កីឡាជាតិ
ជាតិ
ជើងខ្លាំងប្រដាល់ វ៉ន វីវ៉ា និងជើងខ្លាំងតេក្វាន់ដូ ស៊ន ដាវីន ចូលរោងការ
× ពិធីមង្គលការរវាងអ្នកប្រដាល់គីឡូធ្ងន់ ឈួន ស៊ុនឡេង ដែលអ្នកគាំទ្រស្គាល់ថាជា វ៉ន វីវ៉ា និង កីឡាការិនីម្ចាស់មេដាយមេដាយប្រាក់កីឡាតេក្វាន់ដូ កាលពីស៊ីហ្គេមឆ្នាំ ២០១៣ ស៊ន ដាវីន ចូលរោងការនៅថ្ងៃនេះ ដោយពិធីពិសាភោជនាហារប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ វិច្ឆិកា ស្អែក។ នេះបើយោងតាមសំបុត្រអញ្ជើញ របស់អ្នកទាំងពីរ។
ជើងខ្លាំងក្នុងវិស័យកីឡាទាំង ២ បានសម្រេចចិត្តភ្ជាប់ជាមួយគ្នាពាក្យកាលពីថ្ងៃទី ១២ តុលា កន្លងទៅ ក្រោយស្គាល់ចិត្តគំនិតគ្នាអស់ជាង ២ ឆ្នាំមកនេះ ដោយប្រាក់បណ្ដាការចំនួន ៧,០០០ ដុល្លារអាមេរិក។ បើតាមព័ត៌មានក្រៅផ្លូវការក្នុងពិធីពិសាភោជនាហារក្នុងថ្ងៃមង្គលអាចនឹងមានភ្ញៀវចូលរួមច្រើនជាង ៦០ តុ ដែលរៀបចំនៅមជ្ឈមណ្ឌលម៉ូឌែន ៥ អាគារ C។
នៅថ្ងៃនេះម្ចាស់មេដាយមាសកីឡាអាស៊ី (Asia Games 2014) ស៊ន សៀវម៉ី ក៏បានប្រកាសនៅក្នុង Page Facebook ផ្លូវការរបស់ខ្លួនថា ស៊ន ដាវី ជាបងស្រីនឹងរៀបការនៅថ្ងៃស្អែក ថែមទាំងជូនពរគូស្នេហ៍នេះផងដែរ។
វីវ៉ា ទើបតែទទួលបានជ័យជម្នះលើ កីឡាករឡាវ កាលពីថ្ងៃ ៩ វិច្ឆិកា កន្លងទៅក្នុងព្រឹត្តិការណ៍អាស៊ានវគ្គ៣របស់ទូរទស្សន៍ប៉ុស្តិ៍ស៊ីធីអិនសង្វៀនស្តាតចាស់ ខណៈដែលអនាគតប្រពន្ធ បានធ្វើពិធីជួបជុំឱ្យប្អូនស្រី ស៊ន សៀវម៉ី ថែមទាំងទស្សនាការប្រកួតតាមផ្សាយផ្ទាល់ទាំងអស់គ្នា។
ទោះជាយ៉ាងណាក៏ដោយមិនមានព័ត៌មានច្បាស់ណាមួយថាអ្នកទាំងនឹងដើរចេញពីវិស័យកីឡា ក្រោយរៀបអាពាហ៍ពិពាហ៍រួច នោះទេ សុទ្ធព្រោះធ្លាប់បានដើរលើផ្លូវមួយនេះជាយូរមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com