កីឡាជាតិ
ជាតិ
លោក Sam៖ ភ្នំពេញ​ក្រោ​ន​លេង​បាន​យ៉ាង​អស្ចារ្យ​នា​រយៈពេល២៥នាទី​ដំបូង​នៃ​តង់​ទី​ពីរ
01, Nov 2014 , 1:19 pm        
រូបភាព
ដោយ: រួបរួម
«នៅ​ដែល​អ្នករៀបចំ​ក្រុម​សម្រាប់​ការប្រកួត ហើយ​ទាំងអស់គ្នា​ដឹង​ពីអ្វី​ដែល​ត្រូវធ្វើ ប៉ុន្តែ២នាទី​ក្រោយមក អ្នក​ភ្លាត់​ស្លៀ​ត​ធ្លាយ​សំណាញ់​មួយ​គ្រាប់ គម្រោងការ​របស់​អ្នក​គឺ​ប្រែប្រួល​ទាំងស្រុង»។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ក្រុម​របស់លោក​ចាញ់​ជើងឯក​វៀតណាម Becamex Binh Duong ក្នុង​លទ្ធផល ៥-២ នា​ការប្រកួត​ដណ្តើមពាន​រង្វាន់ Toyota Mekong Club Championship នៅ​កីឡដ្ឋាន Binh Duong Stadium កាលពី​រាត្រី​ថ្ងៃ​សុក្រ។



ត្រឹមតែ២នាទី​ប៉ុណ្ណោះ កីឡាករ Dieng Abass បាន​នាំ​មុខមុន ១-០ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong ហើយ Nguyen Trong បន្ថែម​គ្រាប់​ទី​ពីរ​មុន​បញ្ចប់​តង់​ទីមួយ។ នៅ​នាទី ទី៦៦ កីឡា​ការ​ចំណូល​ថ្មី​ជនជាតិ​ហូ​ឡង់ Koen Bosma បាន​នាំ​ក្តីសង្ឃឹម​សម្រាប់​ក្រុម​ជើងឯក​កម្ពុជា តាមរយៈ​ការ​វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់ ជាមួយនឹង​ការបញ្ជូន​យ៉ាង​ល្អ​របស់ ហុង ផេង។

ប៉ុន្តែ​ក្រោយមកទៀត ក្រុម​ម្ចាស់ផ្ទះ​បង្កើន​ការ​នាំមុខ​រហូតដល់​ទៅ​បី​គ្រាប់​ដែល​សម្រេចបាន​ដោយ Oseni Bolaji, Le Cong Vinh និង Nguyen Tang Tuan ខណៈ Bisan George រក​គ្រាប់​បាល់​បង្គ្រប់កិច្ច​ឲ្យ​ភ្នំពេញ​ក្រោ​ន មុននឹង​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។

ទន្ទឹមនឹង​ការខកចិត្ត គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​ស លោក Sam Schweingruber បាន​សម្តែង​ការរីករាយ​ចំពោះ​ស្មារតី​កីឡាករ​របស់ខ្លួន ដែលមាន​ការប្រឹងប្រែង​ខ្ពស់​នា​រយៈពេល២៥នាទី​ដំបូង​នៃ​តង់​ទី​ពីរ ប៉ុន្តែ​ពួកគេ​មិន​សំណាង​វាយបក​លើ​គូប្រជែង​បានឡើយ។

លោក Sam បាន​លើកឡើងថា លោក​បាន​ប្រើប្រាស់​ជម្រើស​ដ៏​ខ្លាំង​របស់ខ្លួន​ក្នុងជំនួប​ជាមួយ​ជើងឯក​វៀតណាម ហើយ​លោក​កោតសរសើរ ស៊ូ យ៉ា​ទី ដែល​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ បើទោះបីជា​គូប្រជែង​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ៥គ្រាប់​ក៏ដោយ។

ភ្នំពេញ​ក្រោ​ន​ត្រៀម​ប៉ះ​ជាមួយ​ក្រុម HAGL Attapeu របស់​ឡាវ ដែល​បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា Ayeyawady ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ៥-៤ បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​រយៈពេល៩០នាទី។ ការប្រកួត​ដណ្តើមយក​លេខ​បី​នេះ នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង១ និង៣០រសៀល ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា នៅមុន​ជំនួប​ផ្តាច់ព្រ័ត្រ រវាង​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong និង​ក្រុម​មី​យ៉ាន់​ម៉ា Ayeyawady៕





© រក្សាសិទ្ធិដោយ thmeythmey.com