កីឡាជាតិ
ជាតិ
ABG 2014៖ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​កម្ពុជា​ប៉ះ​អូ​ម៉​ង់​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ
20, Nov 2014 , 12:40 pm        
រូបភាព
ដោយ:
ក្រុមកីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អូ​ម៉​ង់​នា​វេលា​ម៉ោង២ និង៣០នាទី រសៀល​ថ្ងៃទី២០ ខែវិច្ឆិកា នេះ នៅ​វគ្គ៣២ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ២០១៤ ដែល​កំពុង​រៀបចំឡើង​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ។



ក្រុមកីឡា​បាល់បោះ​កម្ពុជា ដែលមាន​កីឡាករ ស៊ឹម ឃ្លោក និង លឹម សំអាត បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ពូ​ល B បន្ទាប់ពី​កាតា និង​វៀតណាម។ កីឡាករ​កម្ពុជា​បានឈ្នះ​ប៉ា​ឡេ​ស្ទី​ន ដោយ​ស្វ័យប្រវត្តិ ហើយ​បាន​ចាញ់​ក្រុម​កាតា ២-១ និង​ចាញ់​វៀតណាម ២-០ ប៉ុន្តែ​ស្តារ​មុខមាត់​ជាមួយនឹង​ជ័យជម្នះ ២-០ (២១-១៩, ២១-១៥) លើ​លី​បង់​វិញ កាលពី​ព្រឹក​មិញ។

ដោយឡែក ក្រុម​អូ​ម៉​ង់​ដែលមាន​កីឡាករ​ឈ្មោះ Al Shereiqi និង Alhousni Ahmed បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ២នៅក្នុង​ពូ​ល H ដោយបាន​ឈ្នះ អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ស្វ័យប្រវត្តិ ឈ្នះ​បង់​ក្លា​ដែ​ស និង​ឈ្នះ​ចិន-តៃប៉ិ ប៉ុន្តែ​បាន​ចាញ់​ថៃ នា​ការប្រកួត​ចុងក្រោយ។ ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ នឹងត្រូវ​ប៉ះ​ជាមួយ​អ៊ីរ៉ង់​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ។

កម្ពុជា បាន​បញ្ជូន​កីឡា​ចំនួន ៨ នាក់ ក្នុងចំណោម ៣ ប្រភេទ​កីឡា​ឱ្យទៅ​ប្រកួត​នៅ​ឆ្នាំនេះ ដោយ​ក្នុងនោះ​មាន​ចំបាប់, Foot-Volley និង បាល់ទះ​លើ​ឆ្នេរ​ខ្សាច់។

ចំពោះ​ចំបាប់​បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី ១៧ វិច្ឆិកា ក្រោយ​ដណ្ដើមបាន​មេដាយ សំរឹទ្ធ ១ គ្រឿង។ កីឡាការិនី នី សំណាង ជា​អ្នក​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​មុនគេ​ដែល​ដណ្ដើមបាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ ស្របពេល​គេ​ទើប​បង្កើតឡើងបាន ៤ លើក​ប៉ុណ្ណោះ។

ចំណែក​កីឡា Foot-Volley វិញ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល ក្រោយ​ប្រកួត​ចាញ់ ម៉ាឡេស៊ី ២ សិត ទល់ ០ (១៨-១១, ១៨-១០) តែ​ឈ្នះ​ឥណ្ឌា ២ សិត ទល់ ០ (១៨-៧,១៨-១០) ចាញ់​ឡាវ ២ សិត ទល់ ០ (១៨-១៣,១៨-៧) និង​បន្ត​ចាញ់​អារ៉ាប់​រួម ២ សិត ទល់ ០ (១៨-១៦,១៩-១៧) ។

Asian Beach Games 2014 រៀបចំ​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​ដាក់​វិញ្ញាសា ១៦៩ ប្រភេទ ក្នុងចំណោម ២៦ កីឡា​ផ្សេងគ្នា​ឱ្យ​ប្រកួតប្រជែង។ គិត​ត្រឹម​ពេលនេះ ម្ចាស់ផ្ទះ​ថៃ កំពុងតែ​ឈរលើ​គេ ក្នុងចំណោម​អ្នក​មេដាយ​បាន​ច្រើនជាងគេ​សរុប​ចំនួន ៦៧ គ្រឿង មាស ២៧ ប្រាក់ ១៩ និង សំរឹទ្ធ ២១ តាម​ពីក្រោយ​ដោយ​ជប៉ុន ១២ គ្រឿង មាស ៦ ប្រាក់ ៣ និង សំរឹទ្ធ ៣ គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com