ជាតិ
បទវិភាគ
នៅ​កម្ពុជា វ័យ​កាន់តែ​ចាស់ ក្តី​អស់សង្ឃឹម​កើតឡើង​កាន់តែច្រើន!
10, Oct 2015 , 11:40 am        
រូបភាព

ភ្នំពេញ៖ នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន ពលរដ្ឋ​សប្បាយចិត្ត​កាន់តែខ្លាំង ក្រោយពេល ដែល​ពួកគេ​ឈានចូល​ដល់​វ័យ​ចូលនិវត្តន៍។ តែ​នៅក្នុង​ប្រទេស​ក្រីក្រ ដូចជា កម្ពុជា​វិញ វ័យ​ចំណាស់​ឈាន​មកដល់ ក្តីបារម្ភ ភាពភ័យខ្លាច ភាព​រងា​ឯក​ការ​បាន​រុំ​ព័ទ្ធ​អារម្មណ៍​អ្នកមាន​វ័យ​ចំណាស់។ តើ​ហេតុអ្វី​បាន​ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់ និង​ពលរដ្ឋ​នៃ​ប្រទេស​ជឿនលឿន​មាន​អារម្មណ៍​ខុសគ្នា​នៅពេលដែល​វ័យ​ជរា​ឈាន​មកដល់?
នៅក្នុង​ប្រទេស​ជឿនលឿន ដូចជា ប្រទេស​បារាំង អាមេរិក ជប៉ុន អង់គ្លេស, ប្រជាពលរដ្ឋ​ប្រាថ្នា​ចង់​ចូលនិវត្តន៍​អោយបាន​លឿន ពីព្រោះ ក្រោយ​ចូលនិវត្តន៍​ទៅ ពួកគេ​ទទួលបាន​ប្រាក់កម្រៃ​មួយ​ដែល​អាច​ចិញ្ចឹមជីវិត​ដើម្បីរ​ស់បាន​សមរម្យ។



ប្រាក់កម្រៃ​ចូលនិវត្តន៍​នៅក្នុង​ប្រទេស​ជឿនលឿន ប្រែប្រួល​ទៅតាម​អតីតភាព​ការងារ​របស់​បុគ្គលម្នាក់ៗដែល​ធ្វើការ​បាន​រយៈពេល​វែង ឬ​ខ្លី​នៅក្នុង​ស្ថាប័ន​ណាមួយ មិន​ថា ជា​ស្ថាប័នឯកជន ឬក៏​រដ្ឋ​នោះទេ។ ប្រាក់​ចូលនិវត្តន៍​អាចមាន​ពីក្រោម១ពាន់​ដុល្លារ​បន្តិច​រហូតដល់​ច្រើន​ពាន់​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​អ្នក​ចូលនិវត្តន៍​នៅក្នុង​ប្រទេស​ជឿនលឿន។ និយាយ​បែប​ផ្សេង មានន័យថា កម្រិត​ប្រាក់​ចូលនិវត្តន៍​របស់​ប្រទេស​ជឿនលឿន ពេលខ្លះ មាន​អត្រា​ខ្ពស់ជាង​កម្រិត​ប្រាក់ខែ​នៅក្នុង​ប្រទេស​ក្រីក្រ ដូចជា ប្រទេស​កម្ពុជា​ជាដើម។

កម្រិត​ប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី ឬ​បុគ្គលិក​នៅក្នុង​ប្រទេស​ជឿនលឿន អាច​ចិញ្ចឹមជីវិត​បាន​យ៉ា់ង​ស្រួល​ដោយ​មិនចាំបាច់​ពឹងពាក់​កូនចៅ ឬ​សាច់ញាតិ​ដទៃទៀត។ អ្នក​ចូលនិវត្តន៍​ខ្លះ ដោយសារ​ការចង់​សន្សំ​ប្រាក់កាស​ខ្លះ ពួកគេ​បានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅក្នុង​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច ដូចជា ប្រទេស​កម្ពុជា​ជាដើម។ ការធ្វើ​យ៉ាងនេះ អនុញ្ញាតអោយ​ពួកគេ រស់នៅ​ប្រសើរ​ជាង​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ខ្លួន ហើយ​រាល់​ការចំណាយ​ក៏​តិចជាង​នៅក្នុង​ប្រទេស​ដើម​របស់​ពួកគេ​ដែរ។ សរុបសេចក្តី​មកវិញ ជីវិត​នៅក្នុង​ប្រទេស​ជឿនលឿន បុគ្គល​មាន​វ័យ​កាន់តែ​ចាស់ ពួកគេ​មាន​អារម្មណ៍​កាន់តែ​សប្បាយ ឬ​រំភើប​ជាង​មុន ពីព្រោះ​សេវាកម្ម​របស់​រដ្ឋ​បាន​ជួយ​សម្រាល​បន្ទុក​ពួកគេ​យ៉ាងច្រើន។

ងាក​មក​និយាយ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​ក្រីក្រ​មួយចំនួន ជាពិសេស ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុជា​វិញ គេ​សង្កេតឃើញថា មនុស្ស​មាន​វ័យ​កាន់តែ​ចាស់ ក្តីបារម្ភ ភាព​អស់សង្ឃឹម ការឈឺចាប់ ភាព​ឯក​ការ បាន​កើតឡើង​កាន់តែច្រើន​នៅក្នុង​អារម្មណ៍​មនុស្ស​វ័យ​ចំណាស់។

នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា អ្នកធ្វើ​ការបម្រើ​រដ្ឋ ឬ​អ្នកធ្វើ​ការបម្រើ​វិស័យ​ឯកជន ឬ​អ្នកធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម​ទេ អាយុ​កាន់តែច្រើន ពួកគេ​កាន់តែ​បារម្ភ។ ក្តីបារម្ភ​ខ្លាំង​បំផុត គឺ​បញ្ហា​កង្វះខាត​ប្រាក់កាស​សម្រាប់​ចិញ្ចឹមជីវិត​នៅក្នុង​វ័យ​ចំណាស់ មុននឹង​លាចាក​លោក។

ប្រាក់កម្រៃ​ចូលនិវត្តន៍​សម្រាប់​មន្ត្រី​រាជការ​ខ្មែរ​មាន​មែន តែ​វា​មិន​ច្រើន​នោះទេ​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ។ មន្ត្រីរាជការ​អាច​ទទួល​បាន​កម្រៃ​ចូលនិវត្តន៍​ក្នុង​រង្វង់​ពី៨០ទៅ​ជាង១០០ដុល្លារ​អាមេរិក​បន្តិច។ ចំពោះ​បុគ្គលិក​ក្រុមហ៊ុន កម្មករ និង​កសិករ ពួកគេ​មិនទាន់មាន​គោលការណ៍​ប្រាក់កម្រៃ​ចូលនិវត្តន៍​ត្រឹមត្រូវ​នៅឡើយ​ទេ។ ប្រសិនបើ​មាន ក៏​ប្រាក់កម្រៃ​ចូលនិវត្តន៍​នោះ​ស្ថិតក្នុង​កម្រិត​តិចតួច​ដែល​មិនអាច​ចិញ្ចឹមជីវិត​បាន​សមរម្យ​ឡើយ។

អ្នកមាន​វ័យ​ចំណាស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កូនចៅ​មាន​ជីវភាព​ធូរធារ ពួកគេ​អាចមាន​ក្តីសង្ឃឹម និង​មិនសូវ​ព្រួយបារម្ភ​ច្រើន​ពី​ជីវិត មុនពេល​លាចាក​លោក ពីព្រោះ កូនចៅ​អាច​ចិញ្ចឹម​ឪពុកម្តាយ​បាន។ នេះ​បើ​កូនចៅ​ទាំងនោះ ជា​កូនចៅ​ដែលមាន​ការដឹងគុណ​ចំពោះ​មាតាបិតា។

ចំពោះ​អ្នក​គ្មាន​ទី​ពំនឹង​វិញ ពួកគេ​ត្រូវ​បង្ខំចិត្ត​បន្ត​រកប្រាក់​ចំណូល​រហូត​ដល់​ជីវិតចុងក្រោយ។ ហើយ​អ្នក​ខ្សត់ខ្សោយ​ដទៃទៀត ត្រូវ​បង្ខំចិត្ត​ទៅ​ផ្ញើ​ជីវិត​នៅតាម​បណ្តា​វត្ត​អារាម​នានា។ ជីវិត ទាំង​នៅក្រៅ​វត្ត​អារាម ទាំង​នៅក្នុង​វត្ត​អារាម គឺជា​ជីវិត​ដែល​អាចរ​ស់បាន។ ប៉ុន្តែ វា​មិនមែនជា​ជីវិត​ដែលមាន​គុណភាព​នោះទេ។

សម្រាប់​មនុស្ស​ចាស់ កង្វះខាត​ម្ហូបអាហារ​គុណ​ភាពជា​រឿង​ម្យ៉ាង។ ប៉ុន្តែ​ម្យ៉ាងទៀត ការគំរាមកំហែង​ពី​ជំងឺ​ដ​ង្កា​ត់​ជា​រឿង​ដែល​មនុស្ស​ចាស់​ខ្មែរ​ព្រួយបារម្ភ​ខ្លាំងជាងគេ​បំផុត។ វ័យ​កាន់តែ​ចាស់ ជីវភាព​ក្រីក្រ ជំងឺ​កាន់តែ​រួមរឹត ហើយ​ក្នុង​ដៃ​គ្មាន​ប្រាក់​ទៀត​នោះ ជីវិត​មនុស្ស​ចាស់​ខ្មែរ​ហាក់បីដូចជា​គ្មាន​តម្លៃ​អ្វី​ទាល់តែសោះ។

ដូច្នេះ ដើម្បីអោយ​ជីវិត​ខ្មែរ​វ័យ​ចំណាស់ មុននឹង​លាចាក​លោក​ទៅ​មាន​អត្ថន័យ និង​មាន​ខ្លឹមសារ​ដូច​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​ដែរនោះ រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​គោលនយោបាយ​សំណាញ់​សុវត្ថិភាព​បន្ថែមទៀត ជាពិសេស សម្រាប់​ពលរដ្ឋ​ដែល​ខ្វះ​ទី​ពំនឹង៕



© រក្សាសិទ្ធិដោយ thmeythmey.com