ជាតិ
បទវិភាគ
គំនិតបក្សពួក និងគ្រួសារនិយមមិនអាក្រក់ពេកទេ តែបុណ្យត្រូវឡើងតាមសមត្ថភាព! ភ្នំពេញ៖ នៅក្នុងសង្គមខ្លះ គំនិតបក្សពួកនិយម និងគ្រួសារនិយមត្រូវបានរឹតត្បិតដោយច្បាប់ និងសតិសម្បជញ្ញៈ។ ប៉ុន្តែនៅក្នុងសង្គមខ្លះទៀត គំនិតបក្សពួកនិយម និងគ្រួសារនិយម មានវត្តមានគ្រប់ទីកន្លែង។ តើអ្វីខ្លះជាគ្រោះថ្នាក់នៃគំនិតបក្សពួក និងគ្រួសារនិយម?
លោក កែម ឡី អ្នកវិភាគសង្គមនយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាធ្លាប់បានអត្ថាធិប្បាយថា គំនិតបក្សពួកនិយម និងគ្រួសារនិយមកើតឡើងយ៉ាងពេញទំហឹងនៅក្នុងសង្គមខ្មែរ ពោលគឺមានទាំងនៅក្នុងស្ថាប័នរដ្ឋ ស្ថាប័នអង្គការសង្គមស៊ីវិល និងនៅក្នុងគណបក្សនយោបាយនីមួយ។ លោកបានបញ្ជាក់បន្ថែមថា៖«នៅតាមក្រសួងខ្លះ រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការមួយចំនួន ចែកកូតាគ្នាដាក់សាច់ញាតិបងប្អូន ប្រពន្ធកូន កូនប្រសា។ល។ នៅតាមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក៏ដូចគ្នាដែរ»។
បើយោងតាមលោក កែម ឡី ការបង្កើតបក្សពួក និងគ្រួសារនិយមនៅក្នុងស្ថាប័នមួយ ប៉ះពាល់ដល់សង្គមច្រើនណាស់ ក្នុងនោះមាន ទី១ ធ្វើអោយអ្នកមានសមត្ថភាពពិតប្រាកដពិបាកទទួលបានតំណែងធំដុំក្នុងស្ថាប័ន។ ទី២ គណបក្សនយោបាយបាត់បង់ប្រជាប្រិយភាពដោយសាររូបភាពបក្សពួកនិយម។ ទី៣ ទំនាស់ផលប្រយោជន៍ក្នុងស្ថាប័ន និងទី៤ បង្កើតវប្បធម៌និទណ្ឌភាពក្នុងស្ថាប័ន ពីព្រោះ បក្សពួក ពិបាកដាក់ទោសទណ្ឌបក្សពួកគ្នាឯង។ លោក កែម ឡី បានបន្តទៀតថា ក្នុងសម័យកុំម្មុយនីសជំនាន់ឆ្នាំ៨០ បុគ្គលនីមួយៗមិនសូវមានគំនិតបក្សពួក និងគ្រួសារនិយមទេ។ តែក្រោយមក នៅពេលដែលច្បាប់ធូររលុងខ្លាំងពេក គំនិតបក្សពួកនិយម និងគ្រួសារនិយមកើតឡើងវិញ។
តើគេអាចគេចចេញពីគំនិតបក្សពួក ឬគ្រួសារនិយមបានឬទេ?
វាជាការលំបាកណាស់ក្នុងនាមជាមនុស្ស ពីព្រោះ គំនិតបក្សពួក និងគ្រួសារនិយមវាបានកើតឡើងភ្លាមក្រោយពេលដែលមនុស្សចាប់កំណើត។ ប្រសិនបើគេមើលមួយភ្លែត គំនិតបក្សពួក ឬគ្រួសារនិយម គឺអាក្រក់ណាស់ ពីព្រោះ វាជាការតែងតាំងតែគ្នាឯង គ្រួសារឯងនៅក្នុងស្ថាប័នមួយ។ តែពេលខ្លះ គេមិនអាចបិទសិទ្ធិមិត្តភក្តិ ឬក្រុមគ្រួសារមិនអោយទទួលបានតំណែងក្នុងស្ថាប័នជាមួយគ្នាណាស់ ប្រសិនបើសាច់ញាតិបងប្អូននោះ មានសមត្ថភាព និងអាចបំពេញកាតព្វកិច្ចការងារបានល្អ។
អ្នកវិភាគផ្សេងទៀត បានអត្ថាធិប្បាយថា គេមិនគួរហាមឃាត់គ្រួសារ ឬបក្សពួកខ្លាំងពេកទេ ប្រសិនបើគ្រួសារ ឬបក្សពួកនោះ ទទួលបានបុណ្យស័ក្តិដោយស្របច្បាប់ និងស្មោះត្រង់ មានន័យថា ចូលធ្វើការមុនដំបូង ជាបុគ្គលិកធម្មតា ហើយក្រោយមក ដោយសារចំណេះដឹងខ្ពស់ និងការព្យាយាមការងារល្អ គេក៏អាចបានក្លាយទៅជាមន្ត្រីជាន់ខ្ពស់ដែរ។ និយាយអោយខ្លី មានន័យថា កុំឡើងបុណ្យស័ក្តិតាម«ជើងខោ»។
ផ្ទុយទៅវិញ ប្រសិនបើបុណ្យស័ក្តិឡើងតាម«ខ្នង» ហើយ«លោតផ្លោះ»ពីតំណែងតូចឡើងកាន់តំណែងធំភ្លាមតែម្តង ពេលនោះ គំនិតបក្សពួក និងគ្រួសារនិយមវាអាចនឹងបំផ្លាញផលិតភាព និងសុខដុមរមនីយកម្មក្នុងស្ថាប័ននោះជាក់ជាពុំខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com