កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់​ទាត់​ម្នាក់​ស្លាប់​ដោយ​សា​រតែ​អប​អរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​
21, Oct 2014 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​បាល់​ទាត់​ម្នាក់ បាន​ស្លាប់ ក្រោយ​ពី​​រង​របួស​ឆ្អឹង​ខ្នង​​យ៉ាង​ធ្ងន់​ធ្ងរ អំ​ឡុង​​ពេល​ធ្វើ​ការ​អប​អរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេ​។ ខ្សែ​បម្រើ Peter Biaksangzuala វ័យ​២៣​ឆ្នាំ បាន​ដួល​យ៉ាង​ខ្លាំង​ប៉ះ​ទៅ​នឹង​ក្បាល​របស់​គេ​អំ​ឡុង​បង្វិល​​ខ្លួន​ត្រឡប់​ក្រោយ​ដើម្បី​អប​អរ​​រក​គ្រាប់​​បាល់​តាម​ស្មើ​​ឲ្យ​ក្រុម Bethlehem Vengthlang FC កាល​ពី​សប្តាហ៍មុន​​។



ការ​ប្រកួត​ក្រប​ខ័ណ្ឌ Mizoram Premier League មួយ​នេះ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​​ភាគ​ឦ​សាន​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍ ក៏​ដូច​ជា​ត្រូវ​បាន​ទស្ស​នា​ដោយ​អ្នក​​គាំ​ទ្រ​ជា​ច្រើន​ពាន់​នាក់​។

មិត្ត​រួម​ក្រុម​របស់​គេ​បាន​លោត​ពីលើ​ខ្សែ​បម្រើ​រូប​នេះ​ដើម្បី​ធ្វើ​ការ​អប​អរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី នៅមុន​ពេល​ពួក​គេ​ដឹង​ថា រូប​គេ​បាន​​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ​។ រូប​គេ​ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ខណៈ​ដែល​ក្រុម​​គ្រូ​ពេទ្យ​បាន​ធ្វើការ​វះ​កាត់ និង​ព្យា​យាម​ព្យា​បាល់​ឆ្អឹង​ខ្នង​របស់​គេ​ដែល​​​បាន​បាក់​។ នេះ​បើ​យោង​ទៅ​តាម​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។

ប៉ុន្តែ Biaksangzuala បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​​ស្ថាន​ភាព​របស់​គេ​បាន​ស្ថិត​ក្នុង​សភាព​យ៉ាង​យ៉ាប់​យ៉ឺន​​ក្នុង​មន្ទីរ​ពេទ្យ​។ លោក Lal Hmar មន្ត្រី​កីឡា​បាល់​ទាត់​ម្នាក់​ក្នុង​រដ្ឋ Mizoram បាន​ប្រាប់់​អ្នក​យក​ព័ត៌​មានក្នុង​ទីក្រុង Aizawl ថា កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​យល់​ព្រម​បរិច្ចាក​កែវ​ភ្នែក​របស់​គេ​នៅមុន​ពេល​​ស្លាប់​។

លោក Hmar បាន​ឲ្យ​ដឹង​ថា៖ «Peter គឺ​ជា​កីឡាករ​ប្រកប​ដោយ​ទេព​កោ​សល្យ​ម្នាក់​ដែល​​សុបិន​ចង់​លេង​ក្នុង​លីក​​ជាតិ​។ ការ​ស្លាប់​របស់​គេ​បាន​នាំ​ឲ្យមាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ចំ​ពោះ​យើង​។ យើង​ទាំង​អស់​គ្នា​បាន​គិត​ថា គេ​នឹង​ជា​សះ​ស្បើយ​»​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com