ជាតិ
បទវិភាគ
សង្គមជាតិ
ទំនាស់ផលប្រយោជន៍រវាងអ្នកធំ និងអ្នកតូច រូបភាព៖ Google
× ភ្នំពេញ៖ ជាទូទៅយើងសង្កេតឃើញថា នៅក្នុងស្ថាប័នរដ្ឋ មន្ត្រីធំៗមួយចំនួនទទួលបានផលប្រយោជន៍ច្រើនដែលអាចឱ្យពួកគេរស់នៅបានស្រួលនិងអាចមានជីវភាពធូធារទៀតផង។ ឯមន្ត្រីតូចៗវិញ ផលប្រយោជន៍ដែលពួកគេទទួលបានស្ទើរតែមិនអាចទ្រទ្រង់ជីវភាពបានឡើយ។
បើយោងតាមឋានានុក្រម មន្ត្រីធំៗដែលជាអ្នកដឹកនាំនិងអ្នកគ្រប់គ្រងស្ថាប័ន មានប្រាក់ខែខ្ពស់ជាងមន្ត្រីតូចតាច។ ប៉ុន្តែ ចំនួនប្រាក់ដែលលើសនោះហាក់ដូចជាមិនច្រើនទេប៉ុន្មានទេ ប្រសិនបើយើងពិនិត្យមើលក្នុងងតារាងប្រាក់ខែ សូម្បីតែថ្នាក់នាយករដ្ឋមន្ត្រី ប្រាក់ខែមានត្រឹមតែប្រមាណបួនលានរៀលប៉ុណ្ណោះក្នុងមួយខែ។ ដូច្នេះ ចំនួនប្រាក់លើសនេះពិតជាមិនអាចធ្វើឱ្យអ្នកធំទាំងនោះ មានជីវភាពធូធារឡើយ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកធំមានជីវភាពធូធារ?
ជាទូទៅ មហាជនមើលឃើញថា មានកត្តារួមផ្សំជាច្រើន ដូចជា ពួកគេមានរថយន្តរបស់រដ្ឋនិងចាក់ប្រេងរដ្ឋសម្រាប់ជិះមកធ្វើការដោយមិនបាច់ចំណាយទ្រព្យផ្ទាល់ខ្លួន ចំណែកឯមន្ត្រីតូចតាចវិញ ត្រូវប្រើមធ្យោបាយផ្ទាល់និងចំណាយថ្លៃប្រេងដោយខ្លួនឯង។
ក្រៅពីនេះ អ្នកធំមានគម្រោងជាច្រើន ដែលទទួលបានប្រាក់សន្ធឹកសន្ធប់ ក្នុងនោះមានទាំងប្រាក់ស្របច្បាប់ដែលបានពីគម្រោង និងប្រាក់កិបកេងពីគម្រោងផងដែរ។ ក្នុងករណីខ្លះ អ្នកធំគ្រាន់តែមានឈ្មោះក្នុងគម្រោងមិនបាច់ធ្វើការក៏ទទួលបានលុយដែរ។ ចំណែកឯអ្នកតូចវិញ មិនសូវមានគម្រោងទេ ប្រសិនបើមានគម្រោងវិញក៏ទទួលបានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ។
លើសពីនេះទៀត នៅពេលចុះបេសកកម្មវិញ អ្នកធំដែលមានប្រាក់ខែច្រើនស្រាប់ ត្រូវទទួលបានលុយបេសកកម្មច្រើនបន្ថែមទៀត។ ចំណែកមន្ត្រីតូចតាចវិញ ដែលមានប្រាក់ខែតិចស្រាប់ហើយនោះ ពេលចុះបេសកកម្មក៏នៅតែទទួលបានលុយបេសកកម្មតិចបន្ថែមទៀត។
ចំណុចមួយទៀតដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺថា អ្នកដឹកនាំនិងអ្នកគ្រប់គ្រងស្ថាប័នរដ្ឋមួយចំនួនត្រូវគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយក្នុងការកិបកេងចំណូលចំណាយរបស់ស្ថាប័ន និង ក្នុងការប្រើតួនាទីនិងអំណាចរបស់ស្ថាប័នដើម្បីស្វែងរកផលប្រយោជន៍ផ្សេងៗដូចជា ក្នុងការតម្លើងឋានៈ ការដោះស្រាយរឿងក្ដី ការធ្វើជាខ្នងបង្អែកឱ្យអ្នករកស៊ីទូទៅឬសាច់ញាតិរបស់ខ្លួន និង ការងារពាក់ព័ន្ធផ្សេងៗទៀត។
ឆ្លងតាមអ្វីដែលបានរៀបរាប់ខាងលើនេះ យើងអាចសន្និដ្ឋានថា អ្នកធំមួយដែលកាន់អំណាចបានកាន់តែយូរ ធ្វើឱ្យពួកគេកាន់តែធូរធាមិនចាញ់អ្នករកស៊ីធំៗប៉ុន្មានទេ។ យើងអាចនិយាយបានថា មុខតំណែងរបស់ពួកគេកាន់តែធំឱកាសទទួលប្រាក់កាន់តែច្រើន ម្ល៉ោះហើយទើបមហាជនបានមើលឃើញថា ក្រៅពីការមានរថយន្តរដ្ឋប្រើប្រាស់ អ្នកធំនៅមានរថយន្តទំនើបៗជាច្រើនគ្រឿងទៀត រួមជាមួយផ្ទះវីឡាស្កឹមស្កៃមានរបងមិនចាញ់វាំងស្ដេច មានរបស់ប្រើប្រាស់ដេលមានតម្លៃខ្ពស់ មានសាលរៀនដែលមានតម្លៃខ្ពស់នៅក្នុងស្រុកឬក្រៅប្រទេសឱ្យកូនរបស់ពួកគេរៀន និង ពេលពួកគេមានជំងឺ តែងតែទៅរកសេវាព្យាបាលនៅបរទេស ជាដើម។
ទិដ្ឋភាពបែបនេះហើយ ដែលត្រូវបានអ្នកវិភាគខ្លះលើកឡើងថា ជាដើមចមដែលធ្វើឱ្យអ្នកធំមិនសូវគិតគូរអំពីកំណែទ្រង់សេវាអប់រំ និងសុខាភិបាលនាពេលកន្លងមក ពីព្រោះអ្នកធំមានសេវាទាំងនេះនៅក្រៅប្រទេស។ លើសពីនេះទៀត នៅពេលដែលអ្នកធំមួយចំនួនប្រព្រឹត្តអំពើអាក្រក់វិញ ក៏ពួកគេស្ទើរតែមិនដែលទទួលរងការចោទប្រកាន់ខាងផ្លូវច្បាប់ដែរ។
ប្រព័ន្ធគ្រប់គ្រងនិងរបៀបបែងចែកផលប្រយោជន៍បែបនេះ បានធ្វើឱ្យអ្នកធំកាន់តែមានឡើងៗ និងរស់នៅកាន់តែស្រួលឡើង។ ចំណែកអ្នកតូចវិញ កាន់តែក្រីក្រទៅៗ និង ការរស់នៅកាន់តែលំបាកទៅ។ សភាពបែបនេះ បានរុញច្រានឱ្យអ្នកធំនិងអ្នកតូចកាន់តែឃ្លាតឆ្ងាយពីគ្នា ខ្វះការយោគយល់គ្នា លែងស្គាល់សុខទុក្ខគ្នា មើលមុខគ្នាលែងចំ ដែលពួកគេញញឹមដាក់គ្នាដោយមិនផុសចេញពីបេះដូង។ ក្នុងស្ថានភាពបែបនេះ សុខដុមនីយកម្មក្នុងស្ថាប័នពិតជាមិនអាចកើតមានបានឡើយ។
ហេតុនេះ កំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ត្រូវតែធ្វើយ៉ាងណាឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់អាចរស់នៅមានជីវភាពសមស្រប មានសុខុមាលភាព និង សេចក្ដីថ្លៃថ្នូរប្រហាក់ប្រហែលគ្នា។ បើមិនដូច្នោះទេ ភាពប្រេះស្រាំ និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នរដ្ឋ ពិតជាមិនអាចជៀសផុតបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com