កីឡាជាតិ
ជាតិ
កម្ពុជា​ឈ្នះ​មេដាយ​ពី​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី លោក វ៉ា​ត់ ចំរើន បកស្រាយ​ពី​ការមិន​បញ្ជូន​កីឡា​ប៉េតង់
21, Nov 2014 , 3:00 pm        
រូបភាព
នី សំណាង រំភើបចិត្តពេលឃើញលោក ថោង ខុន និងថ្នាក់ដឹកនាំក្រសួងអប់រំ ទៅ​ទទួល​ខ្លួន និង​ប្រតិភូចំបាប់នៅព្រលានយន្តហោះ។ រូបថត NOCC
នី សំណាង រំភើបចិត្តពេលឃើញលោក ថោង ខុន និងថ្នាក់ដឹកនាំក្រសួងអប់រំ ទៅ​ទទួល​ខ្លួន និង​ប្រតិភូចំបាប់នៅព្រលានយន្តហោះ។ រូបថត NOCC
កីឡាការិនី​ចំបាប់ នី សំណាង បានឈ្នះ​មេដាយ​សំរឹទ្ធ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី លើក​ទី៤ នៅក្នុង​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ហើយក៏​ជា​មេដាយ​លើកដំបូង​ផងដែរ​របស់​កម្ពុជា បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៨ មក។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​វាយតម្លៃថា កីឡា​កម្ពុជា​កំពុងតែ​ឈានទៅដល់​ការទទួលស្គាល់​ក្នុង​តំបន់ ហើយ​លោក​ក៏បាន​បកស្រាយ​ផងដែរ ទាក់ទង​នឹង​ការមិន​បញ្ជូន​កីឡា​ប៉េតង់​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី​នេះ។



កម្ពុជា​បាន​ចូលរួម​យ៉ាង​ទៀងទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី​ដែល​បានចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ២០០៨ នៅ​ក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​ឆ្លងកាត់​ការចូលរួម​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង Muscat ប្រទេស​អូ​ម៉​ង់ និង​ក្រុង Haiyang ប្រទេស​ចិន កម្ពុជា​មិនដែល​ទទួលបាន​មេដាយ​ណាមួយ​ឡើយ។ ទីបំផុត​កីឡាការិនី​ចំបាប់ នី សំណាង បាន​ក្លាយជា​អត្ត​ព​លិ​ក​ទីមួយ ដែល​បាន​ត្រឡប់មក​មាតុភូមិ​វិញ ជាមួយនឹង​មេដាយ​សំរឹទ្ធ​មួយ​ពី​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​ដែល​រៀបចំ​រៀងរាល់​ពីរ​ឆ្នាំ​ម្តងនេះ។

នី សំណាង និង​ប្រតិភូ​កីឡា​ចំបាប់ បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ដោយ​ទទួលបាន​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ផងដែរ​នៅ​ព្រលានយន្តហោះ​ពី​សំណាក់​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួមទាំង​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រៀបប្រដូច​កីឡាការិនី នី សំណាង ទៅនឹង​កីឡាករ​ប្រដាល់ យូ ជិន​ហេង ដែល​ចារ​ក្នុង​កំណត់ត្រា​ជា​អ្នក​ដែល​ដណ្តើមបាន​មេដាយ​ទីមួយ​ជូន​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) កាលពី​ឆ្នាំ១៩៦២ ។

ក្នុងការ ប្រកួត​ទម្ងន់៦០កី​ឡូ​ក្រាម កីឡាការិនី នី សំណាង ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ២០១៣ បាន​បើកឆាក​ចាញ់​កីឡាការិនី​វៀតណាម Nguyen Thi Nga ក្នុង​លទ្ធផល ២-០ ប៉ុន្តែ​បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូនេស៊ី ២-១ វិញ នា​ការប្រកួត​បន្ទាប់។ សំណាង បានទទួល​ត្រឹម​មេដាយ​សំរឹទ្ធ បន្ទាប់ពី​ចាញ់​កីឡាការិនី​ថៃ Thongkan Kanjana ក្នុង​លទ្ធផល ២-០ ។

លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃថា ឆ្នាំ២០១៤ បាន​ក្លាយជា​ឆ្នាំ​មួយ​នៃ​ការ​បំបែក​កំណត់ត្រា​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ពោលគឺ​បន្ទាប់ពី​កីឡាការិនី តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ៦០ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ព្រឹត្តិការណ៍ Asian Games កីឡាការិនី នី សំណាង បាន​ក្លាយជា​ជ័យលាភី​មេដាយ​ទីមួយ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី (Asian Beach Games)។

សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី៤ ដែល​ចាប់ដំណើរការ​ពីថ្ងៃ​ទី១៤ ខែវិច្ឆិកា កន្លងមក  កម្ពុជា មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន៨នាក់​លើ​បី​ប្រភេទ​កីឡា គឺ​ចំបាប់​លើ​ឆ្នេរ​ខ្សាច់ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ និង​កីឡា Footvolley។ សម្រាប់​កីឡា​ចំបាប់​លើ​ឆ្នេរ​ខ្សាច់ មានតែ​កីឡាការិនី នី សំណាង ប៉ុណ្ណោះ​ដែល​បានទទួល​ជ័យជម្នះ​លើ​គូប្រកួត ខណៈ​កីឡាករ​ពីររូប​ទៀត សុទ្ធតែ​រង​បរាជ័យ​នៅ​វគ្គ​ជម្រុះ។

ដោយឡែក កីឡា Foot-volley ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ បានទទួល​បទពិសោធ​ន៍​យ៉ាង​ល្អ​នា​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ ដោយ​កីឡាករ​អាយុ១៦ឆ្នាំ​ទាំង​ពីររូប គឺ គីម ហាប់ និង សឿង ខន្តី  បាន​ប្រកួត​ចាញ់​ម៉ាឡេស៊ី ឡាវ អារ៉ាប់​រួម-អេ​មី​រ៉េត ប៉ុន្តែ​បាន​យកឈ្នះ​ក្រុម​ឥណ្ឌា។

ងាក​ទៅ​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​វិញ កីឡាករ ស៊ឹម ឃ្លោក និង​លឹម សំអាត បាន​ឆ្លងកាត់​ការប្រកួត​ដ៏​តឹងតែង​នា​វគ្គ​ជម្រុះ​ក្នុង​ពូ​ល B ដោយ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​បី បន្ទាប់ពី​កាតា និង​វៀតណាម។  កីឡាករ​កម្ពុជា​បាន​យកឈ្នះ​ប៉ា​ឡេ​ស្ទី​ន ដោយ​ស្វ័យប្រវត្តិ ហើយ​បាន​ចាញ់​ក្រុម​កាតា ២-១ និង​ចាញ់​វៀតណាម ២-០ ប៉ុន្តែ​ស្តារ​មុខមាត់​វិញ​ជាមួយនឹង​ជ័យជម្នះ ២-០ លើ​លី​បង់។

ឈានដល់​ការប្រកួត​វគ្គ៣២ក្រុម​ចុងក្រោយ កីឡាករ ស៊ឹម ឃ្លោក និង​លឹម សំអាត បាន​រង​នូវ​ការខកចិត្ត បន្ទាប់ពី​ចាញ់​ក្រុម​អូ​ម៉​ង់ ២-១ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា។ នៅក្នុង​សិត​ទីមួយ កម្ពុជា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២១-១៦ ប៉ុន្តែ​ក្រុម​អូ​ម៉​ង់​បាន​វាយបក​វិញ​នៅ​សិត​ទី​ពីរ​ក្នុង​លទ្ធផល ២១-១៧ ។ ឈានដល់​សិត​ទី​បី ក្រុម​អូ​ម៉​ង់ បានទទួល​ជ័យជម្នះ ១៥-១១ លើ​កម្ពុជា ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃថា សមត្ថភាព​របស់​កីឡាករ​កម្ពុជា កាន់តែ​រីកចម្រើន​ទៅមុខ។ អគ្គលេខាធិការ​អូឡាំពិក​រូបនេះ ក៏បាន​ឆ្លើយតប​ផងដែរ​ចំពោះ​ការចោទប្រកាន់​ទាក់ទង​នឹង​ការមិន​បញ្ជូន​កីឡា​ប៉េតង់​ទៅ​ចូលរួម​ក្នុង​ព្រឹ​ត្តិ្ក​ការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​នេះ។ លោក​បាន​លើកឡើងថា ថ្វីត្បិតតែ​ប៉េតង់​ជា​កីឡា​ដ៏​មាន​សក្តានុពល​ពិតមែន ប៉ុន្តែ​កម្ពុជា​មិនដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​ប្រកួត​វិញ្ញាសា​លើ​ឆ្នេរ​ខ្សាច់​នោះឡើយ។

លោក​បាន​លើកឡើងថា៖ «ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បាន​សាកសួរ​ខ្ញុំ​ពី​បញ្ហា​នេះ​ផងដែរ ប៉ុន្តែ​ខ្ញុំ​បាន​បកស្រាយ​ថា វា​ជា​រឿង​បច្ចេកទេស​សុទ្ធសាធ។ គ្មាន​ម្នាក់​ដែល​មិន​ចង់​បញ្ជូន​កីឡា​ដែលមាន​សក្តានុពល​ទៅ​ប្រកួត​ដណ្តើម​មេដាយ​ថ្នាក់​អន្តរជាតិ​នោះឡើយ»។

លោក​បាន​បន្ថែមថា៖ «ប៉េតង់​ជា​ប្រភេទ​កីឡា​សក្តានុពល មិនមែនជា​កីឡា​ដែល​ត្រូវ​ដកស្រង់​បទពិសោធន៍​ឡើយ ដូច្នេះ​នៅពេលដែល​កម្ពុជា​មាន​ភា​ព​រឹងមាំ​គ្រប់គ្រាន់​លើ​ការប្រកួត​កីឡា​ប៉េតង់​លើ​ឆ្នេរ​ខ្សាច់ យើង​ច្បាស់​ជា​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាមិនខាន​ឡើយ»៕




© រក្សាសិទ្ធិដោយ thmeythmey.com