ជាតិ
បទវិភាគ
កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​នៃ​គណបក្ស​ប្រជាជន​ចាប់ផ្តើម​ចេញ​លទ្ធផល!
19, Dec 2014 , 12:05 pm        
រូបភាព
ភ្នំពេញ៖ បើ​គិត​សរុប​តាំងពី​ក្រោយ​ឆ្នាំ១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់កាប់​អំណាច​ប្រមាណ​ជា៣៥ឆ្នាំ​ហើយ។ ក្នុង​រយៈពេល​ជាង៣០ឆ្នាំនេះ អ្នកខ្លះ​ផ្តល់​គុណសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​អោយ​រួច​ជីវិត​ចេញពី​របប​ប្រល័យពូជសាសន៍។ អ្នក​ខ្លះទៀត ផ្តល់​គុណសម្បត្តិ​តិចតួច​បំផុត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ចោទប្រកាន់​គណបក្ស​នេះ​ថា មិនបាន​ធ្វើ​កំណែ​ង​ទម្រង់​អ្វី​ទាល់តែសោះ ហើយ​ពេលខ្លះ គណបក្ស​នេះ គិតតែ​ពី​ពង្រឹង​អំណាច​បក្សពួក និង​បំផ្លាញ​ធន​ធន​ធម្មជាតិ​ទៅវិញ។ បើ​ផ្អែកលើ​ការពិត តើ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ធ្វើកំណែទម្រង់​ហើយ​ឬ​នៅ? ហើយ​ថា តើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​លទ្ធផល​ខ្លះ​ហើយ​ឬ​នៅ?



ដោយ​មិន​អត្ថាធិប្បាយ​ក្នុងអំឡុង​ឆ្នាំ១៩៧៩ និង១៩៩៣ ពីព្រោះ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​ស្ថិតក្នុង​ស្ថានការណ៍​សន្តិភាព​ផង និង​សង្គ្រាម​ផង ហើយក៏​មិន​និយាយ​ផងដែរ​ក្នុងអំឡុង​ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៨ ពីព្រោះ​ពេលនោះ វា​គឺជា​ពេលវេលា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់រវល់​ប្រជែង​នយោបាយ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​លោក សម រង្ស៊ី គណបក្ស​លោកតា ស៊ឺន សាន និង​ជាប់រវល់​បញ្ចប់​រចនា​សម្ព័ន្ធ​ខ្មែរក្រហម​ចុងក្រោយ​នោះ  អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​តាំងពី​ច្រើន​ទសវត្សរ៍​មកហើយ​បាន ចោទ​ជា​សំណួរ​ថា តើ​ពេលណា​ទៅ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ធ្វើកំណែទម្រង់​ពិតប្រាកដ​ស៊ីជម្រៅ​ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​របស់ខ្លួន?

ពី​ឆ្នាំ១៩៩៨-២០០៣, ពី២០០៣ ដល់២០០៨, និង២០០៨ដល់២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយថ្មីៗ និង​យុទ្ធសាស្ត្រ​កំណែទម្រង់ថ្មីៗសម្រាប់​ជាតិ និង​សម្រាប់​ប្រជាពលរដ្ឋ។ ក្នុង​តំណែង​របស់លោក​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតែ​សំណូមពរ​អោយ​មន្ត្រី​ថ្នាក់​ក្រោមបង្គាប់ ធ្វើ​កិច្ចការ​គ្រប់យ៉ាង​ដើម្បី​ជាតិ។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ វា​ជា​រឿង​ផ្សេង​មួយទៀត។
បើទោះបីជា​សកម្មភាព​កំណែទម្រង់​ពី១៩៩៨ ដល់​ឆ្នាំ២០១៣ ហាក់បីដូចជា​ធ្វើដំណើរ​ទៅមុខយឺតៗក៏ដោយ​ក្តី ក៏​ការតាំង​ចិត្ត និង​សកម្មភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុងធ្វើដំណើរ​លឿន​ទៅមុខ​គួរសម​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣កន្លងមក។

ឆន្ទៈ​កំណែទម្រង់​ចាប់ផ្តើម​ពិតប្រាកដ​ក្រោយ​ឆ្នាំ២០១៣កន្លងមកនេះ។ តែ​អ្នក​មិន​សប្បាយ​ចិត្តនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​គិតថា គណបក្សកាន់អំណាច​ដ៏​យូរលង់​មួយ​នេះ គ្មាន​បានធ្វើ​កំណែទម្រង់​អ្វី​ទាំងអស់។ ប៉ុន្តែ សម្រាប់​មនុស្ស​ដែលមាន​ជំហរ«កណ្តាល»វិញ ក្រោយ​ឆ្នាំ២០១៣ ពោលគឺ​ក្រោយ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចំនួន​កៅអី​ពី៩០ មក​នៅត្រឹមតែ៦៨កៅអី ពោលគឺ​គណបក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បាត់បង​អាស្ន​នៈ​ចំនួន២២ នៅក្នុង​រដ្ឋសភាជាតិ​នោះ ល្បឿន​នៃ​កំណែទម្រង់​បានធ្វើ​ដំណើរ​ទៅមុខ​គួរអោយកត់សម្គាល់។ និយាយ​បែប​ផ្សេង មានន័យថា គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ធ្វើកំណែទម្រង់​ស៊ីជម្រៅ បន្ទាប់ពី​គណបក្សកាន់អំណាច​យូរ​មួយ​នេះ បរាជ័យ​ជា​ចំនួន​កៅអី កាលពី​ឆ្នាំ២០១៣កន្លងមក។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ធ្លាប់​បានទទួល​ថា ប្រសិនបើ​គណបក្ស​មិន​កែទម្រង់ គណបក្ស​នឹង​ស្លាប់ តែបើ​គណបក្ស​កែទម្រង់ គណបក្ស​នឹង​បន្ត​រស់​ទៅមុខទៀត។

តាមរយៈ​ការទទួលស្គាល់​ចំណុច​ខ្វះខាត​របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បន្ត​ដឹកនាំ​រដ្ឋាភិបាល បានសម្រេច​ចិត្ត​កែទម្រង់​ស៊ីជម្រៅ​សម្រាប់​អាណត្តិ​ទី៥នេះ។ កំណែទម្រង់ធំៗដែល​រាស្ត្រ​ខ្មែរ​មើលឃើញ​មុនគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាក់​បញ្ចូល​ឈាម​ថ្មី(យុវជន​បក្ស)ទៅក្នុង​ជួរ​រដ្ឋាភិបាល​ចាស់ ដែល​មន្ត្រី​ភាគច្រើន​បាន​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ឆ្នាំ១៩៧៩មកម្ល៉េះ ។ នៅក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥របស់​គណបក្ស​ប្រជាជន​កម្ពុជា គេ​សង្កេតឃើញ​មាន​រដ្ឋមន្ត្រី​វ័យក្មេង និង​វ័យ​កណ្តាល​សម្រាប់​ដឹកនាំ​ក្រសួង​មួយចំនួន ក្នុងនោះ​មាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ល។ ក្រៅពីនោះ រដ្ឋមន្ត្រី​មួយចំនួនធំ​ស្ថិតក្នុង​វ័យ​ចំណាស់​បន្តិច​ហើយ។ ដោយ​មិន​និយាយ​ពី​ធន​ធន​មនុស្ស​ក្នុង​ក្របខ័ណ្ឌ​តំណែង​រដ្ឋមន្ត្រី គេ​ក៏​សង្កេតឃើញ​ផងដែរ តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ធនធានមនុស្ស​វ័យក្មេង​មួយចំនួន​ផ្សេងទៀត​ត្រូវបានតែងតាំង​នៅក្នុង​តំណែងផ្សេងៗនៅក្នុង​រដ្ឋបាល​របស់​លោក ហ៊ុន សែន។

នៅក្នុង​វិស័យ​អប់រំ កំណែទម្រង់​ពេល​ប្រឡង​បាក់​ឌុប​ត្រូវបាន​មហាជន​ទូទាំងប្រទេស​កម្ពុជា​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាក់បៀវត្សរ៍​គ្រូបង្រៀន និង​មន្ត្រីរាជការផ្សេងៗទៀត​ក៏​ត្រូវបាន​រដ្ឋាភិបាល​ថ្មី​សម្រួល​ដំឡើង​អោយបាន​គួរសម​ផងដែរ។

នៅក្នុង​សេវាសាធារណៈ​ជាទូទៅ​វិញ មន្ត្រីរាជការ​ថ្នាក់ក្រោម​ចាប់ផ្តើម​បម្រើ​ប្រជាពលរដ្ឋ​សកម្ម​ជាង​មុន ដោយ​ទារ​កម្រៃជើងសារ​តិចជាង​មុន បើទោះបីជា​អំពើ​ផ្តេសផ្តាស​មួយចំនួន​នៅតែមាន​ក្តី។ មន្ត្រីរាជការ​ថ្នាក់ក្រោម ថ្នាក់កណ្តាល និង​ថា្នក់​លើ​គោរព​ការងារ​រដ្ឋ​ច្រើនជាង​មុន។ មន្ត្រី​ចេះ​ព្រួយបារម្ភ​ពី​ការងារ​រដ្ឋ ពីព្រោះ ពួកគេ​ខ្លាច​ទទួលទោស​រដ្ឋបាល​ច្រើនជាង​មុន។ មន្ត្រីរាជការ​ខ្លះ ចាប់ផ្តើម​ចេះ​អៀនខ្មាស​ចំពោះ​មហាជន នៅពេលដែល​ពួកគេ​នៅ​បន្ត​មាន​វត្តមាន​នៅក្នុង​ហាង​ស្រស់ស្រូប​អាហារ​ពេលព្រឹក ក្នុងខណៈ​ពេលដែល​ម៉ោង​ការងារ​របស់​រដ្ឋ​បានចាប់ផ្តើម​ហើយ​នោះ។ អំពើពុករលួយ​ត្រូវបាន​កាត់បន្ថយ​ខ្លះ និង​លែង​សូវ​សម្ញែង​ដូច​មុន។
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដំណើរការ​ដោយ​រលូន និង​បាន​ចាប់ខ្លួន​ជន​ពុករលួយ​មួយចំនួន​ចាប់តាំងពី​ការបង្កើត​ស្ថាប័ន​នេះ​នៅ​ឆ្នាំ២០១០ កន្លងមក។

គណបក្សប្រឆាំង​មាន​សិទ្ធិ​កោះហៅ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​មក​សាកសួ​រ​ទៅតាម​កាលវិភាគ​របស់​រដ្ឋសភាជាតិ។ រដ្ឋាភិបាល​អនុញ្ញាតអោយ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​អោយ​ចប់​នៅមុន​ដំណាច់ឆ្នាំ២០១៨ ។ រដ្ឋាភិបាល​បាន និង​កំពុង​បន្ត​តែងតាំង​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​អោយបាន​ច្រើនជាង​មុន។ លំហូរ​ព័ត៌មាន​កាន់តែ​ទំ​លំ​ទូលាយ​ជាង​មុន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​អនុញ្ញាតអោយ​មាន​វត្តមាន​ទូរទស្សន៍​កាន់កាប់​ដោយ​បក្សប្រឆាំង។ លើសពីនេះទៅទៀត មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវបានតែងតាំង​អោយមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​ក្នុង​ការចរចា ឬ​សន្ទនា​ពី​កិច្ចការ​ប្រទេសជាតិ​នានា​ជាមួយ​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង។

ចំពោះ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត តាម​សំណើរ​របស់​មហាជន សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវបានធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។

ងាក​មក​និយាយ​ពី​បញ្ហា​សង្គម​សេដ្ឋកិច្ច​វិញ គេ​សង្កេតឃើញថា រដ្ឋាភិបាល​បានសម្រេច​បង្ខំ​អោយ​ក្រុមហ៊ុន​ប្រេង​បញ្ចុះតម្លៃ​ប្រេងសាំង។ រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​វិវាទ​ដីធ្លី និង​ជំរុញ​ការដកហូត​អាជ្ញាប័ណ្ណ​មួយចំនួន​ពី​ក្រុមហ៊ុន​ណា​ដែល​មិន​បានធ្វើ​សកម្មភាព។

សរុបសេចក្តី​មកវិញ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​លទ្ធផល​ជាបណ្តើរៗរួចហើយ។ ប៉ុន្តែ​គ្រាន់​ថា លទ្ធផល​ទាំងនោះ មិនទាន់​អាចបំពេញ​ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​នៅឡើយ​ទេ។

អ្នកវិភាគ​មួយចំនួន​បាន​អត្ថាធិប្បាយ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជាមាន​ឆន្ទៈ​ច្បាស់លាស់​ក្នុងការ​កែទម្រង់​ស៊ីជម្រៅ​មែន។ ប៉ុន្តែ​លោក​មិនទាន់​វះកាត់​អោយ​ខ្លាំងពេក​នោះទេ ពីព្រោះ ធនធានមនុស្ស​ក្នុង​រដ្ឋាភិបាល​នៅមានកម្រិត ជា​រឿង​ម្យ៉ាង និង​ម្យ៉ាងទៀត លោកនាយក​រដ្ឋមន្ត្រី​មាន«បំណង»ចង់អោយ​ល្បឿន​កំណែទម្រង់​នេះ​ធ្វើដំណើរ​ទៅមុខ​ដោយសន្សឹមៗប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​ទុកពេល​អោយ​មន្ត្រី​មិនល្អ ចេះ​កែខ្លួន​ឡើងវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com