ជាតិ
បទវិភាគ
តើ​ថ្នាក់ដឹកនាំ​គួរ​មាន​សញ្ញាបត្រ​កម្រិតណា?
11, Oct 2015 , 8:19 am        
រូបភាព
ភ្នំពេញ៖ ក្រោយ​របប​ប៉ុលពត ថ្នាក់ដឹកនាំ​កម្ពុជា​ខ្លះ​មានចំណេះ និង​បទពិសោធន៍​គ្រប់គ្រាន់។ ប៉ុន្តែ​អ្នកដឹកនាំ​ខ្លះ ខ្វះ​ទាំង​ចំណេះដឹង​ជំនាញ ខ្វះ​ទាំង​ចំណេះដឹង​ទូទៅ​ដើម្បី​គ្រប់គ្រង។ ដោយសារ​បញ្ហា​នេះ ទើប​ស្ថាប័ន​មួយចំនួន​រីកចម្រើន​ទៅមុខ​តាមរបៀប​ជំហានគីង្គក់។ ចាប់ពីពេលនេះ​តទៅ​មុខ តើ​ថ្នាក់ដឹកនាំ​ចាប់ពី​ថ្នាក់ឃុំ-សង្កាត់​ឡើងទៅ​គួរ​ជា​បុគ្គលដែលមាន​ចំណេះដឹង​យ៉ាងហោចណាស់​កម្រិត​បរិញ្ញាបត្រ​ដែរឬទេ?



ជាការ​ពិត ក្រោយ​របប​ប៉ុលពត ប្រទេស​កម្ពុជា តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់​កំពូល ត្រូវបាន​ដឹកនាំ​ដោយ​អ្នកចេះដឹង​មានបទពិសោធន៍​គ្រប់គ្រាន់​ខ្លះ និង​អ្នក​គ្មាន​បទពិសោធន៍​ខ្លះ។ ក្នុង​ស្ថាប័ន​មួយចំនួន ថ្នាក់ដឹកនាំ​ខ្លះ​ត្រូវបាន​គេ​ជ្រើសរើស​ចេញមក​ពី​ជួរ​អ្នកតស៊ូ​ដែល​ចេះដឹង​ជំនាញ​ទូទៅ​តិចតួច ឬ​អាច​ថា​គ្មាន​ជំនាញ​អ្វី​ទាំងអស់​ក៏​ថា​បាន។    

ការដឹកនាំ​តាមរបៀប​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អាចធ្វើអោយ​ប្រទេសជាតិ​រីកចម្រើន​ដែរ ប៉ុន្តែ ការដឹកនាំ​តាមរបៀប​នេះ ពេលខ្លះ ធ្វើអោយ​កម្ពុជា​អភិវឌ្ឍ​ទៅមុខយឺត។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ គេ​ក៏​មិនអាច​ស្តីបន្ទោស​ការអភិវឌ្ឍ​នេះ​បានដែរ ពីព្រោះ​របប​ប៉ុលពត​បានសម្លាប់​អ្នកចេះដឹង​ស្ទើរ​អស់​ទៅហើយ នៅក្រោម​ការដឹកនាំ​រប​ស់លោក​ប៉ុលពត​ក្នុងអំឡុង​ឆ្នាំ១៩៧៥ និង​ឆ្នាំ១៩៧៩ ។ 

ចង់​មិន​ចង់ ដោយសារ​ប្រទេសជាតិ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​របៀបនេះ ថ្នាក់ដឹកនាំត្រូវតែ​បង្ខំចិត្ត​ប្រើប្រាស់​ធនធានមនុស្ស​ណា​ដែល​អាច​ប្រើ​បាន ហើយ​សមស្រប​ទៅតាមកាលៈទេសៈ​ដែល​អំណោយផល​អោយ។ បើ​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ គេ​ពិតជា​ត្រូវ​លើកសរសើរ​ថ្នាក់ដឹកនាំ​ប្រទេស​ក្រោយ​របប​ប៉ុលពត​ទៅវិញ​ទេ ពីព្រោះ ពួកគេ​បានចាប់ផ្តើម​កសាង​ប្រទេស​ដោយ​បាត​ដៃទទេ ពោល​គឹ​គ្មាន​ទាំង​មូលធន និង​គ្មាន​ទាំង​ធនធាន
មនុស្ស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថ្នាក់ដឹកនាំ​សម័យ​នោះ ដៃ​ម្ខាង​កសាង​ជាតិ រីឯ ដៃ​ម្ខាង​ទៀតការពារ​ប្រជាពលរដ្ឋ ពីព្រោះ របប​ប៉ុលពត ដួលរលំ​មែន តែ​សង្គ្រាមស៊ីវិល​បានអូសបន្លាយរហូតដល់​ឆ្នាំ១៩៩៨ ។

ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ​ថ្ងៃ​ខាងមុខ តើ​ថ្នាក់ដឹកនាំ​ចាប់ពី​ថ្នាក់ឃុំ-សង្កាត់​ឡើងទៅ​គួរ​ជាបុគ្គល​មានចំណេះដឹង​កម្រិតណា?

ជា​លក្ខណៈ​ទ្រឹស្តី​សកល​តែម្តង គ្រួសារ​មួយ សហគមន៍​មួយ ឬ​ប្រទេសជាតិ​មួយ​អាច​រីកចម្រើន​បាន​លឿន ឬ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​គេ​បាន​ក្នុង​ក្របខណ្ឌ​ខ្ពស់ គ្រួសារនោះ សហគមន៍​នោះ ឬ​ប្រទេស​នោះ ត្រូវតែមាន​ធនធានមនុស្ស​ក្នុង​កម្រិត​ខ្ពស់។ បើ​គ្មាន​ធនធានមនុស្ស​ល្អ មិនចាំបាច់​ឡើយ​និយាយ​ពី​ការអភិវឌ្ឍ​ក្នុង​កម្រិត​ខ្ពស់ ឬ​មិនចាំបាច់​និយាយ​ឡើយ​ពី​ការប្រកួតប្រជែង​ក្នុង​កម្រិត​អន្តរជាតិ។

ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ថ្នាក់ដឹកនាំ​ចាប់ពីពេលនេះ​តទៅ​គួរ​ជា​បុគ្គលមាន​សញ្ញាបត្រ​កម្រិតណា​នោះ?

អ្នកវិភាគ​សង្គម​មួយចំនួន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ គួរ​ចាប់ផ្តើម​សំឡឹងមើល​បេក្ខជន​ចៅសង្កាត់ ឬ​ប្រធាន​ឃុំ​ដែលមាន​សញ្ញាបត្រ​យ៉ាងហោចណាស់​កម្រិត​បរិញ្ញាបត្រ​ដែរ។ តំណែង​ចៅហ្វាយខណ្ឌ ឬ​ស្រុក ពួកគេ​គួរ​មាន​សញ្ញាប​ត្រ​យ៉ាងហោចណាស់​កម្រិត​បញ្ញា​ប​ត្រ បូក​នឹង​បទពិសោធន៍​ជំនួញ គ្រប់គ្រង និង​ចំណេះដឹង​វិស័យ​ច្បាប់​ខ្លះ​ដែរ។

ចៅហ្វាយខេត្ត គួរ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ពីរ​យ៉ាងហោចណាស់ ឬ​សញ្ញាបត្រ​ជំនាញ​ប្រហាក់ប្រហែល។ បរិញ្ញាបត្រ​ទី១ដែល​ចាំបាច់ គឺ​ប​ញ្ញាប​ត្រ​ច្បាប់ និង ទី២ គឺ​បរិញ្ញាបត្រគ្រប់គ្រង បូក​នឹង​ចំណេះដឹង​ជំនួញ។

រដ្ឋមន្ត្រីនីមួយៗគួរ​ត្រូវមាន​សញ្ញាបត្រ​កម្រិត​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បូកនឹង​បទពិសោធន៍​គ្រប់គ្រង​មនុស្ស​ក្នុង​ក្របខណ្ឌ​ក្រុមហ៊ុនធំៗ ឬ​ស្ថាប័ន​អង្គការធំៗដែលមាន​បុគ្គលិក​រាប់រយ​នាក់ និង​គួរ​មានចំណេះដឹង​ជំនួញ និង​ច្បាប់​បន្ថែមទៀត។
       
ចំពោះ​តំណែង​នាយករដ្ឋមន្ត្រី​វិញ លក្ខណៈវិនិច្ឆ័យ​គួរតែ​ត្រូវ​ខ្ពស់ជាង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋា​ភិបាល​ដែល​បាន​រៀប​ខាងលើ។ ទោះបីជា​គណបក្ស​ណា​ឈ្នះឆ្នោត​ក៏ដោយ ប្រសិនបើ​ប្រទេស​កម្ពុជា អាចមាន​ធនធានមនុស្ស​ជា​ថ្នាក់ដឹកនាំ​ដូចដែល​បាន​រៀបរាប់​ខាងលើ​មែននោះ ពេលនោះ ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នឹង​ឈាន​ទៅមុខ​លឿន​ដូច​ការរំពឹងទុក៕


© រក្សាសិទ្ធិដោយ thmeythmey.com