ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​​ប្រឆាំង​​បី​រូប​​នៅ​អាស៊ាន​​តស៊ូ​​ស្ទើរ​​​ពាក់ក​ណ្តាល​​ជីវិត ​​​មិន​ទាន់​មា​ន​​វាស​នា​​​ដឹក​នាំ​​​ប្រ​ទេស​
13, Oct 2015 , 2:30 pm        
រូបភាព
នៅ​តំបន់​អាស៊ីអាគ្នេយ៍ គេ​សង្កេតឃើញ​មាន​អ្នកនយោបាយ​ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ល្បីល្បាញ​ជាច្រើន​នាក់ ហើយ​ពួកគេ​ទាំងនោះ​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​ដើម្បី​ជំរុញ​អោយ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​វិ​វត្ត​ទៅមុខ​បានល្អ​ប្រសើរ​នោះ។ មេដឹកនាំ​គណបក្សប្រឆាំង​ទាំងនោះ​សុទ្ធ​ឆ្លងកាត់​បទពិសោធន៍​វែងឆ្ងាយ​ប្រហាក់ប្រហែលគ្នា ដោយ​ប្រឈម​មកជា​មួយ​បញ្ហាលំបាក​ជាច្រើន​ក្នុង​អាជីព​ជា​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល។ អ្នកនយោបាយ​ប្រឆាំង​ដែល​លេចធ្លោរ​ខ្លាំងជាងគេ​នៅពេល​បច្ចុប្បន្ននេះ មាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធាន​គណបក្សប្រឆាំង​មី​យ៉ាន់​ម៉ា  លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​កម្ពុជា និង​លោក អាន់​វ៉ា អ៊ី​ប្រ៉ា​ហ៊ីម (Anwar Ibrahim) មេដឹកនាំ​គណបក្សប្រឆាំង​ប្រទេស​ម៉ាឡេស៊ី​ផង។



យ៉ាងណាក៏ដោយ​បើទោះជា​អ្នកនយោបាយ​ប្រឆាំង​ទាំងនេះ​ល្បីល្បាញ​និង​តស៊ូ​ស្ទើ​តែ​ពាក់កណ្តាល​ជីវិត​ក៏ដោយ ពួកគាត់​កាន់តែ​មាន​វ័យ​ចំណាស់​ខ្លាំងណាស់​ទៅហើយ ហើយ​គេ​ក៏​មិនឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា​អ្នកនយោបាយ​ប្រឆាំង​ទាំងនេះ​អាចមាន​លទ្ធភាព​ឡើងកាន់​កាប់​តំណែង​កំពូល​របស់​រដ្ឋ​តាម​ខ្លួន​ចង់បាន​ដែរ។

សូម​ស្តាប់​ការពន្យល់​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ


គណបក្សប្រឆាំង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​នយោបាយ ហើយ​គណបក្សប្រឆាំង​នេះ​ក៏​ជា​អ្នក​រួម​ជា​ចំណែក​ក្នុង​ការចូលរួម​ជំ​រុញអោយ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មាន​ភាពល្អ​ប្រសើរ​ផងដែរ។ គណបក្សប្រឆាំង​មិន​ត្រឹមតែ​ជា​អ្នកប្រកួតប្រជែង និង​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​នេះ តែ​វា​ក៏មាន​តួនាទី​ក្នុង​ការដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សកម្មភាព​របស់ខ្លួន សម្រេចចិត្ត​ប្រកបដោយ​ភាពត្រឹមត្រូវ តម្លាភាព និង អាច​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​យ៉ាងណា​មាន​ប្រសិទ្ធិភាព។

ប្រសិនបើ​គ្មាន​តួនាទី​របស់​គណបក្សប្រឆាំង​ទេនោះ សង្គម​មួយ​ប្រហែលជា​មិនអាច​វិ​វត្ត​ទៅមុខ​បានល្អ​ប្រសើរ នោះឡើយ។ ថ្ងៃនេះ ខ្ញុំ​សូម​លើកយក​មេដឹកនាំ​គណបក្សប្រឆាំង​រដ្ឋាភិបាល​ចំនួន​បីនាក់ ដែល​ល្បីល្បាញ​បំផុត​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​ផងដែរ ហើយ​មេដឹកនាំ​ទាំងនោះ​ស្ថិតក្នុង​អាជីព​ជា​អ្នកនយោបាយ​ប្រឆាំង​អស់​ពេល​ជាច្រើន​ទសវត្ស​មកហើយ។ បើទោះជា​ជីវិត​ពោរពេញ​ទៅដោយ​ការតស៊ូ និង​គ្រោះថ្នាក់​ខ្លាំង​ក៏ពិតមែន តែ​ក្នុងនាម​ជា​អ្នកការពារ​ប្រយោជន៍​សង្គម​អ្នកនយោបាយ​ប្រឆាំង​ទាំងនោះ មិន​ដែរ​រួញរា​ក្នុង​ការបន្ត​ធ្វើជា​អ្នកនយោបាយ​ប្រឆាំង​នោះឡើយ។

អ្នកនយោបាយ​ទីមួយ​គឺ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា ដែល​លោក​បាន​តស៊ូ និង​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុ​ជាទី២ផុស​រូបរាង​ឡើងមក​ម្ល៉េះ​នោះ។ កើត​នៅក្នុង​ឆ្នាំ ១៩៤៩ លោក សម រង្ស៊ី ធ្លាប់​រស់នៅ​ក្នុងប្រទេស​បារាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មុននឹង​លោក​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ ១៩៩២។ លោក​បានចាប់ផ្តើម​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច និង​ធ្វើជា​អ្នកតំណាង​របស់​ព្រះអង្គម្ចាស់​នរោត្តមរ​ណ​ឬ​ទ្ធ ប្រចាំ​នៅ​អឺរ៉ុប​តាំងពី​ឆ្នាំ១៩៨៩ មកម្ល៉េះ។

លោក ធ្លាប់មាន​បទ​ពិ​សោ​ន៍​ច្រើន​ក្នុង​វិស័យ​នយោបាយ ហើយ​ក្នុងនោះ​លោក​ក៏​ធ្លាប់​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ក្រោយ​បោះឆ្នោត​ឆ្នាំ១៩៩៣ និង​ក្រោយមក​ត្រូវបាន​គេ​ហូត​តំណែង​ក្នុង​ឆ្នាំ ១៩៩៤ ដោយសារ​បញ្ហានយោបាយ។ យ៉ាងណាក៏ដោយ​លោក សមរង្ស៊ី បាន​បន្ត​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ដ​ដែរ ដោយ​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន កាល​ដំបូង​ឡើយ​លោក​បង្កើត​គណបក្ស​មួយ​ឈ្មោះថា​គណបក្ស​ជាតិខ្មែរ ក្រោយមក​ក៏​ផ្លាស់ប្តូរ​ឈ្មោះ​ជា​គណបក្ស​សម រង្ស៊ី តែម្តង។ លោក សម រង្ស៊ី បាន​បន្តការងារ​ជា​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន ហើយ​លោក​ក៏​ជា​តំណាងរាស្ត្រ​ប្រចាំខេត្ត​កំពង់ចាម។

 ក្នុង​អាជីព​ជា​អ្នកនយោបាយ​លោក សម រង្ស៊ី ក្លាយជា​អ្នកនយោបាយ​ប្រឆាំង​ដ៏​ល្បីឈ្មោះ​ម្នាក់ ដោយសារ​គោលនយោបាយ​ដ៏​ប៉ិនប្រសព្វ​ក្នុងការ​ប្រឆាំង​រដ្ឋាភិបាល។ យ៉ាងណាមិញ​លោក​សម រង្ស៊ី​ប្រឈមមុខ​នឹង​ការចាប់ខ្លួន ឬ​ការគំរាមកំហែង​ជាដើម ដោយសារ​ការ​ជ្រៀ​ជ្រែក​និង​កកូរកកាយ​បញ្ហារ​ស៊ើប​របស់​រដ្ឋាភិបាល​មាន​ទាំង​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម បញ្ហា​ពុករលួយ បក្សពួកនិយម នៅក្នុង​ស្ថាប័ន​សាធារណ​ជាដើម។ ប៉ុន្តែ​បើទោះជា​លោក​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ និង​បាន​តស៊ូ​ក្នុង​វិស័យ​នយោបាយ​អស់​ពេល​ជាង២ទសវត្ស​មកហើយ​ក៏ដោយ ក៏​លទ្ធភាព​នៃ​ការយក​ឈ្នះ​ដៃគូ​ប្រជែង​របស់លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហាក់​មាន​កម្រិត​ទាប​ណាស់។

ទី​ពីរ អ្នកនយោបាយ​ប្រឆាំង​ជើងចាស់​ល្បីល្បាញ​បំផុត​មួយ​មាន​វ័យ ៦៩ឆ្នាំ លោកស្រី អ៊ុង​សាង ស៊ូ​ជី ត្រូវបាន​មនុស្ស​ជាច្រើន​កោតសរសើរ និង ទទួលស្គាល់។ លោកស្រី ស៊ូ​ជី កើត​ឆ្នាំ១៩៤៥ ជា​កូនស្រី​របស់​បិតា​ឯករាជ្យ​មី​យ៉ាន់​ម៉ា​លោក អ៊ុង​សាន បច្ចុប្បន្ននេះ​លោកស្រី​បំពេញការងារ​ជា​ប្រធាន​គណបក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ។

លោកស្រី​បានទទួល​ការអប់រំ​ផ្នែក​សេដ្ឋកិច្ច នយោបាយ នៅ​សាកលវិទ្យាល័យ Oxfordនៅ​ឆ្នាំ១៩៦។  តាមពិតទៅ​លោកស្រី​បាន​ក្លាយជា​ប្រធាន​គណបក្សប្រឆាំង​តាំងពី​ឆ្នាំ១៩៨៨ មកម្ល៉េះ ពោលគឺ​តាំងពី​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​របប​យោធា​ផ្តាច់ការ ហើយ​ម្យ៉ាងវិញទៀត​លោកស្រី​បានក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី​ក្នុង​ការដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស។ យ៉ាងណាក៏ដោយ​នៅក្នុង​ឆ្នាំ១៩៩១ គណបក្ស​របស់លោក​ស្រី​បានឈ្នះ​ឆ្នោត ប៉ុន្តែ​លទ្ធផល​ត្រូវ​ក្រុម​យោធា​ទាត់ចោល។តាមពិតទៅ លោកស្រី​ត្រូវបាន​ក្រុម​យោធា​ឃុំឃាំង​ក្នុងផ្ទះ​តាំងពី​ឆ្នាំ ១៩៨៩ ដោយ​រង​ការចោទប្រកាន់ថា​ព្យាយាម​ធ្វើ​វិទ្ធង្សនា​របប​យោធា។ បើទោះជា​លោកស្រី​ស្ថិតក្រោម​ការឃុំ​ឃាំង​ក៏ដោយ​លោកស្រី​នៅតែមាន​តួនាទី​សំខាន់​ក្នុង​ការជំរុញអោយ​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​របប​សឹក​រីកដុះដាល​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។

រហូតដល់​ឆ្នាំ២០១០ទើប​លោកស្រី​ត្រូវបាន​គេ​ដោះលែង​អោយមាន​សេរីភាព​ជាមួយ​បណ្តា​អ្នកទោសនយោបាយ​ផ្សេងទៀត ហើយ​ដល់​ឆ្នាំ២០១១ របប​សឹក​ក៏​រលំរលាយ​អស់​ទៅទៀត។ យ៉ាងណាក៏ដោយ​រយៈពេល​ជាង២ទសវត្ស​ទៅហើយ ដែល​លោកស្រី​ប្រលូក​ក្នុង​វិស័យ​នយោបាយ និង​ដើរតួនាទី​មេដឹកនាំ​បក្សប្រឆាំង ប៉ុន្តែ​ក្តីសង្ឃឹម​តិចតួច​ណាស់​ស​ម្រា​ប់លោក​ស្រី​ក្នុងការ​ក្លាយខ្លួនជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា។

នៅពេលនេះ​លោកស្រី​មាន​វ័យ​ជិត៧០ហើយ ហើយ​លោកស្រី​ក៏​ត្រូវបាន​ហាមឃាត់​មិនអោយ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន​នោះឡើយ ដោយសារតែ​លោកស្រី​មាន​ស្វាមី​និង​កូន​ជា​ជនបរទេស ដែល​លក្ខខណ្ឌ​នេះ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បន្សល់​ពី​របប​សឹក។ បើសិនជា​គ្មាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ទេ លោកស្រី​នៅតែ​មិនអាច​មានលទ្ធភាព​ក្លាយជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ដ​ដែរ។
 
ចុងក្រោយ មេដឹកនាំ​បក្សប្រឆាំង​ដែល​តស៊ូ​អស់​ពេល​ច្រើន​ឆ្នាំ និង​ល្បីឈ្មោះ​ប្រចាំ​អាស៊ីអាគ្នេយ៍​ដែរនោះ គឺ​លោក អាន់​វ៉ា អ៊ី​ប្រ៉ា​ហ៊ីម ប្រធាន​គណបក្សប្រឆាំង​ម៉ាឡេស៊ី។ លោក អ៊ី​ប្រ៉ា​ហ៊ីម កើត​នៅក្នុង​ឆ្នាំ ១៩៤៧ លោក​មានបទពិសោធន៍​ជ្រៅជ្រះ​ផ្នែក​នយោបាយ ចាប់តាំងពី​ឆ្នាំ ១៩៨១មក​លោក​ចាប់ផ្តើម​មានឈ្មោះ​បោះ​សម្លេង​ខ្លាំង​ក្នុង​វិស័យ​នយោបាយ​ម៉ាឡេស៊ី។ ដំបូង​ឡើយ​លោក អ៊ី​ប្រ៉ា​ហ៊ីម បំពេញ​តួនាទី​ជា​មេដឹកនាំ​អង្គការ​យុវជន​ឥស្លាម​នៅ​ឆ្នាំ១៩៨២ ហើយ​ក្រោយមក​បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ យុវជន និង​កីឡា​នៃ​គណរដ្ឋមន្ត្រី​លោក  Mahathir bin Mohamad នៅក្នុង​ឆ្នាំ១៩៨៣ ។ ក្រោយមក​លោក​បាន​ត្រលប់​ទៅកាន់​កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឆ្នាំ ១៩៨៤ និង​បន្តទៅ​កាន់កាប់​តំណែង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ឆ្នាំ ១៩៨៦ ។

គួរ​បញ្ជាក់ថា​ក្នុងពេលដែល​លោក​បំពេញការងារ​ជា​រដ្ឋមន្ត្រីក្រសួង​អបរំ វិស័យ​អប់រំ​នៅ​ម៉ាឡេស៊ី​មានការ​ប្រែប្រួល​ឆាប់រហ័ស និង​មាន​ភាពល្អប្រសើរ​ថែម​ទៀតផង ទើប​ដល់​ឆ្នាំ ១៩៩១ គេ​តែងតាំង​លោក​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថែមទៀត​ផង​ដោយសារ​លោក​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ។ ប៉ុន្តែ​ការងារ​របស់លោក​ចាប់ផ្តើម​មាន​បញ្ហា ក្នុងពេល​តំបន់​អាស៊ាន​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ១៩៩៧ ហើយ​លោក​ក៏​បាត់បង់​តំណែង និង​ប្រឈម​ការជាប់​ពន្ធនាគារ​ដោយ​រង​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ។

រហូតមកដល់​ឆ្នាំ ២០០៨ លោក​ក៏បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាថ្មីទៀត​ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា ហើយ​លោក​ក៏​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ។ យ៉ាងណាក៏ដោយ​រឿងរ៉ាវ​នេះ​ស្ងប់ស្ងាត់​ម្តង​ហើយ​តែ​ក្រោយមក​នៅក្នុង​ឆ្នាំ ២០១៤នេះ តុលាការ​បាន​កោះហៅ​លោក​ជាថ្មីទៀត តែ​លោក អ៊ី​ប្រ៉ា​ហ៊ីម​អះអាងថា តុលាការ​ម៉ាឡេស៊ី​កំពុងតែ​ស្ថិត​ក្រោយ​ឥទ្ធិពល​នយោបាយ​របស់​រដ្ឋាភិបាល​លោក Najib Razak តែប៉ុណ្ណោះ៕    



© រក្សាសិទ្ធិដោយ thmeythmey.com