ជាតិ
បទវិភាគ
កង្វះ​តម្លា​ភាពជា​ប្រភព​នៃ​ក្តី​មន្ទិល!
21, Dec 2014 , 10:26 pm        
រូបភាព
ដោយ:
សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី២២វិច្ឆិកា បាន​នាំ​បង្កើត​ក្តី​មន្ទិល​ជាថ្មីទៀត​បន្ទាប់ពី​លោក ថោង សារ៉ាត់ បញ្ចេញ​ឃ្លី​ប​វីដេអូ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ដោយ​អះអាងថា​សំណុំ​រឿងនេះ​ត្រូវបាន​គេ​ទម្លាក់កំហុស​លើ​រូបលោក។ នៅ​កម្ពុជា​មានរឿង​ច្រើនណាស់​ដែល​ត្រូវបាន​មហាជន​មន្ទិល​ដោយសារតែ​កង្វះ​តម្លាភាព។ ដូច្នេះ សមត្ថកិច្ច​គួរ​លាតត្រដាង​សំណុំរឿង​ឲ្យ​បានច្បាស់លាស់​ដើម្បី​ជម្រះ​មន្ទិល។



បន្ទាប់ពី​លោក​ថោង សារ៉ាត់ អ្នកជំនួញ​មាន​ដើមកំណើត​វៀតណាម​ដែល​ត្រូវបាន​អាជ្ញាធរ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​ឧកញ៉ា អ៊ឹង ម៉េង​ជឺ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ដោយ​បញ្ជាក់ថា លោក​ត្រូវបាន​គេ​ទម្លាក់កំហុស​លើ​មក​នោះ សាធារណៈមតិ​បាន​ផ្តើម​ជជែក​គ្នា​ជាថ្មីទៀត​ប្រកបដោយ​ក្តី​មន្ទិល។

ជាធម្មតា​ទេ ជនល្មើស​មិន​ងាយ​សារភាព​ទទួលកំហុស​ដោ​យងាយៗឡើយ។ ដូច្នេះ​សម្តី​របស់លោក ថោង សារ៉ាត់ មិនទាន់​អាច​ចាត់ទុកថា​ជា​រឿង​ពិត​បានទេ។ យ៉ាងណាក៏ដោយ ការទម្លាក់​កំហុស​ក៏​មិនមែនជា​រឿង​ដែល​មិនអាច​កើតមាន​នោះដែរ។ ម្យ៉ាងទៀត ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ច្រើនតែ​មិនសូវមាន​តម្លាភាព​ថែមទៀត។ ហេតុដូច្នេះ​ហើយ​បានជា​រឿង​អ្វីមួយ​ដែល​បាន​កើតឡើង​ងាយ​នឹងធ្វើ​ឲ្យ​មានការ​ប​ន្ទិ​ល​សង្ស័យ​ឬ​ការភាន់ច្រឡំ។

ចំណាត់ការ​សំណុំរឿង​ឃាតកម្ម​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​ខ្មែរ​យ៉ាងខ្លាំង​គឺជា​សំណុំរឿង​ដ៏​ធំ​ដែល​អាច​ក្លាយជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ឧទាហរណ៍​ជាច្រើន​ដើម្បី​វាស់​ស្ទង់​តម្លាភាព​របស់​សមត្ថកិច្ច។ ពិត​ហើយ​ថា ចំណាត់ការ​ទៅលើ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ​អាច​បញ្ជាក់បាន​ថា​សមត្ថកិច្ច​ខ្មែរ​ពិតជា​មិន​អន់​ទេ​ហើយក៏​មិន​ញញើត​នឹង​ចាត់ការ​ចំពោះ​ឈ្មួញ​អ្នកមាន​ប្រាក់​និង​មានអំណាច​ទៀតផង។ ប៉ុន្តែ អ្វីដែល​សាធារណជន​ចង់ឃើញ​នោះ​គឺ​យុត្តិធម៌​ពិតប្រាកដ​ដើម្បី​លុបបំបាត់​អស​និតិ​សុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត។

ជាការ​ពិតណាស់ ចាប់តាំងពី​ប្រទេសជាតិ​បានទទួល​សន្តិភាព​ពេញលេញ​តាំងពី​ឆ្នាំ១៩៩៨មក ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ផ្លែផ្កា​ពី​សន្តិភាព​នោះ​តាមរយៈ​ការធ្វើដំណើរ​ទៅណា​មក​ណា​និង​ពេល​ថ្មើ​ណា​ក៏បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​សង្គ្រាម​ដែល​បង្កឡើង​ដោយ​ពួកចោរ​ព្រៃ​ដូច​កាលពីមុន​ទៀតឡើយ។ សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​គឺជា​អ្វីដែល​កម្ពុជា​កម្រ​បាន​ជួបប្រទះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។

ប៉ុន្តែ ទន្ទឹមនឹង​ការបិទ​បញ្ចប់សង្គ្រាម​ស៊ីវិល បញ្ហា​អសន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ជន​សង្គមងងឹត​នៅតែ​បន្ត​តាម​រំខាន​អារម្មណ៍​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់ទិសទី​ដែលជា​ញឹកញយ​ធ្វើ​ឲ្យ​ពួកគេ​ខ្វះ​សេចក្តីសុខ​ខាង​ផ្លូវចិត្ត។ អំពើចោរកម្ម លួច ប្លន់ អំពើ​ឃាតកម្ម បញ្ហា​គ្រឿងញៀន និង​ការបង្ក​ភាពអនាធិបតេយ្យ​គ្មាន​ខ្លាចញញើត​ច្បាប់​ពី​សំណាក់​ក្រុមក្មេងស្ទាវ​ដែល​មួយចំនួន​ជា​កូនអ្នកមាន​លុយ និង​មានអំណាច​គឺជា​ព្រឹត្តិការណ៍​ដែល​បាននិងកំពុង​ធ្វើ​មាន​អសន្តិសុខ និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​យ៉ាងខ្លាំង។

ករណី​សម្លាប់​មនុស្សឆៅៗកណ្តាល​ទីក្រុង​ដូច​ករណី​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នេះ​ជាដើម​បាន​ចោទ​ជា​សំណួរ​ថា សូម្បីតែ​អ្នកមាន​ប្រាក់​ស្តុកស្តម្ភ​ក៏​គង់​ត្រូវ​ក្រុមសង្គមងងឹត​បាញ់សម្លាប់​ដោយ​គ្មាន​ញញើត​ដែរ ចុះ​ទម្រាំ​ពលរដ្ឋ​សាមញ្ញ​ឬ​អាជីវករ​លក់ដូរ​តាម​ផ្សារ​ដែល​គ្មានអ្វី​ការពារ​ខ្លួន​សោះ តើ​ពួកគេរ​ងារ​យ៉ាងណា? យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន​សមត្ថ​កិច្ច​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​និង​អ្នក​នៅ​ពី​ក្រោយខ្នង។ ប៉ុន្តែ ចំណោទ​ដែល​សាធារណជន​កំពុង​ចោទសួរ​គ្នា​ន៉​គឺ​តើ​នោះ​ជា​ឃាតករ​ពិត​មែនឬ?

នេះ​ជា​សំណួរ​ដែល​តែង​កើត​ឡើងជា​ញឹកញាប់​រួចមកហើយ​នៅពេល​មាន​ឃាតកម្មធំៗកើតឡើង។ ករណី​ដ៏​ល្បីល្បាញ​ជាងគេ​មួយ​ដែល​បានអូសបន្លាយ​ជាង១០ឆ្នាំ​មកហើយ​នោះ​គឺ ឃាតកម្ម​ទៅលើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជនសង្ស័យ​ដែល​គ្រប់គ្នា​ចាត់ទុកថា​ជា«ឃាតក​សិប្បនិម្មិត»នោះបាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​យ៉ាងយូរ​មុននឹង​ត្រូវបាន​គេ​ដោះលែង។ ម្តង​ដោះលែង ម្តង​ចាប់​ដាក់ពន្ធនាគារ​ប្រៀបបាន​នឹង​រឿង​ឆ្មា​និង​កណ្តុរ។

ចំណាត់​ការដែល​ខ្វះ​មូលដ្ឋាន​ច្បាស់លាស់​និង​ខ្វះ​តម្លាភាព​នេះហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​បុរេវិនិច្ឆ័យ​ជាស្រេច​ទៅលើ​សមត្ថកិច្ច។ ចំណាត់​ការខ្វះ​តម្លាភាព​របស់​សមត្ថកិច្ច​អាចមកពី​មូលហេតុ​បីយ៉ាង៖ ទី១អាចមកពី​សមត្ថភាព​មាន​កម្រិត​របស់​សមត្ថ​កិច្ច។ ទី២អាចមកពី​ទម្លាប់​ចាស់​ដែលថា​សមត្ថកិច្ច​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏បាន​ដោយ​មិនសូវ​ខ្វល់ខ្វាយ​ពី​តម្លាភាព​និង​ការចង់​ដឹង​របស់​មហា​ជន​ឡើយ។ និង​ទី៣ អាចមកពី​ការកែ​កាឡៃ​សំណុំរឿង​ដែល​មិនអាច​រក​មូលដ្ឋាន​អ្វី​មក​ពន្យល់​សាធារណជន​បាន។

ដូច្នេះ ដើម្បី​ឲ្យ​សាធារណជន​អស់​ក្តី​មន្ទិល ក៏ដូចជា​ដើម្បី​លុបបំបាត់«បុរេវិនិច្ឆ័យ»ពី​សាធារណជន វិធី​មានតែ​ម្យ៉ាង​គត់​គឺ​ការ​លាតត្រដាង​សំណុំរឿង​ឃាតកម្ម​ដោយ​តម្លាភាព។ បើទោះជា​ពេលនេះ សមត្ថកិច្ច​និង​តុលាការ​កំពុង​ស៊ើបអង្កេត​ដែល​មិនទាន់​អាច​បង្ហាញ​ជា​សាធារណៈ​បាន​នៅឡើយ​ក៏ដោយ ក៏​ពេល​ខាងមុខនេះ​ពេលវេលា​នៃ​ការ​លាតត្រដាង​នឹង​មកដល់។ ប្រសិនបើ​សមត្ថកិច្ច​បន្ត​ទុក​ឲ្យ​រឿងនេះ​ស្ថិតក្នុង​ភាពអាថ៌កំបាំង​គ្មាន​ទីបញ្ចប់​ដូច​សំណុំរឿងមុនៗនោះ ក្តី​មន្ទិល​និង​ការ​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​នឹង​កាន់តែ​រីកធំឡើង​ជាក់​ជាមិនខាន៕




© រក្សាសិទ្ធិដោយ thmeythmey.com