ជាតិ
បទវិភាគ
សង្គមជាតិ
អាជីពពេទ្យ មិនមែនជាជំនួញឡើយ
× ប្រជាពលរដ្ឋខ្មែរបានបាត់បង់ជំនឿទៅលើសេវាសុខភាពរបស់ប្រទេសកម្ពុជារបស់ខ្លួន។ នេះជាបញ្ហាដ៏គួរឲ្យអាណិតអាសូរមួយរបស់កម្ពុជា។ ការបាត់បង់ជំនឿលើវិស័យសុខាភិបាលនៅកម្ពុជា អាចបណ្តាលមកពី ក្រុមបុគ្គលិកសុខាភិបាលខ្មែរមួយចំនួន នៅយល់ឃើញថា ការផ្តល់សេវាសុខភាព ឬមុខរបរពេទ្យនេះ គឺជាជំនួញ។ តាមពិត អាជីពនេះ មានភាពពាក់ព័ន្ធខ្លាំងទៅនឹងស្មារតីមនុស្សធម៌ ច្រើនជាងស្មារតីជំនួញ ដែលគេត្រូវតែគិតអំពីផលចំណេញពីគូរភាគីនោះ។ ហើយថាទស្សនៈដែលថា វិជ្ជាជីវៈពេទ្យ មិនមែនជាជំនួញនេះ គឺជាអ្វីដែលវេជ្ជបណ្ឌិតក្នុងប្រទេសជឿនលឿន និងប្រទេសដែលមានប្រព័ន្ធអប់រំរីកចម្រើនបានយល់ដឹងយ៉ាងច្បាស់ ហើយក៏បានអនុវត្តជាក់ស្តែងដែរ។
ជាការពិត មិនមែនបុគ្គលិកសុខាភិបាល គ្រូពេទ្យ និងវេជ្ជបណ្ឌិតខ្មែរទាំងអស់ សុទ្ធតែគ្មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្សោយ នោះទេ។ វាក៏មានដែរ គ្រូពេទ្យដែលពូកែ និងផ្តល់សេវាសុខភាពត្រឹមត្រូវ។ ប៉ុន្តែ ក្រុមចុងក្រោយនេះ មានចំនួនតិចតួចនៅឡើយ ដែលមិនអាចធ្វើអោយពលរដ្ឋខ្មែរ មើលឃើញយ៉ាងទូលាយ ហើយគ្របដណ្តប់លុបលើក្រុមគ្រូពេទ្យដែលគ្មានក្រមសីលធម៌នោះទេ។
រូបភាពអសកម្មមួយចំនួន ហើយដែលកើតឡើងដដែលៗនៅប្រទេសកម្ពុជា ដោយគ្មានការកែលម្អ ឲ្យប្រសើរឡើងនោះ មានដូចជា៖
- វេជ្ជបណ្ឌិតមួយចំនួន បានផ្តល់គ្រាប់ថ្នាំទទេ ដោយគ្មានប្រអប់ គ្មានឈ្មោះថ្នាំទៅឲ្យអ្នកជំងឺ ក្នុងគោលបំណង មិនឲ្យអ្នកជំងឺស្គាល់ប្រភេទថ្នាំ។ ធ្វើយ៉ាងនេះ ពីព្រោះវេជ្ជបណ្ឌិតទាំងនោះ ចង់ឲ្យអ្នកជំងឺមករកខ្លួនទៀត នៅពេលឈឺលើកក្រោយ។ វេជ្ជបណ្ឌិតទាំងនោះគិតថា ប្រសិនបើអ្នកជំងឺ ឈឺលើកក្រោយទៀត ហើយពួកគេស្គាល់ថ្នាំហើយនោះ ពួកគេនឹងមិនមករកពេទ្យទៀតឡើយ។
- គ្រូពេទ្យខ្លះទៀត ដើម្បីទទួលបានលុយពីអ្នកជំងឺ តែងតែជំរុញឲ្យអ្នកជំងឺ ទទួលយកសេវាផ្សេងៗ ពិសេស ថតស្កេន ពិនិត្យឈាម និងសេវាជាច្រើនទៀត ដែលពេលខ្លះវាមិនទាក់ទងនឹងប្រភេទជំងឺ ឬក៏ពេលខ្លះ គេអាចចៀសវាងបាន។
- ពេលខ្លះទៀត ជំងឺដែលអាចត្រូវបានព្យាបាលបានដោយវិធីងាយៗ ដូចជាការផ្តល់ឲ្យនូវថ្នាំគ្រាប់ ដែលមានតម្លៃថោកនោះ គ្រូពេទ្យនៅតាមបន្ទប់ព្យាបាលឯកជនមួយចំនួន បែរជាតម្រូវឲ្យអ្នកជំងឺសំរាកព្យាបាល ដាក់សេរ៉ូម ដើម្បីគេអាចទទួលបានថ្លៃសំរាកព្យាបាល។ ក្នុងករណីនេះ ពួកគេទទួលបានទាំងថ្លៃសេវាព្យាបាល និងទាំងថ្លៃបន្ទប់សំរាកជាដើម។
ក្រុមគ្រូពេទ្យទាំងនេះមិនបានខ្វល់ពីភាពក្រីក្រ ឬការចំណាយថវិការបស់អ្នកជំងឺ និងអ្នកទទួលសេវាព្យាបាលឡើយ។ បានន័យថា ពួកគេមិនបានទុកស្មារតីមនុស្សធម៌ដែលត្រូវមានជាប់នឹងវិជ្ជាជីវៈនេះពីធម្មជាតិនោះឡើយ។ ឬក៏វេជ្ជបណ្ឌិតទាំងនោះ មិនបានដឹងអំពីមេរៀននេះ? វាពិតជាមានការលំបាកណាស់ ក្នុងការទាញយកការជឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរត្រឡប់មកវិញ នៅពេលដែលជំនឿចិត្តនេះ ត្រូវប្តូរជាមួយនឹងអាយុជីវិតរបស់ពួកគេនោះ។
ទោះយ៉ាងណាក៏ដោយ គ្មានការចាប់ផ្តើមណាមួយ ដែលយឺតពេលនោះឡើយ។ ការធ្វើអោយបុគ្គលិកក្នុងផ្នែកសុខាភិបាលផ្លាស់ប្តូរទស្សនៈ ផ្លាស់ប្តូរគំនិត ពីការធ្វើជំនួញសុទ្ធសាធក្នុងវិស័យសុខមាលភាព ដោយផ្តល់តម្លៃផ្នែកមនុស្សធម៌ឲ្យបានច្រើនជាងនោះ នោះយូរ ឬឆាប់ វិស័យសេវាសុខភាពកម្ពុជា អាចទទួលបានការកោតសរសើរនៅថ្ងៃណាមួយមិនខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com