សុខភាព
អន្តរជាតិ
មេដឹកនាំ​អាហ្វ្រិក​អំពាវនាវ​ឲ្យ​ពិភពលោក​បន្ត​សង្គ្រាម​ប្រឆាំង​អេ​បូ​ឡា
21, Oct 2014 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី នី​ហ្សេ​រី​យ៉ា បាន​អំពាវនាវ​ទៅកាន់​មេដឹកនាំ​ពិភពលោក និង​សហគមន៍​អន្តរជាតិ​ទាំងមូល​អោយ​បន្ត​យុទ្ធនាការ​ប្រឆាំងនឹង​មេរោគ​ឆ្លង​ដ៏​សាហាវ​អេ​បូ​ឡា ដើម្បី​ធានាថា​ករណី​ឆ្លង​ថ្មី​លែងមាន​នៅលើ​ពិភព​លោ​ល។ ការអំពាវនាវ​ជា​សាធារណៈ​របស់​ប្រធានាធិបតី​រូបនេះ​កើតឡើង​ក្រោយ​ពេលដែល​អង្គការ​សុខ​ភាព​ពិភពលោក​បានប្រកាសថា​ប្រទេស​នី​ហ្សេ​រី​យ៉ា​គ្មាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ទៀតឡើយ។លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ!


ស្តាប់សំឡេង



មេដឹកនាំ​នី​ហ្សេ​រី​យ៉ា​លោក Goodluck Jonathanបាន​អំពាវនាវ​ជា​សាធារណៈ​ទៅកាន់​សហគមន៍​អន្តរជាតិ ជាពិសេស​ស្ថា​ប័​ទទួលបន្ទុក​កិច្ចការ​សុខាភិបាល​អោយ​បន្ត​យុទ្ធនាការ​ប្រឆាំង​មេរោគ​ឆ្លង​អេ​បូ​ឡា​អោយមាន​និរន្តរភាព ដើម្បី​ធានាថា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​ទៀតឡើយ​នៅលើ​ពិភពលោក។ លោក​បាន​អះអាងថា នី​ហ្សេ​រី​យ៉ា​បានទទួល​ជោគជ័យ​ក្នុងការ​កម្ចាត់​និង​ទប់ស្កាត់​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេ​បូ​ឡា​នេះ ហើយ​លោក​ជឿជាក់ថា​ពិភពលោក​ទាំងមូល​ក៏​អាចធ្វើ​បានដែរ​ដោយមាន​ការសហការ​គ្នា​ជិតស្និទ្ធ និង​ជ្រើសរើស​វិធានការ​សមស្រប​តាម​តំបន់នីមួយ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រធានាធិបតី​រូបនេះ បាន​សង្កត់ធ្ងន់ថា បើទោះបីជា​ពេលនេះ​នី​ហ្សេ​រី​យ៉ា​អាច​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​អេ​បូ​ឡា​នេះ​ក៏ដោយ ក៏​នី​ហ្សេ​រី​យ៉ា​នៅតែ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេរោគ​ឆ្លង​នេះដែរ។ មកទល់ពេលនេះ មេរោគ​អេ​បូ​ឡា​កំពុង​វាយលុក​ខ្លាំង​នៅ​អឺរ៉ុប ដោយ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​វា​រហ័ស​ខ្លាំង ហើយ​អ្វីដែល​សំខាន់​បណ្តា​ប្រទេស​ទាំង​នោះបាន​ចំណាយលុយ​រាប់រយ​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​មេរោគ​ឆ្លង​នេះ។

ដោយឡែក​គេ​ដឹងថា ការប្រកាស​របស់​ស្ថាប័ន​សុខភាព​ពិភពលោក​ថា​នី​ហ្សេ​រី​យ៉ា​លែងមាន​មេរោគ​អេ​បូ​ឡា​ហើយ​ក្រោយ​ពេលដែល​ស្ថាប័ន​ជំនាញ​បាន​ចំណាយពេល​ប្រាំមួយ​សប្តាហ៍​ដើម្បី​ត្រួត​ពិនិត្យមើល​ករណី​ឆ្លង​មេរោគ​នេះ ប៉ុន្តែ​មិនមាន​ករណី​ឆ្លង​ថ្មី​ទៀតឡើយ។  អ្នកតំណាង​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក​លោក​Rui Gama Vaz បាន​ថ្លែង​ពី​រដ្ឋធានី Abuja ថា​វា​ពិតជា​គ្មាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ថ្មី​ទៀតឡើយ នេះ​មានន័យថា នី​ហ្សេ​រី​យ៉ា​គ្មាន​មេរោគ​អេ​បូ​ឡា​ឡើយ​នៅពេលនេះ។

ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ដំបូង​បំផុត​តាំងពី​ខែកក្កដា​មក​ម្លេះ​មេរោគ​ដ៏​សាហាវ​នេះ​នាំមក​ដោយ​អ្នកការទូត​របស់ លី​បេ​រី​យ៉ា ដែល​បំពេញការងារ​នៅ​នី​ស​ហ្សេ​រី​យ៉ា។ យ៉ាងណាក៏ដោយ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​មិនមាន​ទៀតឡើយ ក្រោយពេល​ស្ថាប័ន​សុខភាព​ពិភពលោក​ចំណាយពេល​ប្រមាណ៦សប្តាហ៍​ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើករ​ណី​ឆ្លង​ថ្មី​នេះ។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភពលោក​ក៏បាន​ប្រកាស​ផងដែរ​ថា​ប្រទេស​សេ​នេ​ហ្កា​ល់​ក៏​ជា​ប្រទេស​ដែល​លែងមាន​ករណី​ឆ្លង​នៃ​មេរោគ​អេ​បូ​ឡា​ផងដែរ។

គួរបញ្ជាក់​ថា​អេ​បូ​ឡា​វា​ជា​ប្រភេទ​ជម្ងឺឆ្លង​ចូលទៅក្នុង​ខ្លួន​មនុស្ស មេរោគ​នេះ​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ ១៩៧៦ ក្នុង​តំបន់​មួយ​ក្បែរ​ប្រទេស​ស៊ូដង់ ហើយ​បន្ត​រីក​រាលដាល​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ហ្កុ​ង​កូ ក្រោយមក​ក៏​បន្ត​ឆ្លង​ទៅដល់​ភូមិ​មួយ​ក្បែរ​ទន្លេ​អេ​បូ​ឡា​ទើបបានជា​គេ​ដាក់ឈ្មោះ​វា​បែបនេះ​ទៅ។  មកទល់ពេលនេះ​មាន​មនុស្ស​ប្រមាណ​ជាង៤៥០០នាក់​ហើយ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​មេរោគ​អេ​បូ​ឡា តែ​យ៉ាងណាក៏ដោយ មេរោគ​នេះ​មិន​ឆ្លងតាម​ខ្យល់​ឡើយ តែ​វា​ឆ្លងតាម​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ផ្ទុកមេរោគ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com