កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជាប៉ះម្ចាស់ផ្ទះសិង្ហបុរីនាវេលាម៉ោង៧យប់នេះ លោក Lee Tae Hoon និងកីឡាករ ឃួន ឡាបូរ៉ាវី នាអំឡុងសន្និសីទសារព័ត៌មាន
× បន្ទាប់ពីរងបរាជ័យ ៣-០ នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានការប្រកួតមិត្តភាពអន្តរជាតិបន្ថែមជាមួយជាមួយសិង្ហបុរី នាវេលាម៉ោង៧យប់នេះ នៅកីឡដ្ឋាន Yishun Stadium។
សម្រាប់កម្ពុជា នេះគ្រាន់តែជាការប្រកួតមិត្តភាពដើម្បីស្វែងរកកំណត់ត្រាឲ្យបានល្អនៅក្របខណ្ឌសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប៉ុណ្ណោះ ខណៈសិង្ហបុរីប្រើប្រាស់ជំនួបនេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup បន្ទាប់ពីពួកគេទទួលជ័យជម្នះ ២-០ លើក្រុមឡាវ កាលពីចុងសប្តាហ៍កន្លងមក។
លោក Bernd Stange គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ រំពឹងថា សិង្ហបុរី ក្រោមការដឹកនាំរបស់លោក នឹងដណ្តើមជ័យជម្នះលើកម្ពុជាដើម្បីរក្សាទំនុកចិត្តដ៏ខ្ពស់របស់ពួកគេ ជាពិសេសផ្តល់ការរីករាយដល់ក្រុមអ្នកគាំទ្រនៅលើទឹកដីរបស់ខ្លួន។
ដោយឡែក គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ជឿជាក់ថា កីឡាករកម្ពុជារបស់លោកនឹងព្យាយាមខ្ពស់ដើម្បីបង្ហាញភាពរីកចម្រើនរបស់ខ្លួន។ លោកលើកឡើងថា៖ «ខ្ញុំគិតថា សិង្ហបុរីគឺជាក្រុមល្អមួយ ពួកគេមានចលនាល្អ និងខ្ញុំសង្ឃឹមថា យើងនឹងកាន់តែមានទំនុកចិត្តខ្ពស់បន្ទាប់ពីការប្រកួតនៅថ្ងៃនេះ»។
នាជំនួបចុងក្រោយ សិង្ហបុរី បានយកឈ្នះកម្ពុជា ១-០ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com