ជាតិ
បទវិភាគ
កំណត់​ទូត​មិន​គ្រប់គ្រាន់​សម្រាប់​ការប្រមាថ​របស់​ទាហាន​ថៃ!
18, Dec 2014 , 9:37 pm        
រូបភាព
ដោយ:
ស្ត្រី​ខ្មែរ​ម្នាក់​ទៀតហើយ​ដែល​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​ទី៩ ខែធ្នូ ឆ្នាំ២០១៤ ខណៈដែល​ជនរងគ្រោះ​និង​ស្ត្រី៤នាក់​ទៀត​ដែល​រស់នៅក្នុង​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឆ្លង​ចូលទៅក្នុង​ទឹកដី​ថៃ​ដោយ​មិន​ខ្លួន​ដើម្បីរ​កដក​ផ្សិត​និង​អនុផល​ព្រៃឈើ​ជាថ្មី​ផ្សេងទៀត។ នេះ​ជា​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​រាប់សិប​នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​ថៃ។ កំណត់​ទូត​តវ៉ា​មិន​គ្រប់គ្រាន់​ទេ​ចំពោះ​អំពើ​អមនុស្ស​ធម៌​ដដែលៗ​​បែបនេះ។


ព័ត៌មាន​ស្តីពី​ការបាញ់ប្រហារ​ទៅលើ​ពលករ​ឆ្លងដែន​ខ្មែរ​បណ្តាល​ឲ្យ​ស្លាប់​បាន​កើតឡើង​ជាថ្មី​ទៀតហើយ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ដើម្បី​រក​អនុផល​ព្រៃឈើ ឬ​អ្នក​ខ្លះទៅ​ស៊ីឈ្នួល​គេ​អូស​ឈើ​ក្រញូង​ក្នុងព្រៃ និង​អ្នក​ខ្លះទៀត​គ្រាន់តែ​គេ​សង្ស័យថា​ចោរលួច​ម៉ូតូ​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់​ជា​បន្តបន្ទាប់។

នេះ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ព្រឺ​ខ្លាច​និង​មិនគួរ​ឲ្យ​ជឿ​ពីព្រោះថា ប្រទេសមួយ​ដែលមាន​អា​រិ​យ​ធម៌​គួរសម​ដែរ​នៅ​អាស៊ី​បែរជា​ក្លាយជា​ប្រទេស​ប្រើ​ច្បាប់​ព្រៃ​សម្លាប់​មនុស្ស​គ្មាន​ច្បាប់ទម្លាប់​បែបនេះ​ទៅវិញ។ ម្តង​ហើយ​ម្តងទៀត ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ស្ទើរតែ​រាប់​ភ្លេច​ទៅហើយ​ទៅកាន់​ក្រសួងការបរទេស​ថៃ​ដើម្បី​សម្តែង​ការ​ថ្កោលទោស និង​ទាមទារ​ឲ្យ​ទាហាន​ថៃ​បញ្ឈប់​អំពើ​អមនុស្សធម៌​នេះ។

កំណត់​ទូត​ថ្មី​មួយទៀត​ត្រូវបាន​ផ្ញើ​ទៅ​ក្រសួងការបរទេស​ថៃ​កាល​ថ្ងៃទី១៧ធ្នូ ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​ដ៏​អមនុស្សធម៌​របស់​ទាហាន​ថៃ​តាម​ព្រំដែន​ដែល​បាន​បាញ់ប្រហារ​មកលើ​ស្ត្រី​ខ្មែរ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី៩ធ្នូ​ដោយ​ក្រាន់តែ​ជនរងគ្រោះ​ឆ្លង​ចូល​ទឹកដី​របស់ខ្លួន​ដោយ​មិនបាន​ដឹង​ពី​ទីតាំង​ព្រំដែន។ ប៉ុន្តែ គេ​ជឿជាក់ថា កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​មិន​បានធ្វើ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​អំពើ​ឃោរឃៅ​នៃ​កង​ទាហាន​របស់ខ្លួន​ឡើយ។

ជាការ​ពិតណាស់ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាននាំគ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ។ ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​មានបំណង​ត្រឹម​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ។ ដើម្បី​អាច​ចូលក្នុង​ប្រទេស​ថៃ​បាន មាន​អ្នកខ្លះ​បាន​ឆ្លងដែន​ដោយ​ស្របច្បាប់ អ្នកខ្លះ​ទៀត​ដោយ​ខុសច្បាប់​តាម​ច្រករបៀងផ្សេង។ ការឆ្លង​ដែន​ទៅរក​ការងារ​ធ្វើជា​រឿង​មួយ តែ​អ្នកខ្លះ​បាន​ប្រថុយ​ជីវិត​ឆ្លងដែន​ទៅ​ស៊ីឈ្នួល​កាប់​ឈើ​ឲ្យ​គេ​ក្នុងព្រៃ​ក្នុង​ទឹកដី​ថៃ​ដើម្បី​ប្រាក់​បន្តិចបន្តួច។

ទាំងនេះ​ពិតជា​កំហុស​របស់​ពលរដ្ឋ​កម្ពុជា​ទាំងនោះ​ឬក៏​ជា​កំហុស​របស់​អាជ្ញាធរ​ដែ​ន​ដី​ដែល​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​របស់ខ្លួន​មិន​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ទៅក្នុង​ទឹកដី​គេ​បាន។ ប៉ុន្តែ ទោះជា​ក្នុង​លក្ខខណ្ឌ​ណាមួយ​ក៏ដោយចុះ ការបាញ់សម្លាប់​មនុស្ស​ជា​រឿង​ដែល​មិនអាច​ធ្វើ​បានឡើយ​នៅក្នុង​ប្រទេស​នីតិរដ្ឋ​ដែល​មិនមែនជា​ប្រទេស​ដែល​ប្រើ​ច្បាប់​ព្រៃ​នោះ។ អាជ្ញាធរ​ថៃ​មាន​សិទ្ធិ​ពេញទី​ក្នុងការ​ចាប់ខ្លួន​ពលរ​ដ្ឋ​ខ្មែរ​ទាំងនោះ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​របស់ខ្លួន ប៉ុន្តែ មិនមែនជា​ការបាញ់សម្លាប់។

នៅក្នុង​បរិបទ​នេះ ថៃ​ដែលជា​ប្រទេស​ស៊ី​វិ​ល័យ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែរនោះ ប្រហែលជា​ត្រូវ​រៀន​សូក​ត្រ​យក​គំរូ​តាម​កម្ពុជា​វិញ​ទើប​ជាការ​ត្រឹមត្រូវ។ កម្ពុជា ថ្វីដ្បិតតែ​ជា​ប្រទេស​ក្រីក្រ ទើបតែ​ងើប​ចេញពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ប៉ុន្តែ កម្ពុជា​បានបង្ហាញ​ពី​ការគោរព​សិទ្ធិ​ពលរដ្ឋ​ប្រទេសជិតខាង​បាន​យ៉ាង​ល្អ​ទោះបីជា​ពលរដ្ឋ​ទាំងនោះ​ឆ្លងដែន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ឬ​មាន​ចេតនា​អាក្រក់​ក៏ដោយចុះ។

ជាក់ស្តែង ពលរដ្ឋ​ថៃ​ដែល​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ទោះ​ក្នុង​រូបភាព​ណាក៏ដោយ សុទ្ធតែ​ត្រូវបាន​គោរព​សិទ្ធិ​ស្របច្បាប់​យ៉ាង​ពេញលេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។ សូម្បីតែ​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​ឆ្លង​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ទាំងពីរ​កំពុងមាន​ជម្លោះ​តានតឹង ក៏​ពួកគេ​មិនត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បាញ់សម្លាប់​ដែរ។ ពួកគេ​ត្រូវបាន​ឃុំខ្លួន​និង​កាត់ទោស​ក្នុងស្ថានភាព​គោរព​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ។ ទីបំផុត ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ​កាលកំណត់​ទៀតផង។

ប៉ុន្តែ ជីវិត​ពលរដ្ឋ​ខ្មែរ​ត្រូវបាន​ទាហាន​ថៃ​ប្រមាថ​ម្តង​ហើយ​ម្តងទៀត។ ចំណែក​ភាគី​កម្ពុជា​វិញ​បានត្រឹមតែ​ធ្វើ​កំណត់​ទូត​តវ៉ា​ដែល​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់​ទៅលើ​ភាគី​ថៃ។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុងភ្នំពេញ​គួរតែ​ដំឡើង​កម្រិត​នៃ​ការតវ៉ា​របស់ខ្លួន​មួយកម្រិត​ទៀត។ មាន​មធ្យោបាយ​ច្រើនយ៉ាង​ណាស់​ដែល​រដ្ឋាភិបាល​ភ្នំពេញ​ត្រូវធ្វើ​ដើម្បី​បង្ហាញ​ភាគី​ថៃ​ថា ជីវិត​មួយ​របស់​ខ្មែរ​មិនអាច​ត្រូវបាន​ទាហាន​ថៃ​ប្រមាថ​ដោយស្រួលៗឡើយ។

ប្រសិនបើ​កំណត់​ទូត​គ្មាន​ប្រសិទ្ធភាព កម្ពុជា​គួរ​ប្តឹងទៅ​ស្ថាប័ន​អន្តរជាតិ​ទាំងឡាយណា​ដែល​ធ្វើការ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​និង​សិទ្ធិមនុស្ស។ យ៉ាងហោចណាស់​ក៏បាន​លឺ​សំឡេង​តវ៉ា​កងរំពង​ប្រសើរ​ជាង​កំណត់​ទូត​ដែរ។ ក្រៅពីនោះ កម្ពុជា​ក៏​គួរតែ​ទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូត​ខ្លះ​ជាមួយ​ថៃ​ដើម្បី​ជាការ​ព្រមាន។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ភាពទន់ភ្លន់​នឹង​ក្លាយជា​ភាព​ទន់ជ្រាយ​រហូតដល់​ប្រទេសជិតខាង​មាក់ងាយ​គ្មាន​ទីបំផុត​ឡើយ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com