កីឡាជាតិ
ជាតិ
ភ្នំពេញ​​ក្រោ​ន​​នឹង​​អប​អរ​​ការ​ទទួល​ពាន​​រង្វាន់​​ក្រប​ខណ្ឌ​​កំពូល​​ជា​​លើក​​ទី​៥​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​
25, Jul 2014 , 7:47 pm        
រូបភាព
នា​ល្ងាច​ថ្ងៃអាទិត្យ​ខាងមុខនេះ​ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​អបអរ​ការទទួលបាន​ពានរង្វាន់​ក្របខណ្ឌ​កំពូល​របស់​កម្ពុជា​ជា​លើក​ទី៥ ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ចម្ការកៅស៊ូ​បឹងកេត​សម្រាប់​ការប្រកួត​បិទ​រដូវ​កាល​ឆ្នាំ២០១៤ ។ បើទោះបី​ជាមាន​លទ្ធផល​បែបណាក៏ដោយ​ភ្នំពេញ​ក្រោ​ន​នៅតែ​ក្រុម​ដែល​ត្រូវបាន​តំណែង​ជើងឯក​រីឯ​បឹងកេត​ត្រូវ​ទទួល​តំណែង​លេខ​ពីរ​រយៈពេល២ឆ្នាំជាប់ៗគ្នា។



នៅ​ចុង​សប្តាហ៍​នេះ ក្រុមកីឡា​បាល់ទាត់​ទាំង១២នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ឈានដល់​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​ប្រចាំ​រដូវ​កាល ប៉ុន្តែ​តារាង​ចំណាត់ថ្នាក់​នឹងមាន​ការប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ១ លេខ២ និង​ក្រុម​ដែល​ត្រូវ​កាត់ចេញ ដឹង​វាសនា​របស់ខ្លួន​រួចទៅហើយ។

ការសម្រេច​លុបចោល​រូបមន្ត​ប្រកួត​ខ្វែង​សម្រាប់៤ក្រុម​កំពូល​ដែល​ទទួលបាន​ពិន្ទុ​លើសគេ​ប្រចាំ​រដូវ​កាល បាន​នាំ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៤ ចាប់តាំងពី​ថ្ងៃទី១២ ខែកក្កដា មកម្ល៉េះ ពោលគឺ​បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ១-០ លើ​ណាហ្គា​ខ​ប។

ជាមួយនឹង​ការទទួលបាន៥១ពិន្ទុ​ក្នុង​ដៃ ភ្នំពេញ​ក្រោ​ន​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​ស លោក Sam Schweingruber កំពុង​ត្រៀមខ្លួន​លើក​ពាន​ប្រចាំ​រដូវ​កាល​នេះ បើទោះបីជា​ការប្រកួតរ​បស់​ពួកគេ​ជាមួយ​ចម្ការកៅស៊ូ​បឹងកេត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ខាងមុខ​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ។ វា​ជាការ​ទទួល​តំណែង​ជើងឯក​ក្នុង​ក្របខណ្ឌ​កំពូល​ជា​លើក​ទី៥របស់​ភ្នំពេញ​ក្រោ​ន បើ​គិត​ចាប់តាំងពី​ក្លិប​ដ៏​ជោគជ័យ​មួយ​នេះ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ២០០១ មក។ ពានរង្វាន់​ជើងឯក​ដែល​ភ្នំពេញ​ក្រោ​ន​ធ្លាប់​ទទួលបាន​កន្លងមក​រួមមាន ក្នុង​ឆ្នាំ២០០២ ឆ្នាំ២០០៨ ឆ្នាំ២០១០ និង​ឆ្នាំ២០១១ ហើយ​កាលពី​ឆ្នាំ២០០៥ និង​ឆ្នាំ២០០៦ ពួកគេ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ។

ក្រុម​ចម្ការកៅស៊ូ​បឹងកេត​ដែល​តាម​ពីក្រោយ​ភ្នំពេញ​ក្រោ​ន​ចំនួន៤ពិន្ទុ​ត្រូវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ​នា​រយៈពេល២រដូវ​កាលជាប់ៗគ្នា បើទោះបីជា​លទ្ធផល​នៃ​ការប្រកួត​បែបណាក៏ដោយ។ វា​ជាការ​ខកចិត្ត​ពីរលើកជាប់ៗគ្នា​ផងដែរ​សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ បន្ទាប់ពី​ពួកគេ​ដណ្តើមបាន​តំណែង​ជើងឯក​លើកដំបូង​កាលពី​ឆ្នាំ២០១២ ។

សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​បី​គឺ​នៅ​មានការ​ប្រទាញប្រទង់​គ្នា​នៅឡើយ​រវាង​ក្រុម​ណាហ្គា​ខ​ប​និង​ស្វាយរៀង។ ស្វាយរៀង​ដែលជា​ជើងឯក​ឆ្នាំ​ចាស់​ត្រូវការ​ឈ្នះ​ជាដាច់ខាត​នា​ជំនួប​ជាមួយ​ក្រសួង​ការ ពារ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​ណាហ្គា​ខ​ប។ ប៉ុន្តែ​ជាមួយនឹង​ការ​មាន១ពិន្ទុ​លើស​ស្វាយ រៀង នោះ​ក្រុម​ណាហ្គា​ខ​ប​អាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បីយ៉ាង​ងាយស្រួល ដោយ​ពួកគេ​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​Albirex Niigata Phnom Penh ដែលជា​ក្រុម​ត្រូវ​ធ្លាក់​ទៅលេង​វគ្គ​ខ្វែង​ដើម្បី​រក្សាខ្លួន​នៅក្នុង​ក្របខណ្ឌ​កំពូល។

Albirex Niigata Phnom Penh ដែលជា​ក្រុម​បង្កើតឡើង​ដោយ​ជនជាតិ​ជប៉ុន​ហើយ​ទទួលបាន​សិទ្ធិ​ស្វ័យប្រវត្តិ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដើម្បី​លេង​ក្នុង​ក្របខណ្ឌ​កំពូល​នោះ​អម​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ​ត្រូវ​រង់ចាំ​អ៊ុត​មើល​ក្រុម​ដែល​ឡើង​ពី​ក្របខណ្ឌ​ក១របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។

រូបមន្ត​ដែល​បាន​អនុវត្ត​កាលពីរ​ដួ​វ​កាល​មុន​ក្រុម​ពីរ​ដែល​ទទួលបាន​ពិន្ទុ​តិចជាងគេ​ត្រូវ​ប្រកួត​ខ្វែង​ជាមួយ​ពីរ​ក្រុម​ផ្សេងទៀត​ដែលជា​ម្ចាស់​ជើងឯក និង​ជើង​រង​នៃ​ក្របខណ្ឌ​ក១របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ការប្រកួត​ខ្វែង​នេះ​គឺ​ត្រូវ​ស្វែងរក​ក្រុម​ដែលមាន​សមត្ថភាព​ពិត​ប្រក​ដ​ចំនួន​ពីរ​ក្រុម​ដើម្បី​បង្គ្រប់​នៅក្នុង​លី​ក​ដែល​បច្ចុប្បន្ន​មាន១២ក្រុម។

គិរីវង់​សុខ​សែន​ជ័យ​របស់​ខេត្តតាកែវ​ប្រឈម​នឹង​ការ​ខ្ទាត​ចេញពី​ក្របខណ្ឌ​កំពូល​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៧មក​ខណៈ​ក្រៅពី​ភ្នំពេញ​ក្រោ​ន​បឹងកេត​ណាហ្គា​ខ​ប​និង​ស្វាយរៀង​ក្រុម​ដែល​អាច​រក្សា​ឈ្មោះ​បាន​នៅ​រដូវ​កាល​ក្រោយ​រួមមាន​ភ្នំពេញ​ត្រាយ​អាស៊ី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បៀ​ល​ប្រាយ​យូ​ណាយ​ធូ​ត​អាស៊ី​អឺរ៉ុប​ក្រសួងការពារជាតិ​និង​វេ​ស្ទើ​ន។

ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​របស់​ស្វាយរៀង DzarmaBata រំពឹង​ទទួល​តំណែង​ស្បែកជើង​មាស​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២២គ្រាប់ ខណៈ​គូប្រជែង​សំខាន់​របស់គេ គឺ Bisan George នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែលជា​មិត្ត​រួម​ជាតិ​នី​ហ្សេ​រី​យ៉ា​ដូចគ្នា រកបាន​ចំនួន១៩គ្រាប់។

កាលពី​រដូវ​កាល​មុន ក្រៅពី​ឈ្នះ​ពានរង្វាន់​ជើងឯក ស្វាយរៀង​ដណ្តើមបាន​ទាំង​រង្វាន់ គ្រូបង្វឹក​ឆ្នើម កីឡាករ​ឆ្នើម និង​អ្នកចាំទី​ឆ្នើម ដោយ​នៅពេលនោះ ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ដណ្តើមបាន​ស្បែកជើង​មាស និង​តួនាទី​ជា​កី ឡាករ​ឆ្នើម​តាមរយៈ​ការជួយ​ឲ្យ​ស្វាយរៀង​លើក​ពាន​ជា​លើកដំបូង មុនពេល​គេ​ផ្ទេរ​ទៅកាន់​ក្លិប​ចម្ការកៅស៊ូ​បឹង កេ​ត។
សម្រាប់​ពានរង្វាន់​ប្រចាំ​រដូវ​កាល ក្រុម​ជើងឯក​ត្រូវ​ទទួលបាន​ពាន និង​មេដាយមាស​អមដោយ​ទឹកប្រាក់៦០លាន​រៀល ក្រុម​លេខ​ពីរបាន​មេដាយប្រាក់ អមដោយ​ប្រាក់រង្វាន់៤៦លាន​រៀល ក្រុម​លេខ​បី​បាន​មេដាយសំរិទ្ធ និង​ប្រាក់រង្វាន់៣៦លាន​រៀល ខណៈ​ក្រុម​លេខ​បួន​ទទួលបាន៣០លាន​រៀល។

ក្នុងនាម​ជា​ក្រុម​ជើងឯក​នា​រដូវ​កាល​នេះ គេ​រំពឹងថា​ភ្នំពេញ​ក្រោ​ន​នឹង​មានឱកាស​បង្ហាញខ្លួន​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ក្របខណ្ឌ AFC Cup ដែលជា​រូបមន្ត​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី និង​ដែល​ត្រូវដាក់​ជំនួប​ពានរង្វាន់ AFC President’s Cup។ បន្ថែម​ពីលើ​នេះ ម្ចាស់​ជើងឯក៥ជំនាន់​នៅ​កម្ពុ​ជាមួយនេះ ក៏​នឹងត្រូវ​បង្ហាញខ្លួន​ផងដែរ​នៅក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា ចុងខែ​តុលា ដោយមាន​ការចូលរួម​ផងដែរ​ពី​ក្រុម​ជើងឯក​នៅ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​វៀតណាមផ្ទាល់៕



© រក្សាសិទ្ធិដោយ thmeythmey.com