ជាតិ
បទវិភាគ
ភាពក្រីក្រ៖ វា​ជា​កំហុស​របស់​រដ្ឋាភិបាល ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ?
02, Oct 2016 , 8:00 am        
រូបភាព
ភ្នំពេញ ៖ តួលេខ​អត្រា​នៃ​ភាពក្រីក្រ​ឆ្នាំ១៩៩៤បាន​បង្ហាញថា ប្រទេស​កម្ពុជា កាលណោះ មាន​ប្រជា​ពលរដ្ឋ​ចំនួន៤៧%រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ រីឯ ជិត២០ឆ្នាំ​ក្រោយមក ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណជាជាង២០%ទៀត នៅ​បន្ត​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ តើ​ស្រុក​ខ្មែរ​ក្រីក្រ​ជា​កំហុស​របស់ រាជរដ្ឋាភិបាល​ដឹកនាំ​មិន​ត្រឹមត្រូវ ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល​ខ្ជិលច្រអូស?



ប្រទេស​អាមេរិក ប្រទេស​ជប៉ុន ប្រទេស​ចិន ឬ​ប្រទេស​បារាំង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​អភិវឌ្ឍន៍​មែន​ក៏ដោយ​ក្តី ក៏​ប្រទេស​ទាំងនោះ នៅតែមាន​អ្នកក្រីក្រ​ដែរ។

អ្នកសុំទាន អ្នក​គ្មាន​ផ្ទះសម្បែង អ្នកគ្មានការងារ​ធ្វើ​ក្រីក្រ នៅតែ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​អស្ចារ្យទាំងនោះ។ អ្វីដែល​អាច​ខុសគ្នា​ជាមួយ​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​គឺ​នៅត្រង់ថា ចំនួន​អ្នកក្រីក្រ​នៅក្នុង​ប្រទេស​ជឿនលឿន​ទាំងនោះ មាន​ចំនួន​តិចជាង​ចំនួន​អ្នកក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត អ្នកក្រីក្រ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​អាច​រស់នៅ​សុខ​ស្រួល​ជាង អ្នក​ទីទាល់ក្រ​នៅក្នុង​ប្រទេស​ក្រីក្រកម្ពុជា។

ឯា​កមក​និយាយ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​វិញ តួលេខ​អត្រា​នៃ​ភាពក្រីក្រ​ឆ្នាំ១៩៩៤បានបង្ហាញថា ប្រទេស​កម្ពុជា កាលនោះ មាន​ប្រជាពលរដ្ឋ​ចំនួន៤៧%រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ រីឯ ជិត២០ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ២០១៣នេះ តួលេខ​មួយចំនួន​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ជិត៣០%ទៀត​នៅ​បន្ត​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ គឺជា​ក្រុមមនុស្ស​ដែល​រកប្រាក់​ចំណូល​បាន​តិចជាង​មួយ​ដុល្លារ​ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។

តើ​ស្រុក​ខ្មែរ​ក្រីក្រ ជា​កំហុស​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល«ខ្ជិលច្រអូស»ដែរ?

មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ គេ​គួរ​ពិនិត្យ​ទៅលើ​ហេតុផល​ដែលនាំអោយ​មាន​ភាពក្រីក្រ​ជាមុនសិន។ ការសិក្សា​មួយចំនួន​បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​អាច​បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង ក្នុងនោះ​មាន ៖ ទី១ ជំងឺ​រួមរឹត​គ្រួសារ។ ទី២  ផ្ទៃដី​ធ្វើ​កសិកម្ម​មាន​ចំនួន​តិចតួច រីឯ​ចំនួន​សមាជិកគ្រួសារ​ច្រើន។ ទី៣ ជំពាក់​បំណុល​គេ។ ទី៤ គ្រោះមហន្តរាយ​គំរាមកំហែង​ជា​ញឹកញាប់។ ទី៥ ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង។ ទី៦ កង្វះខាត​ការងារ និង​ទី៧ អំពើរ​ពុករលួយ។

ប្រសិនបើ​ផ្អែកលើ​ហេតុផល​ដែល​បានលើកឡើង​ខាងលើនេះ គេ​ត្រូវតែ​ស្តីបន្ទោស​ពេញទំហឹង​ទៅលើ​ការទទួលខុសត្រូវ​រប​ស់រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ជាង៣០មក ពីព្រោះ ជាធម្មតា រដ្ឋាភិបាល​ត្រូវបាន​គេ​ចាត់​ទុកដូចជា​ឳ​ពុក​ម្តាយ។ ដូច្នេះ ប្រសិនបើ​ប្រទេសជាតិ​ខ្វះ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​គឺជា​កំហុស​របស់​រដ្ឋាភិបាល​ដែល​ខកខាន​មិនបាន​ប​ង្កើ​ត​អោយ​គ្រប់គ្រាន់។ ប្រសិនបើ​ប្រជាពលរដ្ឋ​មានកូន​ច្រើន តែ​ខ្វះ​ដី​ធ្វើស្រែ​ចម្ការ គឺជា​កំហុស​របស់​រដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល​គ្មាន​នយោបាយ​ច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ។

នៅពេលដែល​ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង វា​គឺជា​កំហុស​របស់​រាជរដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល​មិនបាន​ជំរុញ​វិស័យនេះ​អោយ​ដើរ​លឿន​ទៅមុខ​ដោយ​រលូន។ ត្រង់ចំណុច​នេះ សួ​ម​បញ្ជាក់ថា ប្រសិនបើ​គ្រួសារ​មួយ សហគមន៍​មួយ ឬ​ប្រទេសមួយ​ខ្វះ​មនុស្ស​ចេះដឹង​ខ្ពស់ គ្រួសារ​នោះ សហគមន៍​នោះ ប្រទេសជាតិ​នោះ ពិតជា​មិនអាច​អភិវឌ្ឍ​បាន​លឿន​ឡើយ។ ការអប់រំ​គឺជា​កូនសោរ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ទាំង​នៅក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ។

ទ្រព្យសម្បត្តិ មាសប្រាក់ ហូប​អាហារ សម្លៀកបំពាក់ គឺ​វា​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ។ ប៉ុន្តែ​ការងារ​ដែល​ធ្វើ​ដោយ​មនុស្ស​មានចំណេះដឹង​ខ្ពស់ ពិតជា​ផ្តល់​ផល​បាន​ច្រើនជាង​មនុស្ស​មិនសូវ​ចេះដឹង។ ដូច្នេះ ចំណេះដឹង​គឺជា​កត្តា​លិ​ករ​រុញច្រាន​អោយ​សង្គម​មួយ​អាច​ងើប​ចេញពី«រណ្តៅ»នៃ​ភាពក្រីក្រ​បាន​ឆាប់រហ័ស។

ការអប់រំ​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ការវិនិយោគ​រយៈ​ពេល​វែង ប៉ុន្តែ​វា​អាច​ផ្តល់​ផល​មកវិញ​ក៏​យូរ​ដែរ។ ឳ​ពុក​ម្តាយ​អាច​វិនិយោគ​លើ​ការសិក្សា​របស់​កូន​ចំនួន២២ឆ្នាំ​ដើម្បី​ទទួលបាន​សញ្ញាប័ត្រ​បរិ​ញ្ញា​ប័ត្រ។ រយៈពេល​នេះ​គឺ​យូរអង្វែង​មែន ប៉ុន្តែ​ផល​ដែល​ទទួលបាន​មកវិញ​តាមរយៈ​ការសិក្សា គឺ​មួយជីវិត។

បញ្ហាផ្សេងៗទៀត​ដែល​គេ​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​ពេញទំហឹង​ដែរនោះ​គឺថា សេវាសាធារណៈរបស់​រដ្ឋ​ស្ទើរ​ទាំងអស់​មិនបាន​ប​ម្រើ​ប្រជាពលរដ្ឋ​អោយ​ពេញលក្ខណៈ​ទេ។ ផ្ទុយទៅវិញ មន្ត្រី​មួយចំនួន​ប្រព្រឹត្តិ​អំពើពុករលួយ​ធ្វើអោយ​រាស្ត្រ​រង​ទុក្ខ។ លើសពីនេះទៅទៀត រដ្ឋាភិបាល​ខកខាន​មិនបាន​ផ្តល់​ឳ​កាស​ស្មើភាព មិនបាន​ផ្តល់​យុត្តិធម៌​ស្មើគ្នា​រវាង​អ្នកក្រីក្រ និង​អ្នកមាន។ កូនអ្នកមាន មាន​ឳ​កាស​រៀន​នៅ​សាលា​ឯកជន​ដែលមាន​គុណភាព រីឯ​កូនអ្នកក្រ​រៀន​នៅ​សាលា​រដ្ឋ​មិនសូវមាន​គុណភាព។ ម្យ៉ាងវិញទៀត ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​ដាក់​គំនៀបលើ​អ្នកក្រីក្រ ច្រើនជាង​អ្នកមាន។

បើ​ផ្អែកលើ​អំណះអំណាង​ខាងលើនេះ គេ​ពិតជា​អាច​ទម្លាក់កំហុស​ទៅលើ​រាជរដ្ឋាភិបាល​ក្នុង​បញ្ហា​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា។

ប្រទេសមួយ​ក្រីក្រ​គេ​ត្រូវតែ​ស្តីបន្ទោស​ទៅលើ​រាជរដ្ឋាភិបាល​អ៊ីចឹង​ហើយ ពីព្រោះ​រដ្ឋាភិបាល​គឺជា​អាណាព្យាបាល ជា​អ្នក​កាត់​ចង្កូត​ប្រទេសជាតិ។ ប៉ុន្តែ​ទន្ទឹមនឹង​ទម្លាក់កំហុស​ទាំងស្រុង​ទៅលើ​រាជរដ្ឋាភិបាល​នោះ តើ​ប្រជាពលរដ្ឋ​ខ្លួនឯង​មាន​កំហុស​ដែរឬទេ?

ជាធម្មតា ដើម្បី​កសាង​ប្រទេសមួយ គេ​ចាំបាច់​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ក្នុងនោះ​មាន៖ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល រាជ​រដ្ឋ​ភិ​បាល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ខ្លួនឯង។ ជាថ្មី​ម្តង
ទៀត ការស្តីបន្ទោស​ចំពោះ​រាជរដ្ឋាភិបាល​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​កំហុស​មួយចំនួន​ក៏​អាច​បណ្តាលមកពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែរ។

ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេ​រិះគន់ថា ជា​ជនជាតិ​ខ្វះ​គំនិត, មិនសូវ​ស្វាហាប់, មិនសូវ​អត់ធន់​នឹង​ការងារ, ចូលចិត្ត​សប្បាយ​ជាង​ធ្វើ​ការងារ។ ដើម្បី​បញ្ជាក់​ពី​ភាព​មិនសូវ​ស្វាហាប់​របស់​ជនជាតិខ្មែ​រ​នោះ កាលពី​ជំនាន់​អាណានិគម​បារាំង​ដែល​គ្រប់គ្រង​ឥណ្ឌូចិន ជនជាតិ​បារាំង​បាន​និយាយថា៖«ជនជាតិ​វៀតណាម ចុះទៅ​ដាំ​ស្រូវ​ផ្ទាល់​នៅក្នុង​ស្រែរ។ ជនជាតិខ្មែរ​ដើរទៅ​មើល​ស្រូវ​ដែល​កំពុង​ដុះ​លូតលាស់​ធំធាត់។ ជនជាតិ​ឡាវ​គ្រាន់តែ​សម្រាន្ត​ស្តាប់​ស្រូវ​ដែល​កំពុង​ដុះ​នៅក្នុង​ស្រែរ​ប៉ុណ្ណោះ រីឯ​ជនជាតិ​ចិន​វិញ ពួកគេ​គឺជា​អ្នកប្រមូល​ផល​ស្រូវ និង​លក់​ទិន្នផល»។

តាមរយៈ​ចំណាប់អារម្មណ៍​របស់​ជ​ន​ជាតិ​បារាំង​នេះ គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា ប្រជាជន​វៀតណាម​ជា​អ្នក​ឧស្សាហ៍​ការងារ ជនជាតិខ្មែរ​មិនសូវ​ចូលចិត្ត​ធ្វើការ​ទេ ជនជាតិ​ឡាវ ខ្ជិល​បន្តិច រីឯ ចិន គឺជា​ជនជាតិ​ដែល​ឆ្លាត​ពូកែ​ធ្វើ​ជំនួញ។

សូមបញ្ជាក់ថា ទ្រព្យសម្បត្តិ ឬ​ផលិតផល​ផ្សេងទៀត ដូចជា ស្រូវ ក្រណាត់ កុំព្យូទ័រ តុ កៅអី ទាំងអស់នេះ វា​កើតចេញពី​ការផលិត។ ចុះបើ​ប្រជាពលរដ្ឋ​ខ្ជិល​ផលិត ហើយ​ចាំតែ​បរិភោគ​នោះ។ ជា​សត្យានុម័ត​ប្រ​ឡប់​មកវិញ ទ្រព្យ​ទាំងនោះ​មិនអាច​ធ្លាក់​ពីលើ​មេឃ​បានឡើយ។ ប្រឹង​ធ្វើការ​បង្កើត​ផលិតផល ផលិតផល​លក់​ចេញ​ជា​ប្រាក់ ប្រាក់​បង្កើត​ទ្រព្យ។

ឯា​កមក​មើល​ប្រជាពលរដ្ឋ​ខ្មែរ​វិញ តើ​ពួកគេ​បាន​ខិតខំ​ផលិត​អស់ពី​សមត្ថភាព​ហើយ​ឬ​នៅ?

នៅតាម​ទីជនបទ គេ​តែងតែ​សង្កេតឃើញ ស្ត្រី​មួយចំនួន​អង្គុយ​និយាយ​គ្នា ឬ​រក​ចៃ​អោយ​គ្នា​ទៅវិញទៅមក​អស់​មួយ​ព្រឹក​ដោយ​គ្មាន​ផលិត​អ្វី​ទាំងអស់។ តើ​គេ​អាច​រកប្រាក់​បាន​ឬទេ? បុរស​ខ្លះ​អង្គុយ​ពិសារ​ស្រា​តាំងពីព្រឹក​រហូតដល់​ល្ងាច។ តើ​គេ​បាន​ផលិត​អ្វីខ្លះ? ប្រជាពលរដ្ឋ​ខ្លះ​ចំណាយពេល​សម្រាន្ត​ពេល​ថ្ងៃ​អស់​មួយ​កំណាត់​ថ្ងៃ​ទៅហើយ។ តើ​នេះ​ជាការ​ខាត​ពេលវេលា​ផលិត​ឬទេ?

គ្រួសារ​ខ្លះទៀត មាន​ដី​នៅ​ទំនេរ​ជុំវិញ​គេហដ្ឋាន។ ប៉ុន្តែ​ពួកគេ​មិន​ដាំ​ដំណាំ​អ្វី​ទាំងអស់ ពួកគេ​សុខចិត្ត​ទិញ​បន្លែ​ពី​អ្នកដទៃ​វិញ។ ពួកគេ​មិន​ចិញ្ចឹមសត្វ​ដើម្បី​បរិភោគ​ខ្លួនឯង​ទេ។ ប្រសិនបើ​គ្រួសារ​មួយ ចិញ្ចឹម​តែមាន់១០ក្បាល សត្វ​ទា៥ក្បាល សត្វ​ជ្រូក២ក្បាល គោរ​មួយ​នឹម គ្រួសារ​នោះ​ក៏​អាច​ធូរធារ​គ្រាន់បើ​ដែរ។

សរុបសេចក្តី​មកវិញ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្លួនឯង​នៅតែ​បន្ត​ចំណាយពេល​គ្មាន​ប្រយោជន៍ និង​នៅមាន​អារម្មណ៍«ខ្ជិលច្រអូស»ក្នុង​កិច្ចការ​យ៉ាង​ដូច្នេះ ពួកគេ​មិន​ងាយ​នឹង​ចាក​ចេញពី«រណ្តៅ»នៃ​ភាពក្រីក្រ​បានឡើយ។

រដ្ឋាភិបាល​ជា​អ្នក​ជួយ​មួយផ្នែក​មែន ប៉ុន្តែ ពលរដ្ឋ​ខ្លួនឯង​ត្រូវ​ពង្រឹង​ខ្លួនឯង។ «ជួយ​ខ្លួនឯង​ជាមុនសិន មុននឹង​អោយ​ព្រះ​ជួយ​អ្នក»។ «ភាព​ខ្ជិលច្រអូស​ជំរុញអោយមាន​ភាពក្រីក្រ»៕





 


© រក្សាសិទ្ធិដោយ thmeythmey.com