ជាតិ
បទវិភាគ
សង្គមជាតិ
ផលវិបាកនៃការធ្លាក់ចុះសីលធម៌ រូបភាព៖ Google
× មនុស្សមានអំណាច ជីវភាពខ្ពស់ និងមានសមត្ថភាពជ្រៅជ្រះមិនស្មើនឹងមនុស្សដែលមានសីលធម៌ល្អនោះឡើយ ។ ការវាយតម្លៃមនុស្ស ឬសង្គមមួយ ឬប្រទេសមួយថាល្អ ឬមិនល្អគេសម្លឹងទៅមើលវប្បធម៌នៃការរស់នៅរបស់មនុស្ស ឬសង្គមនោះជាមុន។ ចំនុចសំខាន់បំផុតនៃការរស់នៅរបស់មនុស្សគឺ សីលធម៌រស់នៅ។ សីលធម៌សម្គាល់នូវពាក្យទូន្មានទាំងឡាយណាដែលដឹកនាំទៅរកផ្លូវល្អនិងចៀសវាងផ្លូវអាក្រក់សម្រាប់ការរស់នៅ ។ និយាយឲ្យខ្លីសីលធម៌ សម្គាល់អំពីការអប់រំតាមផ្លូវចិត្តឲ្យបានប្រសើរថ្លៃថ្លា ។
ក្នុងការរស់នៅសីលធម៌មានច្រើនដូចជា៖ សីលធម៌ផ្ទាល់ខ្លួន សីលធម៌ក្នុងគ្រួសារសីលធម៌ក្នុងវិជ្ជាជីវៈ សីលធម៌ក្នុងសង្គម សីលធម៌ក្នុងពិភពលោក ៖
១.សីលធម៌ផ្ទាល់ខ្លួនមាន៖ ដឹងខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន ក្លាហានក្នុងផ្លូវត្រូវ។
២.សីលធម៌ក្នុងគ្រួសារមាន៖ ឪពុកម្តាយចិញ្ចឹមកូន (ដោយពុំនឹកគិតដល់ការសងគុណតបមកវិញព្រោះជាមុខងាររបស់ឪពុកម្តាយ) ធ្វើឲ្យមានភាពសុខដុម ស្រឡាញ់កូនស្មើគ្នា រៀបចំកូនឲ្យបានទៅជាពលរដ្ឋពេញលេញ ។
៣.សីលធម៌ក្នុងវិជ្ជាជីវៈមាន៖ មនសិការការងារ រកស៊ីតាមសមត្ថភាព រកស៊ីតាមសម្មាជីវោ មិនរំលោភលើអ្នកតូចជាងខ្លួន មិនធ្វើការហួសកំលាំងខ្លួនដែលនាំឲ្យមានជំងឺឥតប្រយោជន៍ ។
៤. សីលធម៌ក្នុងសង្គមមាន៖ មិនបែកបាក់គ្នា មិនមើលងាយមនុស្សផងគ្នា ស្រឡាញ់យុត្តិធម៌ រាប់អានមនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ មិនឈ្លានពានអ្នកដទៃ ។
៥.សីលធម៌ក្នុងពិភពលោកមាន៖ ការរួមរស់ដោយសន្តិភាពជាមួយប្រទេសដទៃ។
តាមការរៀបរាប់ខាងលើ បើមនុស្សម្នាក់ៗ ឬសង្គមនីមួយៗអនុវត្តបានគឺ ជាសន្តិភាព និងសុភមង្គលកើតមានជាក់ជាពុំខាន ។
យ៉ាងណាម៉ិញយើងងាករកមើលសង្គមកម្ពុជា យើងនេះវិញ ដោយសារទទួលផលវិបាកពីសង្គ្រាមកន្លងមកបានធ្វើឲ្យកម្ពុជាមានការធ្លាក់ចុះសីលធម៌សម្រាប់សង្គមយ៉ាងខ្លាំងផងដែរ ។ ទោះជាយ៉ាងណាក៏ដោយបញ្ហាសីលធម៌ សង្គមត្រូវបានដោះស្រាយជាបណ្ដើរៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា សង្គមស៊ីវិល និងភ្នាក់ងារជាច្រើនរបស់រាជរដ្ឋាភិបាល។ក៏ប៉ុន្តែការដោះស្រាយបញ្ហាសីលធម៌រស់នៅនេះបានដំណើរការល្អជាលំដាប់គឺត្រូវមានកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាសំខាន់ផ្សេងៗទៀត គឺកត្តាមនុស្សវ័យចាស់ៗ ត្រូវខិតខំ អនុវត្តនូវសកម្មភាពនិងគំនិតល្អៗជាគំរូសម្រាប់មនុស្សជំនាន់ក្រោយៗត្រូវដើរតាមក្នុងការការពារ ថែររក្សាវប្បធម៌ល្អត្រឹមត្រូវជាបន្តទៀត។
ដរាបណាមនុស្សកម្ពុជាវ័យចាស់ប្រព្រឹត្តនៅអំពើមិនល្អផ្សេងៗ តាមរយៈបុគ្គល ឬ តាមស្ថាប័នការងារក្ដីសុទ្ធតែជាមេរៀន បទពិសោធ ចំណេះដឹង ដែលជាកត្តាផ្ដល់គំរូតិចឬច្រើនមកលើមនុស្សជំនាន់ក្រោយជាក់ជាពុំខាន។ ព្រោះមនុស្សជំនាន់ក្រោយត្រូវបានគ្របដណ្ដប់ទៅដោយសកម្មភាពមិនល្អនោះចៀសពុំរួច។
ដូច្នេះទាំងអស់គ្នាត្រូវតែចូលរួមអោយបានខ្លាំងដោយមិនត្រូវបោះបង់ពីសីលធម៌រស់នៅបានឡើយ។ ការបាត់សីលធម៌មានន័យថា មនុស្សឬសង្គមនោះ ពោរពេញទៅដោយ
ជម្លោះ ព្យាបាទ ហិង្សា សង្គ្រាមកាប់សម្លាប់គ្នា គ្មានសេចក្ដីសុខ សុភមង្គលសម្រាប់ខ្លួនឯង និងសង្គមជាតិឡើយ៕
ដោយសាស្ត្រាចារ្យ អ៊ិត សាន
© រក្សាសិទ្ធិដោយ thmeythmey.com