ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី៖ «ឪពុក​ខ្ញុំ​មិន​ចង់អោយ​កូន​ធ្វើ​នយោបាយទេ​» តែ…
10, Apr 2014 , 9:25 am        
រូបភាព
នៅ​ឆ្នាំ១៩៩១ កុមារា ហ៊ុន ម៉ា​នី ដែល​ទើប​មាន​អាយុ៩ឆ្នាំ ត្រូវបាន​ឪពុក​ដែលជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បញ្ជូនទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ជាមួយ​បងប្រុស​ឈ្មោះ ​ហ៊ុន ម៉ានិត។ កុមារា​ ហ៊ុន ម៉ា​នី​បាន​សិក្សា​នៅ​ប្រទេស​បារាំង​រហូតដល់​ឆ្នាំ១៩៩៨ មុននឹង​ចេញទៅ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក ហើយ​បន្ទាប់មក​បាន​ចូល​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រហូតដល់​ឆ្នាំ២០០៥ ។ ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​អាមេរិក លោក ហ៊ុន ម៉ា​នី បាន​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី។ នៅ​ឆ្នាំ២០០៩ដល់​ឆ្នាំ២០១០ លោក ហ៊ុន ម៉ា​នី ដែល​កំពុងមាន​តួនាទី​ជា​ជំនួយការ​លោកនាយករ​ដ្ឋ​មន្ត្រី ក៏បាន​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ក្នុង​សហរដ្ឋអាមេរិក ផ្នែក​សន្តិសុខ​ជា​យុទ្ធសាស្ត្រ (Strategic security study) ដែលជា​ការសិក្សា​ផ្តោតលើ​ការប្រឆាំង​អំពើ​ភេរវកម្ម។ នៅពេលនេះ លោក​ហ៊ុន ម៉ា​នី ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ជា​តំណាងរាស្ត្រ​វ័យ៣១ឆ្នាំ ក្មេង​ជាងគេ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច ហើយ​ដែលមាន​ឪពុក​ជា​នាយករដ្ឋមន្ត្រី។



«ខ្ញុំ​គិតថា ពាក្យ​ហ៊ុន ម៉ា​នី​ជា​កូន​នាយករដ្ឋមន្ត្រី​នោះ គឺ​ចេញ​មកពី​អ្នកសារព័ត៌មាន​ទេ ដែល​ប្រើពាក្យ​នេះ។ ពួកគាត់​ក៏​ធ្លាប់បាន​សួរ​ខ្ញុំ​ដែរ​ថា (នៅ​រដ្ឋសភា) ខ្ញុំ​ជា​កូន​នាយករដ្ឋមន្ត្រី ហើយ​មក​អង្គុយ​នៅ​សភា​ជាមួយ​ឳ​ពុក​អ៊ីចឹង តើ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​យ៉ាងណាដែរ? ខ្ញុំ​ថា ខ្ញុំ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​មក​អោយធ្វើ​តំណាងរាស្ត្រ។ មិនមែន​ខ្ញុំ​មក​ទីនេះ ជា​សមាជិកសភា កូន​នាយករដ្ឋមន្ត្រី​ទេ។ និយាយ​អោយ​សាមញ្ញ ខ្ញុំ​ជា​តំណាងរាស្ត្រ​ម្នាក់​ចេញ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​ឈ្មោះថា​ហ៊ុន ម៉ា​នី ហើយ​វ័យក្មេង​ជាងគេ វា​ជាការ​ចៃដន្យ»។ លោក ​ហ៊ុន ម៉ា​នី​កំពុង​ថ្លែង​ពន្យល់​យ៉ាង​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ទៅកាន់​អ្នក​ទាំងឡាយ​ដែល​គិតថា លោក​ក្លាយជា​អ្នកតំណាងរាស្ត្រ​ក្មេង​ជាងគេ​ក្នុង​នីតិកាល​ទី៥នេះ ដោយសារតែ​អំណាច​របស់​ឪពុក​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ បើទោះជា​ការពិត លោក ហ៊ុន ម៉ា​នី គឺជា​កូន​ទី៤របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏ដោយ ប៉ុន្តែ​នៅក្នុង​វិស័យ​នយោបាយ លោក​ម៉ា​នី​និយាយ​តែ​អំពី​ទំនាក់ទំនង​រវាង​លោក និង​គណបក្ស​តែប៉ុណ្ណោះ។ អ្វីៗគឺ​ច្បាស់លាស់​ណាស់​សម្រាប់​អ្នកនយោបាយ​វ័យក្មេង​រូបនេះ។ ការរៀនសូត្រ និង​ទទួលបាន​ពិសោធន៍​ពី​ឪពុក វា​គ្រាន់តែ​ជា​ទុន ឬ​ការបំពេញបន្ថែម នៅក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន​តែប៉ុណ្ណោះ។ ប៉ុន្តែ​ថា ក្នុងនាម​ជា​អ្នកនយោបាយ​ជំនាន់​ថ្មី លោក​ហ៊ុន ម៉ា​នី ដឹង​ច្បាស់​ថា លោក​ត្រូវធ្វើអ្វីៗដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​របស់​ប្រទេសជាតិ​ជា​អាទិភាព និង​បន្ទាប់មក គឺ​ដើម្បី​ប្រជាប្រិយភាព​របស់​គណបក្ស វា​ជា​រឿង​ធម្មតា។

ឪពុក​មិន​ចង់អោយ​កូន​ធ្វើ​នយោបាយ។ តែ​ពេលវេលា​បង្ខំ?
តើ​ហេតុអ្វី​បានជា​លោក ហ៊ុន ម៉ា​នី ធ្វើ​នយោបាយ? ប្រសិនបើ​មាន​អ្នក​គិតថា អាជីព​នយោបាយ​របស់​លោក ហ៊ុន ម៉ា​នី ត្រូវបាន​គិតគូរ និង​ត្រៀម​បម្រុង​ទុក ដោយសារតែ​ឪពុក​ជា​នាយករដ្ឋមន្ត្រី​នោះ លោក ហ៊ុន ម៉ា​នី រម្លឹក​ប្រាប់ថា មុនពេល​លោក​ត្រូវបាន​បញ្ជូន​អោយទៅ​សិក្សា​នៅ​ស្រុក​បារាំង​នោះ ឪពុក​លោក​បាន​និយាយថា «គាត់​មិន​ចង់ឃើញ​កូន​គាត់​ណា​ម្នាក់​ធ្វើ​នយោបាយ​នោះទេ»។

ប៉ុន្តែ​ប្រហែល​បរិបទ​នៃ​កាលៈទេសៈ​ទេ ដែល​ធ្វើអោយ​លោកនាយក​រដ្ឋមន្ត្រី​នៃ​របប​រដ្ឋ​កម្ពុជា​នៅពេលនោះ រារែក​នឹង​អោយ​កូនប្រុស​ស្រី​ស្នង​អាជីព​នយោបាយ។ ពីព្រោះថា នៅ​អំ​ឡុងចុង​ទសវត្សរ៍១៩៨០ និង​ដើម​ទស្សវ​ត្ស​រ៍១៩៩០ ដែល​លោក ហ៊ុន សែន ត្រូវ​ដំណើរ​ការចរចា​សន្តិភាព និង​បង្រួបបង្រួម​ជាតិ​យ៉ាង​ស្មុគស្មាញ​ជាមួយ​ចលនា​ត្រីភាគី​នៅ​ជាយដែន​កម្ពុជា​ថៃ។
លោក ហ៊ុន ម៉ា​នី បាន​រៀបរាប់​យ៉ាង​ដូច្នេះ៖« [គាត់​ប្រាប់ថា] វា​ជា​វិស័យ​មួយ​លំបាក​ណាស់។ ជាការ​ងារ​ដែល​មានកា​រ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​ចូលចិត្ត (យើង) នោះទេ។ ក្រោយមក​គាត់​ក៏​មិនបាន​និយាយ​អ្វី​ទៀតឡើយ។ រហូតដល់​ខ្ញុំ​មក​ធ្វើជា​ជំនួយការ​របស់គាត់ គាត់​ក៏បាន​ប្រាប់​ដែរ​ថា គាត់​គ្មាន​ពេល​បង្រៀន​ខ្ញុំ​ទេ តែ​គាត់​ផ្តល់ឱកាស​អោយ​យើង​នៅក្នុង​បន្ទប់​ការងារ​ជាមួយ​គាត់ និង​សង្កេត​គាត់​ធ្វើការ។ ពេល​ខ្ញុំ​ធ្វើ​ខុស ទើប​គាត់​ណែនាំ»។

គណបក្ស​ជា​អ្នក​ណែនាំ​ការងារ​នយោបាយ
ចាប់តាំងពី​ចុងឆ្នាំ២០០៧មក ប្រជាពលរដ្ឋ​ខ្មែរ​បានឃើញ​យុវជន​ហ៊ុន ម៉ា​នី​ចេញ​មុខជា​សាធារណៈ និង​ដើរ​ពីក្រោយ​ខ្នង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជានិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស។ ធ្វើ​ការងារ​យ៉ាង​ស្ងៀមស្ងាត់ នឹងធឹង ជា​ជំនួយការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី។ ការងារ​ជំនួយការ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសមួយ ដែល​លោក​លោក​ហ៊ុន ម៉ា​នី​បាន​ចាត់ទុកថា ជា​ពេលវេលា​នៃ​ការហ្វឹកហាត់​សំលៀង​ខ្លួន។
ភារកិច្ច និង​ការទទួលខុសត្រូវ​បាន​កើនឡើង​នៅ​ឆ្នាំ២០១១ ។ លោក ​ហ៊ុន ម៉ា​នី​ត្រូវបាន​ជ្រើសរើស​អោយ​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សស​យក) របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គឺជា​ការងារ​មួយ​ដែល​បានធ្វើអោយ​យុវជន​ម៉ា​នី​សប្បាយចិត្ត។ ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយផ្ទាល់​ជាមួយ​យុវជន និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ហើយ​ដែល​បង្កើតបាន​បរិយាកាស​រីករាយ​នោះ វា​គឺជា​ចំណង់​ចំណូលចិត្ត​របស់លោក ហ៊ុន ម៉ា​នី។ បើទោះជា​អ្នកជំនាញ​នយោបាយ​បាន​ចាត់ទុកថា នេះ​ជា​សកម្មភាព​ក្នុង​ផ្លូវ​នយោបាយ​ក៏ដោយ ប៉ុន្តែ​ចំពោះ​លោក​ហ៊ុន ម៉ា​នី វា​គឺជា​ការងារ​សង្គម​សុទ្ធ​សាធ ជាការ​ងារ​បំផុស​យុវជន​អោយជួយ​ធ្វើ​ការងារ​សង្គម។ ចាប់ពីពេលនោះ​មក គេ​ឃើញ​កូន​ទី៤របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ស្លៀកពាក់​ឯកសណ្ឋាន​របស់​សហភាព​សហព័ន្ធ​យុ​វជ​កម្ពុជា​យុវជន​ញឹកញាប់ ដោយមាន​អាវ​ពណ៌​ផ្ទៃមេឃ​ស្រាល។ ក្នុង​ឯកសណ្ឋាន​នេះ លោក​ហ៊ុន ម៉ា​នី រួមទាំង​កូនប្រុស​របស់​មេដឹកនាំ​កំពូល​ដទៃទៀត  របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ប្រវត្តិ​នៃ​ការសិក្សា​ខ្ពង់ខ្ពស់ និង​បាន​ហាត់​ការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ជាង៥ឆ្នាំ បូករួម​ទាំង​ប្រជាប្រិយភាព​នៅក្នុង​ការងា​រ​យុវជន​ផង ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បានអនុញ្ញាត​អោយ​លោក​យុវជន​ហ៊ុន ម៉ា​នី​ឈ​ឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី៥ ។ លោក ហ៊ុន ម៉ា​នី បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«មកដល់​ឆ្នាំ២០១១ហើយ ខ្ញុំ​ក៏​មិនទាន់​គិតថា​ធ្វើ​នយោបាយ​នោះដែរ។ ប៉ុន្តែ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការងារ​របស់​យើង ចាស់ទុំ​ក្នុង​បក្ស​បាន​ផ្តល់យោបល់​ថា គួរតែ​ចាប់ផ្តើម​ការងារ​ហ្នឹង​ទៅ [នយោបាយ] ។ ដូច្នេះ​ដោយសារ​តែមាន​ជំនឿ​ចិត្ត និង​ការ​ផ្តល់ឱកាស​ពី​គណបក្ស​ទេ ទើប​យើង​បានធ្វើ​ការងារ​ជា​បន្តបន្ទាប់ រហូតដល់​បានធ្វើ​ជា​តំណាងរាស្ត្រ​ដ៏​វ័យក្មេង​មួយ​នៃ​រដ្ឋសភា​នីតិកាល​ទី៥ »។

នៅក្នុង​រដ្ឋសភា ខ្ញុំ​មិនត្រូវ​យកអាយុ​ដាក់​មុខ​នោះទេ

ជា​អ្នកនយោបាយ​វ័យក្មេង​ជាងគេ​មែន ក៏​មិនមែន​បានន័យថា តំណាងរាស្ត្រ​ហ៊ុន ម៉ា​នី​មិន​យល់​ពី កិច្ចការ​នយោបាយ​នោះទេ ហើយក៏​មិនមែន​មានន័យថា លោក ​ហ៊ុន ម៉ា​នី​អាច​យល់ដឹង​អ្វី​ទាំងអស់​ភា្ល​ម​ក្នុង​គ្រា​ដំបូង​អំពី​កិច្ចការ​របស់​រដ្ឋសភា​នោះដែរ។ ប៉ុន្តែ​តំណាងរាស្ត្រ​វ័យ៣១ឆ្នាំ​រូបនេះ បង្ហាញ​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ហ្វឹកហាត់​ខ្លួនឯង ដើម្បី​អនុវត្ត​តួនាទី ភារកិច្ច​ជា​អ្នកតំណាងរាស្ត្រ ដើម្បី​ប្រយោជន៍​សង្គម សេដ្ឋកិច្ច​របស់​ប្រទេស។ ដូច្នេះហើយ សម្រាប់​លោក ហ៊ុន ម៉ា​នី អាយុ​មិនមែនជា​ឧបសគ្គ​ក្នុង​ការងារ​ជជែក​ពិភាក្សា​ជាមួយ​អ្នកតំណាងរាស្ត្រ​វ័យ​ចំណាស់ ដែល​ក្នុងចំណោម​នោះ​ក៏​អាចមាន​ឥស្សរៈជន​ខ្លះ​ជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​បាន​គាំទ្រ​អោយ​លោក ហ៊ុន ម៉ា​នី មកឈ​ឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​នោះដែរ។ «បើ​យើង​ដាក់​អាយុ​មក​មុខ យើង​បាត់​ការទទួលខុសត្រូវ និង​ជំហរ​របស់​យើង​ហើយ។ ផ្ទុយទៅវិញ ការបារម្ភ​របស់ខ្ញុំ​គឺមាន​មួយ​ចំនុច គឺ​ល្បឿន​នៃ​ការរៀនសូត្រ​របស់ខ្ញុំ​អំពី​ការសរសេរ និង​តាក់តែង​ច្បាប់។ ខ្ញុំ​មិន​ខ្លាច​នឹង​និយាយថា គ្មាន​អ្វីដែល​ចាប់ផ្តើម​ភ្លាម ហើយ​យើង​ចេះ​ទាំងអស់​នោះទេ។ វា​ទាមទារ​អោយ​យើង​រៀនសូត្រ។ ប៉ុន្តែ អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ គឺ​ការស្វែងយល់​អំពី​ប្រជារាស្ត្រ និង​បម្រើ​រាស្ត្រ»។ នេះ​ជាការ​ពន្យល់​អ្នកតំណាង​រាស្ត្រ​ហ៊ុន ម៉ា​នី។
មកដល់​ត្រង់ចំនុច​នេះ លោក​ម៉ា​នី​បាន​បញ្ជាក់ថា យ៉ាងហោចណាស់​ការងារ​ជា​ជំនួយការ​លោកនាយករ​ដ្ឋ​មន្ត្រី​បានក្លាយ​ជាដើម​ទុន ឬ​ជា​ពិសោធន៍​សម្រាប់​ការងារ​ជា​អ្នកតំណាងរាស្ត្រ​របស់លោក​នៅពេលនេះ។ ចំនុច​តួច​មួយ ប៉ុន្តែ​សំខាន់​នៅក្នុង​ការងារ​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​ការហ្វឹកហាត់​ការស្វែងយល់​ចិត្ត។ លោក​ហ៊ុន ម៉ា​នី​និយាយថា ការស្វែងយល់​ចិត្ត និង​តម្រូវការ​របស់​នាយក​រដ្ឋមន្ត្រី ក្នុង​ក្របខណ្ឌ​ភារកិច្ច​លោក​ជា​ជំនួយការ​កាលពី​ពេលមុន​នោះ មិន​ខុសពី​លោក​ជា​អ្នកតំណាងរាស្ត្រ​ដែល​ត្រូវ​ស្វែង​យល់ចិត្ត និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅពេលនេះ​ទេ។ លោក ហ៊ុន ម៉ា​នី​ពន្យល់​ដូច្នេះ​ថា៖«ក្នុងនាម​ជា​ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី ការងារ​មួយផ្នែក​របស់ខ្ញុំ គឺ​កាន់​ឯកសារ និង​កាន់កា​តាប​ជូន​គាត់។ យើង​ឃើញ​កាន់កា​តាប កាន់​ឯកសារ មិនមែនជា​ការងារ​ស្រួល​នោះទេ។ ជា​មូលដ្ឋាន​ការងារ​របស់ខ្ញុំ គឺ​ត្រូវ​ស្វែងយល់​ពី​គាត់ និង​តម្រូវការ​របស់គាត់។ មុន​ចូលដល់​កិច្ចចរចា​ទ្វេភាគី ឬ​កិច្ចប្រជុំ​អាស៊ាន​ផង​នោះ ថា​តើ​ឯកសារ​មួយណា ដែល​ត្រូវយក​ជូន​គាត់។ ដូច្នេះ​វា​ទាមទារ​អោយមាន​ភាព s’entendre គ្នា រវាង​ខ្ញុំ និង​គាត់ ទើប​ចេញ​ប្រសិទ្ធិភាព​ការងារ»។

ខ្ញុំ​មិនអាច​ប្រៀប​នឹង​ឪពុក​ខ្ញុំ​បានទេ
«មាន​ចំនុច​មួយ​ដែល​គាត់​បាន​បង្រៀន​ខ្ញុំ។ គាត់​ថា ថ្នាក់ដឹកនាំ ពិសេស​ក្នុង​ការចរចា​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ គឺ​ត្រូវ​ចេះ​ស្គាល់​ឱកាស ចេះ​ឆក់យក​ឱកាស ចេះ​ប្រើប្រាស់​ឱកាស ហើយ​និង​មាន​កម្រិត​ទី៤ទៀត គឺ​ត្រូវ​ចេះ​បង្កើត​ឱកាស​ទៀត។ ទាំងនេះ​គឺជា​អ្វីដែល​យើង​ត្រូវ​ប្រឹង​រៀនសូត្រ»។ លោក ​ហ៊ុន ម៉ា​នី​កំពុង​រម្លឹក​អំពី​ពាក្យ​ទូន្មាន​របស់លោក​ឪពុក​នាយករដ្ឋមន្ត្រី។

ដោយសារ​តែមាន​តួនាទី​ភារកិច្ច​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី លោក ​ហ៊ុន ម៉ា​នី​បាន​មានឱកាស​ច្រើនជាងកូនៗដទៃទៀត ដោយបាន​នៅក្បែរ​លោកឪពុក​ហ៊ុន សែន ហើយ​បាន​រៀនសូត្រ​ច្រើន​ពី​ឪពុក ពិសេស​នៅក្នុង​គ្រប់​កាលៈទេសៈ​តានតឹង​មួយចំនួន​ដែល​កម្ពុជា​បាន​ជួបប្រទះ​ក្នុង​រយៈ​ចុង​ក្រោយនេះ។ ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏ដូចជា​ទំនាស់​នយោបាយ​ក្រោយ​ការបោះឆ្នោត។ របៀប​ធ្វើ​ការងារ ការធ្វើ​សេចក្តីសម្រេចចិត្ត​ចំពោះ​បញ្ហា​ជាតិធំៗ ការទទួលខុសត្រូវ​ក្នុងនាម​អ្នកដឹកនាំ​ប្រទេសមួយ ទាំងនេះ​បានធ្វើអោយ​លោក ហ៊ុន ម៉ា​នី មិន​សរសើរ​លោកនាយ​ក​រដ្ឋមន្ត្រី​មិនបាន។ លោក ហ៊ុន ម៉ា​នី​បញ្ជាក់ថា លោក​មិនបាន​ប្រើ​អារម្មណ៍​ជា​កូន​សរសើរ​ឪពុក​ឡើយ ប៉ុន្តែ​ជា​អ្នកនយោបាយ​ម្នាក់​ដែល​សរសើរ​មេដឹកនាំ​របស់ខ្លួន។ ការដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺជា​វិញ្ញាសារ​មួយ​ថ្មី​ទៀត ដែល​អ្នកនយោបាយ​វ័យក្មេង​រូបនេះ​អះអាងថា​បានឃើញ​ផ្ទាល់​ភ្នែក នូវ​សមត្ថភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ «ខ្ញុំ​តែង​គិតថា តើ​អ្វី​ដែលជា​មូល​ហេតុដែល​ធ្វើអោយ​គាត់​រឹងមាំ ហើយ​អាចដឹកនាំ​កម្ពុជា​មកដល់​បច្ចុប្បន្ន​នេះ? មាន​មេរៀន​មួយ​ដែល​ខ្ញុំ​លួច​រៀនសូត្រ​ពី​គាត់។ ឆ្នាំ២០០៨ នៅពេល​មាន​បញ្ហា​តានតឹង​រឿង​ប្រាសាទព្រះវិហារ ថ្នាក់ដឹកនាំ​ទាំងអស់​បានមក​ជួបជុំ​គ្នា​នៅផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី។ ពេលនោះ​គាត់​បាន​វាយតម្លៃ​ចេញ សេណា​រី​យ៉ូ​ចំនួន៤ ។ ទី១ គឺ​ថែរក្សា​សភាពការណ៍​កុំអោយ​ផ្ទុះអាវុធ ដើម្បីអោយ​ពលរដ្ឋ​បន្តសកម្មភាព​ចិញ្ចឹមជីវិត។ ទី២ បើ​ផ្ទុះ​គឺ​ផ្ទុះ​នៅតែ​កន្លែង​តានតឹង។ ទី៣ គឺ​ផ្ទុះ​តាម​ព្រំដែន និង​ទី៤គឺជា​សង្គ្រាម​ទាំងស្រុង។ ត្រង់នេះ ចំនុច​មូលដ្ឋានគ្រឹះ​មួយ​ដែល​ខ្ញុំ​រៀន​ពី​គាត់ គឺ​ការវាយតម្លៃ​អោយបាន​ទូលំទូលាយ​នូវ​កត្តាខុសៗគ្នា។ ក្នុងស្ថានភាព​តានតឹង ក្នុងពេល​តែមួយ គាត់​បានគិត​អំពី​យុទ្ធសាស្ត្រ​ការពារជាតិ​ផង គិត​អំពី​កត្តាសេដ្ឋកិច្ច​ដែល​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​តាម​ព្រំដែន​ផង និង​គិត​អំពី​ផ្លូវច្បាប់ និង​ការទូត​ដើម្បី​រក​ដំណោះស្រាយ​នៃ​ជម្លោះ​ផង។ ចំពោះ​ខ្ញុំ ខ្ញុំ​មិនអាច​ប្រៀបធៀប​នឹង​គាត់​បានទេ។ ចំពោះ​គាត់ និយាយ​អោយ​សាមញ្ញ បើ​មិន​រឹងមាំ មិន​ឈា្ល​សវៃ គឺ​ស្លាប់…»។

ដោះស្រាយ​ទំនាស់​នយោបាយ អាស្រ័យ​លើ​ឆន្ទៈ មិន​សំខាន់​លើ​បុគ្គល​ឡើយ
៩ខែក្រោយ ថ្ងៃ​បោះឆ្នោត​នីតិកាល​ទី៥ ទំនាស់​នយោបាយ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ដាច់ស្រឡះ​នោះទេ។ តំណាងរាស្ត្រ៥៥រូប​របស់​គណបក្សប្រឆាំង​មិនទាន់បាន​ចូលក្នុង​រដ្ឋសភា​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា​បាន​ស្រែក​ទាមទារ​អោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញពី​អំណាច។ តើ​ទំនាស់​នយោបាយ​បែបនេះ ប្រសិនបើ​តួអង្គ​នយោបាយ​ជា​យុវជន​ជំនាន់​ក្រោយ​វិញ តើ​ពួកគេ​អាច​ដោះស្រាយ​យ៉ាងណា និង​បាន​លឿន​ជាង​នេះដែរ​ឬទេ? ចំពោះ​សំណួរ​នេះ លោក ហ៊ុន ម៉ា​នី ឆ្លើយថា វា​មិន​អាស្រ័យ​លើ​បុគ្គល​ចាស់ ឬ​ក្មេង​ឡើយ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នកនយោបាយ​ថា ចង់​ដោះស្រាយ ឬ​មិន​ដោះស្រាយ។ អ្នកនយោបាយ​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បាន​ស្តីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនបាន​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​ទំនាស់​នយោបាយ​នោះទេ។ «គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ឆន្ទៈ​រក​ដំណោះស្រាយ​ឡើយ។ ដូច្នេះ ជំនាន់​នេះ ជំនាន់​ខ្ញុំ ឬ​កូន​ខ្ញុំ​ទៀត​ក៏ដោយ គឺ​គ្មាន​ដោះស្រាយ​អ្វី​ចេញ​ទេ ព្រោះ​គ្មាន​ឆន្ទៈ​រក​ដំណោះស្រាយ។ ខ្ញុំ​មិន​គិតថា វា​ផ្អែកលើ​កត្តា​មនុស្ស​ចាស់ ក្មេង ឬ​បុគ្គល​ណា​នោះទេ។ យើង​ត្រូវមាន​ឆន្ទៈ​ដោះស្រាយ​ជូន​ប្រជាជន និង​ប្រទេសជាតិ»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​ហ៊ុន ម៉ា​នី​ទៅលើ​បញ្ហានយោបាយ​បច្ចុប្បន្ន។ លោក​ហ៊ុន ម៉ា​នី​ពន្យល់ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ត្រូវ​គិត​អំពី​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព លើស​ការចរចា។



ពេលទំនេរ​ពី​ការងារ

កាតព្វកិច្ច​ជា​តំណាងរាស្ត្រ តួនាទី​ជា​ប្រធាន​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ស្វាមី​ជា​ឪពុក​ទៀត​នោះ តើ​លោក​ហ៊ុន ម៉ា​នី​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ដែរឬទេ? ជា​សំណាងល្អ សម្រាប់​លោក​ហ៊ុន ម៉ា​នី  ពេលវេលា​ដែល​នៅ​ជាមួយ​ក្រុមគ្រួសារ ក៏​ជាការ​កំសាន្ត​មួយ​ដែរ។ ហើយ​រឹតតែ​សប្បាយ​ទៀត​នោះ​គឺ​ការជួបជុំ​គ្រួសារ​ប្រចាំ​សប្តាហ៍។ កូន​ទី៤របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រាប់​អោយដឹងថា រៀងរាល់​សប្តាហ៍ បងប្អូន​ប្រុស​ស្រី​របស់លោក​ត្រូវ​ឆ្លៀត​នាំកូនៗរបស់​ពួកគេ​ទៅ​សម្រាក​លំហែកាយ​នៅផ្ទះ​របស់​ឪពុកម្តាយ។ នៅពេលនោះ​ហើយ​ដែល​ផ្ទះ​របស់លោក​នាយករដ្ឋមន្ត្រី​ត្រូវ​អ៊ូរ​អរ​ភ្លាម​ជាមួយ​មនុស្ស​ជិត៣០នាក់ ដែលជា​កូនប្រុស​ស្រី​បង្កើត កូនប្រសារ​និងចៅៗ ។ ក្រៅពី​ពេលវេលា​គ្រួសារ អ្នកនយោបាយ​វ័យក្មេង​ហ៊ុន ម៉ា​នី​ក៏​ជា​អ្នកលេង​កីឡា​ដែរ។ អ្នក​ស្រឡាញ់​កីឡា​រូបនេះ​សារភាពថា ខ្លួន​មិន​ពូកែ​ខ្លាំង​លើ​វិញ្ញាសា​កីឡា​ណាមួយ​ឡើយ ប៉ុន្តែ​លោក​អាច​លេង​បាន​ទាំងអស់​ដូចជា តេ​នី​ស ហែល​ទឹក រត់ ទាត់​បាល់ បាល់ទះ និង​វាយ​កូនឃ្លី​លើ​តុ​ជាដើម។

កីឡា​គ្រាន់តែ​ជា​សកម្មភាព​មួយ​ដែល​ធ្វើអោយ​លោក​ហ៊ុន ម៉ា​នី​អាច​កាត់បន្ថយ​ភាព​តប់ប្រមល់ និង​អារម្មណ៍​ស្មុគស្មាញ​ដែល​បង្កឡើង​ដោយ​ការងារ​នយោបាយ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ា​នី អាច​មិន​ពូកែ​ក្នុង​វិញ្ញាសារ​កីឡា​ណាមួយ​ក៏បាន ប៉ុន្តែ​ក្នុង​វិញ្ញ​សា​នយោបាយ លោក​ហ៊ុន ម៉ា​នី​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការតាមដាន​របស់​អ្នកបោះឆ្នោត​រួចហើយ។ ឈ្មោះថា​ជា​កូនលោក​ហ៊ុន សែន​ដែលជា​នាយករដ្ឋមន្ត្រីរ​បស់​កម្ពុជា​តាំងពី​ឆ្នាំ១៩៨៥មកទៀត​នោះ លោក ហ៊ុន ម៉ា​នី ត្រូវមានការ​​ដ្ឋា​ន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ក្លាយជា​អ្នកនយោបាយ​ល្បីល្បាញ​មួយរូប​នោះ…៕


© រក្សាសិទ្ធិដោយ thmeythmey.com