កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជា ៣ រូបត្រៀមបង្ហាញឬទ្ធិក្នុង Asian Para Games នៅប្រទេសកូរ៉េខាងត្បូង
× កីឡាករ ៣ រូបរបស់កម្ពុជា កំពុងតែត្រៀមបង្ហាញសមត្ថភាព នៅក្នុងកម្មវិធីកីឡាសម្រាប់ជនពិការ 2014 Asian Para Games ដែលត្រៀមរៀបចំនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៨ ដល់ ២៤ តុលា ឆ្នាំ ២០១៤។
តាមទិន្នន័យដែលទទួលបានមកពីគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា កីឡាករទាំង ៣ នាក់មាន កីឡាករ ជឹម ផាន ប្រកួតវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ, ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ។ ចំណែកកីឡាករ ២ រូបផ្សេងទៀតមាន វ៉ាន វ៉ុន និង សេង សាវឿន ប្រកួតរទេះប្រណាំង លើវិញ្ញាសា ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រដូចគ្នា ។
ក្រុមកម្ពុជា ដឹកនាំដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាបានចេញដំណើរទៅប្រកួតតាំងពីថ្ងៃទី ១២ តុលា មកម៉្លេះ ហើយនៅព្រឹកថ្ងៃទី ១៦ តុលា ម្សិលមិញ បានបង្ហូតទង់ជាតិនៅក្នុងភូមិកីឡា។
នេះជាលើកទី២ ហើយគេរៀបចំកម្មវិធីកីឡា Asian Para Games ឡើង ដោយឆ្នាំដំបូងរៀបចំកាលពី ២ ឆ្នាំមុននៅប្រទេសចិន។ សម្រាប់ការប្រកួតលើកទី២ នេះមានដាក់កីឡាឱ្យប្រកួតចំនួន ២៣ ប្រភេទ ដែលមានអត្តពលិកចូលរួមចំនួន ៤៥០០ នាក់មកពី ៤១ ប្រទេសក្នុងទ្វីបអាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com