កីឡាជាតិ
ជាតិ
កម្ពុជា​ចាញ់​ម្ចាស់​ផ្ទះ​សិង្ហបុរី ៤-២ ដោយ​គ្រាប់​បញ្ចូលទី​ទាំងអស់​កើតឡើង​ក្នុង​តង់ទី​១​
17, Nov 2014 , 8:55 pm        
រូបភាព
លោក Lee Tae Hoon គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា​នា​ព្រឹត្តិការណ៍ Suzuki Cup កន្លង​មក​
លោក Lee Tae Hoon គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា​នា​ព្រឹត្តិការណ៍ Suzuki Cup កន្លង​មក​
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ​បន្ថែមទៀត​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅក្រៅ​ប្រទេស ដោយ​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី ៤-២ នៅ​កីឡដ្ឋាន Yishun Stadium នា​រាត្រី​ថ្ងៃ​ចន្ទ ទី១៧ ខែវិច្ឆិកា ពោលគឺ​បួន​ក្រោយពី​ពួកគេ​បាន​ចាញ់​ហ្វីលីពីន ៣-០ នៅក្នុង​ទីក្រុង​ម៉ានីល។



គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ស៊ីសង​គ្នា​ទាំង៦គ្រាប់ សុទ្ធតែ​កើតឡើង​នៅក្នុង​តង់​ទីមួយ ដោយ៥គ្រាប់​ចុងក្រោយ កើតឡើង​ក្នុងអំឡុង​រយៈពេល១១នាទី​ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Khairul Amri បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​សិង្ហ​បុរី​នៅ​នាទី៩ ។ នៅ​នាទី ទី២៧ ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បានតែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ​វិញ។ ២នាទី​ក្រោយមក Amri បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Faris Ramli ដើម្បី​នាំមុខ​កម្ពុជា​សាជាថ្មី ប៉ុន្តែ ឃួន ឡា​បូ​រ៉ាវី រកបាន​គ្រាប់​បាល់​ទី​ពីរ​ភ្លាម​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធផល ២-២ ។ តែ​ក្នុងអំឡុង៧នាទី ប៉ុណ្ណោះ សិង្ហ​បុរី រកបាន​ពីរ​គ្រាប់​វិញ ដែល​សម្រេចបាន​ដោយ​ប្រធាន​ក្រុម Shahril Ishak (នាទី ៣៣ ) និង​ខ្សែការពារ Safuwan Baharudin (នាទី ៣៧ )។

ការរកបាន​ពីរ​គ្រាប់​របស់ បូរ៉ា​វី នាំ​ឲ្យ​មានកំណត់​ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​សរុប៥គ្រាប់​ក្នុងការ​ប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដែល​ស្មើនឹង​កំណត់ត្រា​របស់​ខ្សែប្រយុទ្ធ សុក ច័ន្ទ​រស្មី ប៉ុន្តែ​ចាញ់​ប្រធាន​ក្រុម គួច សុគ​ម្ភៈ មួយ​គ្រាប់។

កីឡាករ​កម្ពុជា៖ ស៊ូ យ៉ា​ទី សឿ​យ វិសាល ហុង ផេង ទូច បញ្ច​រ៉ុង ប្រាក់ មុន្នី​ឧ​ត្ត​ម ឃួន ឡា​បូ​រ៉ាវី គួច សុគ​ម្ភៈ សុះ ស៊ូ​ហា​ណា ង​យ ស្រ៊ី​ន រស់ សំអឿន ឈិន ឈឿន៕



© រក្សាសិទ្ធិដោយ thmeythmey.com