កីឡាជាតិ
បទវិភាគ
ពិន័យកីឡាករ៣នាក់បញ្ជាក់ថាជម្រើសជាតិកម្ពុជាធ្លាប់មានប្រវត្តិលក់គ្រាប់បាល់? លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ពាក្យចចាមអារ៉ាមពីរឿងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលក់គ្រាប់បាល់គ្រប់ពេលប្រកួតផ្លូវការលើឆាកអន្តរជាតិហាក់បានលាតត្រដាងជាការពិតក្រោយពេលលោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យកីឡាករ ៣ នាក់មិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់ជាតិចំនួន ៦ ខែ និង សកម្មភាពបាល់ទាត់អន្តរជាតិ ៦ ខែ កាលពីថ្ងៃទី ១៣ ឧសភា ២០១៤ ។
កីឡាករដែលជាប់ពិន័យតាមរយៈលិខិតលេខ ២១៩/១៤ សសរ/ស.ប.ក របស់សហព័ន្ធកីឡាបាល់ទាត់រួមមាន ខ្សែប្រយុទ្ធ កែវ សុខង៉ន នៅក្លិបចម្ការកៅស៊ូបឹងកេត, ខ្សែការពារ សុខ រិទ្ធី មកពីក្លិបណាហ្គាខប និង ខ្សែប្រយុទ្ធ ទុំ សារ៉ាយ អតីតកីឡាករខេត្តស្វាយរៀង។
សហ័ពន្ធកីឡាបាល់ទាត់តាមរយៈលទ្ធផលនៃការស៊ើបអង្កេតរបស់គណៈកម្មការស៊ើបអង្កេត និង បញ្ហាមិនប្រក្រតីរបស់ក្រុមជម្រើសជាតិ ដែលបង្កើតឡើងក្នុងពេលឃាត់ខ្លួនកីឡាករ ៤ នាក់ និង អ្នកចាត់ការទូទៅម្នាក់ មុនទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៣ កន្លងទៅ ត្រូវចំណាយពេលជិត ៦ ខែទើបស្រាវជ្រាវរកមុខអ្នកណាខុស អ្នកណាត្រូវឃើញ។
រំលឹករឿងកាលនៅស៊ីហ្គេមឆ្នាំ ២០១៣ បន្តិច ក្រុម U23 កម្ពុជាមានតែ ១៦ នាក់ប៉ុណ្ណោះមានសិទ្ធិធ្វើដំណើរទៅប្រកួត ខណៈកីឡាករ ៤ នាក់រួមមាន កែវ សុខង៉ន, សុខ រិទ្ធី, ទុំ សារ៉ាយ និង សាយ ពិសិដ្ឋ រួមទាំងលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ត្រូវឃាត់ទុកក្នុងប្រទេស។ ប៉ុន្មានថ្ងៃក្រោយការឃាត់ខ្លួនអ្នកទាំង ៥ ស្រាប់តែកីឡាករ ទុំ សារ៉ាយ ប្រកាសលារឈប់ពីវិស័យបាល់ទាត់ ខណៈអ្នកផ្សេងបិទ ទូរសព្ទមិនអាចទាក់ទងបាន ឬ ទូរសព្ទចូលគ្មានអ្នកទទួល។
គ្មានអ្នកណាម្នាក់ក្នុងវិស័យបាល់ទាត់ រួមទាំងអ្នកពាក់ព័ន្ធទាំង ៥ ហ៊ានឆ្លើយតបនៅមុខអ្នកសារព័ត៌មានថាខ្លួនខុសអ្វីនោះទេ មានតែលោក សៅ សុខា ប៉ុណ្ណោះអះអាងប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍នាគ្រានោះថា៖ «បើមិនមានរឿងទេនោះ គឺគេមិនដកពួកគេចេញនោះដែរ ហើយរឿងនោះ វាអាចប៉ះពាល់ដល់កិត្តិយសប្រទេសជាតិរបស់យើង»។
គេមិនដឹងថារឿងប៉ះពាល់កត្តិយសជាតិ ដែលលោកប្រធានសហព័ន្ធបញ្ជាក់នោះគឺចាប់ពីពេលណាមកនោះទេ ប៉ុន្ដែគេចាំបានថា មុនចេញទៅស៊ីហ្គេមឆ្នាំ ២០១៣ ក្រុមកម្ពុជា ប្រកួតនៅពាន BIDC Cup 2013 ស្មើ ម៉ាឡេស៊ី ២ ទល់ ២, ស្មើ ឡាវ ២ ទល់ ២ តែចាញ់ថៃ ២ ទល់ ១។ ក្រោយមកទៀតកម្ពុជាប្រកួតមិត្តភាពស្មើ ១ ទល់ ១ ជាមួយក្លិប Thanh Pho Ho Chi Minh របស់វៀតណាម ហើយបន្តរចាញ់ប្រទេសហ្គាម (Guam) ក្នុងទឹកដី ២ ទល់ ០ និង ចាញ់ក្រុមសិង្ហបុរី នៅក្រៅដី ទាំង២ ជើង ក្នុងលទ្ធផល ១ ទល់ ០ ដូចគ្នា។
កាន់តែច្បាស់មែនទែនហើយគឺថា អ្នកជាប់ចោទពិតជាធ្លាប់ប្រព្រឹត្តិអំពើរក្បត់ឧត្តមគតិមែន បើគ្មានរឿងនេះកើតឡើងប្រធានសហព័ន្ធក៏មិនពិន័យនោះដែរ។ ប៉ុន្ដែសំនួរសំខាន់បំផុតធំបំផុតដែលគ្មានចម្លើយបញ្ជាក់ក្នុងលិខិតសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលពិន័យលើកីឡាករទាំង ៣ នាក់នោះគឺ ពួកគេខុសរឿងអ្វី។
អ្វីដែលនៅតែជាចម្ងល់ក្នុងចំណោមអ្នកគាំទ្រកីឡាបាល់ទាត់ជាតិនោះគឺថា តើពឹងលើសមត្ថភាពកីឡាករជាប់ចោទទាំង ៣ នាក់អាចប្រព្រឹត្តិអំពើរពុំគប្បីនេះបានដែរឬទេ ដោយគ្មានអ្នកខ្លាំង ឬ អ្នកពាក់ព័ន្ធក្នុងពិភពបាល់ទាត់រត់ការនៅពីក្រោយខ្នង? ចុះចំណែកអ្នក ២ នាក់ផ្សេងទៀត ហេតុអ្វីរួចខ្លួន?
ក្រោយទទួលបានលិខិតកាលពីថ្ងៃទី ១៦ ឧសភា ម្សិលមិញ លោក បែ មករា អ្នកចាត់ការទូទៅក្រុមចម្ការកៅស៊ូបឹងកេត ដែលជាក្លិបរបស់កីឡាករ កែវ សុខង៉ន ប្រកបអាជីពបានសរសេរនៅលើគណនី Facebook របស់ខ្លួនថា៖ «ធ្វើបានអ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង, អ្នកតូចតាចចាំតែខុស»។
ចំណែកលោក Hans ប្រធានផ្នែកទីផ្សារប្រចាំសណ្ឋាគារណាហ្គាវើល និង ជាគ្រប់គ្រងម្នាក់របស់ក្លិបណាហ្គា បានឆ្លើយតបនៅក្នុង Facebook នៃក្រុម Khmer Sport Fans ថា សហព័ន្ធធ្វើបែបនេះមិនយុត្តិធម៌សម្រាប់ក្រុមណាហ្គាខប និង បឹងកេត ព្រោះគួរតែពិន័យកីឡាករនៅមុនពេលលីក ចាប់ផ្ដើម ឬ ពេលចប់លីក តែបែរជាមកធ្វើរឿងនេះនៅពាក់កណ្ដាលរដូវកាលទៅវិញ។
ជារួមប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនរកមុខជននៅពីក្រោយខ្នងក្នុងសំណុំរឿងរសើបនៅវិស័យបាល់ទាត់នេះទេ ឬ គ្មានដំណោះស្រាយសម្រាប់ក្លិបរងគ្រោះ នោះប្រហែលជាគ្មានក្លិបណាហ៊ានបញ្ជូនកីឡាករឱ្យចូលក្នុងជម្រើសជាតិនោះទេនៅថ្ងៃខាងមុខ ព្រោះគេខ្លាចកីឡាកររបស់គេ ជាប់ដានរឿងអាស្រូវទាំងនេះ ហើយអំណាចរបស់សហព័ន្ធនឹងត្រូវសាបបន្តិចម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com