ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពី២០១៥ទៅដល់២០២០ កម្ពុជា​អាចមាន​អគារ​កម្ពស់​ជិត៧០ជាន់
25, Jan 2015 , 12:00 pm        
រូបភាព
ភ្នំពេញ៖ បន្ទាប់ពី​ទទួលរង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ២០០៨រួចមក ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ចាប់ផ្តើម​ងើបក្បាលឡើង​វិញ​ពី​ឆ្នាំ២០១២រហូតមកដល់​ឆ្នាំ២០១៤កន្លងមក។ ពី​ឆ្នាំ២០១៥ទៅដល់​ឆ្នាំ២០២០ អ្នកជំនាញ​អចលនទ្រព្យ​រំពឹងថា វិស័យ​ដីធ្លី ផ្ទះសម្បែង​នឹងមាន​សញ្ញា​ល្អ ហើយ​អគារ​ខ្ពស់​នឹង​ដុះ​កាន់តែ​ច្រើនជាង​មុន​នៅ​ទីក្រុង​ភ្នំពេញ។



លោក ចេង ខេង ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​បានអោយដឹងថា នៅ​ដើមឆ្នាំ២០១៥នេះ អគារ​កម្ពស់៥០ជាន់​មួយកន្លែង និង​អគារ​កម្ពស់៥៥ជាន់​មួយកន្លែង​ផ្សេងទៀត​នឹង​បើកសម្ពោធ​ទីតាំង​របស់ខ្លួន​នៅក្នុង​ឆ្នាំ​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ។

បន្ទាប់ពី​ក​ម្រោ​ង​ជាង៥០ជាន់​នេះ​ទៅ ក​ម្រោ​ងថ្មីៗជាច្រើន​ផ្សេងទៀត​ដែលមាន​កម្ពស់​រហូតដល់​ជិត៧០ជាន់​អាច​នឹង​លេចចេញ​ជា​រូបរាង​នៅក្នុង​ចន្លោះ​ឆ្នាំ២០១៥ និង​ឆ្នាំ២០២០ ។ «តាមរយៈ​ក​ម្រោ​ង​ទាំងអស់នេះ ខ្ញុំ​គិតថា វា​គឺជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចល​ទ្រព្យ»។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក ចេង ខេង ដែលមាន​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL ផងដែរ។

បើ​យោងតាម​អ្នកជំនាញ​រូបនេះ តម្លៃ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៤ មានការ​កើនឡើង២០ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៤កន្លងមក។ នៅ​ឆ្នាំ២០១៥ តម្លៃ​អចលនទ្រព្យ​ត្រូវបាន​គេ​វាយតម្លៃថា នឹង​កើនឡើង​ពី២០ ទៅ២៧ភាគរយ​បន្ថែមទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៤ ។

លោក ស៊ា ឆៃ​លីន អគ្គនាយក​ទីភ្នាក់ងារ​អចលនទ្រព្យ CL Realty បាន​អត្ថាធិប្បាយ​ដូ​ល​លោក ចេង ខេង ដែរ​ថា ទីផ្សារ​អ​ល​ចនទ្រ​ព្យ​ខ្មែរ​នៅ​ឆ្នាំ២០១៥នឹង​បន្ត​កើនឡើង​បន្ថែមទៀត។ សម្រាប់​លោក ឆៃ​លីន ការបោះ​ទុនវិនិយោគ​ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្នុង​វិស័យ​អចលនទ្រព្យ បូក​នឹង​ការផ្តល់​ទុន​ពី​ធនាគារ​ផង ពេលនោះ សន្ទុះ​តម្លៃ​អចលនទ្រព្យ​អាច​នឹង​កើនឡើង​នៅ​ឆ្នាំ​ខាងមុខ ជាពិសេស ឆ្នាំ២០១៥ ។

តើ​ការ​ឡើងថ្លៃ​ដីធ្លី​ជាស​ញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល​មែន​ឬទេ? ជា​ទ្រឹស្តី​សេដ្ឋកិច្ច វា​ប្រាកដជា​អ៊ីចឹង​មែន។ លោក ចេង ខេង បាន​ពន្យល់​លម្អិត​ថា វា​ល្អ​សម្រាប់​អ្នកមាន​ដីធ្លី​ដើម្បី​លក់​ចែកជូន​ទៅដល់​សមាជិក​គ្រួសារ​កូនចៅ។ ប៉ុន្តែ វា​អាច​មិនសូវ​ល្អ​សម្រាប់​អ្នកមាន​ជីវភាព​កណ្តាល ឬ​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ដែល​ត្រូវ​ការទិញ​ដីធ្លី​ដើម្បី​ស្នាក់នៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com