កីឡាជាតិ
ជុំ​ផ្ដាច់ព្រ័ត្រ​បាល់ទះ Leo Cup 2014 ចាប់ផ្ដើម​ថ្ងៃនេះ​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ
02, Sep 2014 , 10:49 am        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទះ National Volleyball Leo Cup 2014 ដែល​សល់​ក្រុម​ចំនួន ១៦ ក្រុម​ចុះ​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី ២ កញ្ញា នេះ​តទៅ​ហើយ នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។
តាមពិត​ក្រុម​ទាំង ១៦ មាន ៦ ក្រុម​ជា​ជើង​ខ្លាំង​ឆ្នាំ​ចាស់​មាន​កៅអីអង្គុយ​ចាំ​មុន​រួមមាន ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ក្រសួងមហាផ្ទៃ, ក្រុម​សាលាខេត្ត​កំពង់ចាម, ក្រុម​បញ្ជាក​រដ្ឋា​ន​អង្គរក្ស, ក្រុម​កងពលធំ​លេខ៣ ក្រុម នគរបាល​ខេត្តបាត់ដំបង និង ក្រុម​ខេត្ត​ព្រះសីហនុ។



ចំណែក  ១០ ក្រុម​ផ្សេងទៀត​ជ្រើស​ចេញពី​ការប្រកួតប្រជែង​នៅ​មណ្ឌល៥ សំខាន់ៗ រួមមាន ភ្នំពេញ, ព្រះសីហនុ, បាត់ដំបង, កំពង់ចាម​និង សៀមរាប គិត​ចាប់ពី​ចុងខែ មីនា កន្លងមក។ ក្រុម​ទាំង ១០មាន៖
១) ភ្នំពេញ៖សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់​ព្រែក​ស្បូវ
២) ព្រះសីហនុ៖វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង១និង ក្រុម​វិទ្យាល័យ​ត្រពាំង​ល្ពៅ
៣) កំពង់ចាម៖ស្នងការ​នគរបាល​ខេត្តកំពង់ចាម​និង ក្រុម​ខេត្ត​ត្បូងឃ្មុំ
៤) បាត់ដំបង៖សហភាព​សហព័ន្ធ​យុវជន​ខេត្តបាត់ដំបង​និង ក្រុមយុវជន​ស្រុក​សំពៅ​លូន
៥) សៀមរាប៖មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​និង ក្រុម​កងពលតូច​អន្តរាគមន៍​លេខ៧ខេត្តព្រះវិហារ

វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​បែងចែក​ក្រុម​ទាំង១៦ ទៅជា ៤ ពូ​ល​ផ្សេងគ្នា​ហើយ​ក្រុម​ខ្លាំង​លេខ ១និង លេខ ២ តាម​ពូ​លនីមួយៗត្រូវ​ប្រកួត​ក្របខ័ណ្ឌ A ខណៈ​ក្រុម​លេខ៣ និង លេខ ៤  ប្រកួត​នៅ​ក្របខ័ណ្ឌ B។ ចំណែកឯ​រង្វាន់​លើកទឹកចិត្ត​នឹង​បែងចែក​ទៅតាម​ក្របខ័ណ្ឌនីមួយ។

នេះ​ជា​លើក​ទី៣ ហើយ​ដែល​បង្កើត​កម្មវិធី​បាល់ទះ​ពានរង្វាន់ Leo Cup នេះ​ឡើង ខណៈ ២ ឆ្នាំ​ដំបូង​ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ ដណ្ដើមបាន ២ ឆ្នាំ ជាប់ៗ ពោលគឺ​នៅ​ឆ្នាំ ២០១២ បាន​យកឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​លទ្ធផល ៣ សិត​ទល់០ ហើយ​នៅ​ឆ្នាំ ២០១៣ បាន​យកឈ្នះ ក្រុម​សាលាខេត្ត​កំពង់ចាម​បាន ៣សិត​ទល់២សិត​ដោយ​ពិន្ទុ៕



© រក្សាសិទ្ធិដោយ thmeythmey.com