេស​ជា​សមាជិក​ក៏បាន​ព្រមព្រៀង និង​កំពុង​ពិភាក្សា​អំពី​ការយក​តម្លៃ ឬ​យ៉ាងណា​នៅឡើយ ដោយ​បច្ចុប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​សិក្សា​។ 
 
​គួរ​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​នេះ​ម្ដងទៀត​នៅ​ខែ តុលា នា​ខេត្ត​ព្រះសីហនុ ដើម្បី​តាមដាន នៃ​ដំណើរការ​អនុវត្ត​ផែនការ​ដែល​បាន​ព្រមព្រៀង មុននឹង​ផ្ទេរ​ទៅឱ្យ​ចិន ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​៨ នា​ឆ្នាំ ២០២០៕


 

© រក្សាសិទ្ធិដោយ thmeythmey.com