ជាតិ
បទវិភាគ
សង្គមជាតិ
ខ្មែរ​រស់​ដោយសារ​គេ!
14, Oct 2015 , 10:00 am        
រូបភាព
កើតមក​ភ្លាម ទារក​ខ្មែរ​បៅ​ទឹកដោះ​នាំចូល​ពី​បរទេស។ ធំ​ដឹងក្តី​បន្តិច កុមារ​ខ្មែរ​បរិភោគ​ទំនិញ និង​បន្លែ​នាំចូល​ពី​បរទេស ហើយ​សូម្បីតែ​ជី និង​ខ្ទឹម ក៏​ខ្មែរ​នៅ​បន្ត​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​ដែរ។ ពេញវ័យ​ចូល​សាលារៀន​ថ្នាក់ដំបូង «កុមារ​ខ្មែរ»មួយចំនួនធំ​គួរសម ទៅ​រៀន​នៅ​សាលា​បរទេស​ដែល​មក​បោះទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ទៅ​រៀន​នៅក្រៅ​ប្រទេស។



នៅពេល​ពេញវ័យ យុវជន​ខ្មែរ​ប្រើប្រាស់​សម្ភារ​ស្ទើរតែ​ទាំងអស់​ដែល​នាំចូល​ពី​បរទេស ដូចជា​ទូរ​សព្ទ ខោអាវ ម៉ូតូ រថយន្ត។ល។ ក្រោយ​រៀប​អាពាហ៍ពិពាហ៍ គូរ​ស្វាមី​ខ្មែរ​សង់​គេហដ្ឋាន​ជាមួយនឹង​គ្រឿងសំណង់​ដែល​នាំចូល​ពី​បរទេស​ភាគច្រើនបំផុត។

រៀបការ​ហើយ គ្រួសារ​ខ្មែរ​នៅតែ​ប្រើប្រាស់ និង​បន្ត​ប្រើប្រាស់​ទំនិញ និង​ម្ហូបអាហារ បរទេស​ដដែល។ នៅពេល​ធ្លាក់ខ្លួន​ឈឺ គ្រួសារ​ខ្មែរ​មួយ​ភាគ​ស្វែងរក​គ្រូពេទ្យ​បរទេស​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​កម្ពុជា ឬក៏​ចេញទៅ​ក្រៅប្រទេស​តែម្តង។ បើ​ទិញ​ថ្នាំ​ព្យាបាល​វិញ ខ្មែរ​មួយ​ភាគ​ធំ​ទិញ​ថ្នាំ​ផលិត​នៅ​បរទេស​ដដែល។

នៅពេល​ចូលដល់​វ័យ​ចំណាស់​បន្តិច គ្រួសារ​ខ្មែរ​អ្នកធូរធា​ខ្លះ នាំគ្នា​ធ្វើដំណើរ​កម្សាន្ត​ទៅ​បរទេស​ដើម្បី​លម្ហែកាយ ដើម្បី​ទទួល​ការព្យាបាល​ជំងឺ និង​ដើម្បី​ទិញ​ទំនិញ​មានតម្លៃ។
វ័យ​ជរា​មកដល់ អ្នក​ចូលនិវត្តន៍​ខ្មែរ​រស់នៅក្នុង​គេហដ្ឋាន​ដែល​សាងសង់​ដោយ​សម្ភារ​បរទេស ភាគច្រើន។ ពួកគេ​នៅ​បន្ត​ប្រើប្រាស់​ទូរ​សព្ទ រថយន្ត កុំ​ព្យួ​ទ័​រ នាំចូល​ពី​បរទេស និង​បន្ត​បរិភោគ​បន្លែ ផ្លែឈើ នាំចូល​ពី​បរទេស​ដដែល មុននឹង​លាចាក​លោក​យើង​នេះ។

ដើម្បីអោយ​ខ្មែរ​រីកចម្រើន​ខ្លាំង​អស្ចារ្យ ខ្មែរ​ត្រូវ​ខំប្រឹងប្រែង​ផលិត​ដោយ​ខ្លួនឯង ពោលគឺ​មិនត្រូវ​រង់ចាំតែ​ទិញ​ពី​គេ​នោះទេ។ ទិញ​របស់គេ មានន័យថា អោយ​លុយ​ទៅ​គេ បង្កើត​ការងារ​អោយគេ និង​ជំរុញ​សេដ្ឋកិច្ច​របស់គេ។ អ្នកទិញ​អស់ប្រាក់ អ្នកលក់​បាន​លុយ៕



© រក្សាសិទ្ធិដោយ thmeythmey.com