ជាតិ
បទវិភាគ
ឆ្នាំ​ថ្មី​គួរ​ប្តូរ​ផ្នត់គំនិត​ចាស់!
01, Jan 2015 , 8:08 pm        
រូបភាព
ដោយ:
ឆ្នាំ ២០១៥ បាន​ចូលមក​ដល់​ហើយ​ដើម្បី​ជំនួស​ឆ្នាំ​ចាស់​ដ៏​អាប់អួរ។ ប៉ុន្តែ គេ​មិន​សង្ឃឹមថា​ឆ្នាំ​ថ្មី​នេះ​នឹងមាន​អ្វី​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ទេ​ដោយសារតែ​អ្នកនយោបាយ​នៅតែ​រក្សា​ផ្នត់គំនិត​ចាស់​ដដែល។ ដូច្នេះ បើ​ចង់​ស្គាល់​វឌ្ឍនភាព ខ្មែរ​គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ថ្មី​គឺ​ផ្នត់គំនិត​ភាពជា​ដៃគូ​គ្រប់​វិស័យ​ទាំង​វិស័យ​នយោបាយ​និង​សង្គមកិច្ច។



ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពេលវេលា​ចេះតែ​កន្លងផុត​ទៅជា​បន្តបន្ទាប់។ ឆ្នាំ​ចាស់​ផ្លាស់​ជំនួស​ដោយ​ឆ្នាំ​ថ្មី​បន្ត​ឥត​ដាច់ ប៉ុន្តែ អ្វីដែល​មិន​ងាយ​ផ្លាស់ប្តូរ​តាម​ពេលវេលា​សោះ​នោះ​គឺ​ផ្នត់គំនិត​មនុស្ស​ខ្មែរ​និយាយ​ជារួម​និង​ជាពិសេស​ផ្នត់គំនិត​អ្នកនយោបាយ​និយាយ​ដោយឡែក។ ដោយសារតែ​ផ្នត់គំនិត​ចាស់​ហួស​សម័យ​នៅតែមាន​អត្ថិភាព​ទើប​ប្រទេស​កម្ពុជា​បាន​ស្គាល់​ការអភិវឌ្ឍ​យ៉ាង​យឺតយ៉ាវ។

ផ្នត់គំនិត​ចាស់​របស់​អ្នកនយោបាយ​ខ្មែរ​មានដូចជា ការធ្វើ​នយោបាយ​ដើម្បី​តែ​ឈោង​ចាប់​អំណាច​ទោះជា​ដោយ​មធ្យោបាយ​ណាក៏ដោយ។ នៅពេល​បាន​អំណាច​ក្នុង​ដៃ​ហើយក៏​តាំង​ខំ​រក្សា​មិន​ឲ្យ​របេះ​ចេញងាយៗឡើយ។ ស្ថានភាព​នេះហើយ​បានជា​អ្នកនយោបាយ​បដិបក្ខ​បាត់បង់​ភាពជា​ដៃគូ​ហើយ​ចូលចិត្ត​ទុក​គ្នា​ជាស​ត្រូវ​គឺ​សត្រូវ​ដណ្តើម​អំណាច។

បើ​ថា​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​ទៅ​ចុះ​ដែល​ការមិនចុះសម្រុង​តែង​កើតឡើង​ដោយសារតែ​ពួកគេ​មាន​គោលដៅ​សម្លឹង​ឈោង​ចាប់​អំណាច​ដូចគ្នា  ប៉ុន្តែ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ដើម្បី​ឲ្យ​មាន​ភាពប្រសើរឡើង​ខាង​ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ជីវភាព​របស់​ពលរដ្ឋ​នោះ ហេតុអ្វី​ក៏​មិន​ចុះសម្រុង​ជាមួយ​រដ្ឋាភិបាល​ដែរ? សំណួរ​នេះ​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ផ្នត់គំនិត​របស់​ខ្មែរ​ដែល​តែងតែ​ចូលគ្នា​មិន​ចុះ។

ជាការ​ពិតណាស់ និយាយ​ពី​ការមិនចុះសម្រុង​មាន​តួអង្គ​សំខាន់​ពីរ​ដែល​គេ​មិនត្រូវ​មើលរំលង​នោះ​គឺ​អ្នក​រិះគន់​គេ​និង​អ្នក​ដែល​ត្រូវគេ​រិះគន់។ នៅក្នុង​របប​ប្រជាធិបតេយ្យ មតិ​រិះគន់​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ ដើម្បី​ឲ្យ​ការរិះគន់​មាន​ប្រយោជន៍​វា​ចាំបាច់​ត្រូវមាន​លក្ខខណ្ឌ​ពីរ​ជា​ចាំបាច់ៈ ទី១គឺ «អ្នក​រិះគន់​គេ» ត្រូវធ្វើឡើង​ក្នុងន័យ​ស្ថាបនា រីឯ«អ្នក​ដែល​ត្រូវគេ​រិះគន់» ត្រូវតែ​ហ៊ាន​ទទួលស្គាល់​ចំណុច​ខុសឆ្គង ហើយ​យក​វា​ទៅ​កែលម្អ។

ឧទាហរណ៍ ប្រសិនបើ​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​កើតឡើង សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​ការពារ​សិទ្ធិមនុស្ស​គួរតែ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល និង​មន្ត្រី​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដើម្បី​រក​ដំណោះស្រាយ​ជាមួយគ្នា។ សង្គម​ស៊ីវិល​ឬ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​និង​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​ពន្យល់ និង​ស្តាប់​ហេតុផល​គ្នា​ទៅវិញទៅមក​និង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ទាំងអស់គ្នា។

តើ​ហេតុអ្វី​បានជា​មាន​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​កើតឡើង? តើ​សង្គម​ស៊ីវិល​អាចជួយ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​កែលម្អ​ស្ថានការណ៍? តើ​កម្ពុជា​ត្រូវការ​ជំនួយ​បច្ចេកទេស ថវិកា សម្ភារៈ និង​ស្មារតី ដើម្បី​កែលម្អ​ស្ថានការណ៍​ឲ្យ​បានល្អ?  តើ​សហប្រជាជាតិ​អាចជួយ​បាន​អ្វីខ្លះ៕ ចំណែក​បក្សប្រឆាំង​វិញ​តើ​អាចធ្វើ​អ្វី​បាន​ខ្លះ? ទាំងនេះ​ជា​សំណួរសំខាន់ៗដែល​ភាគី​ពាក់​ព​ន្ធ័​គួរតែ​ពិភាក្សាគ្នា​ក្នុងនាម​ជា​ដៃគូ។ ប៉ុន្តែ អ្វីដែល​កំពុង​កើត​មាននៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ហាក់ដូចជា​ដើរ​ផ្ទុយ​ពីនេះ​ទៅវិញ។

យ៉ាងណាក៏ដោយ ស្ថានភាព​ដ៏​តានតឹង​នៅ​ចុងឆ្នាំ ២០១៣ និង​ស្ទើរតែ​ពេញ​មួយឆ្នាំ ២០១៤ បាន​កន្លងផុត​ទៅហើយ។ ប៉ុន្តែ ភាពស្ងប់ស្ងាត់​មួយរយៈ​ចុង​ក្រោយនេះ​ត្រូវគេ​មើលឃើញថា វា​គ្រាន់តែ​ជា«ស្ថិរភាព​ភ្លើងចំបើង»តែប៉ុណ្ណោះ។ ភាព​តានតឹង​នឹង​វិល​មកវិញ​យ៉ាង​ងាយ ប្រសិនបើ​ផ្នត់គំនិត​ចាស់​មិន​ត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម​ពេលវេលា​ទេនោះ។ ពេលវេលា​នេះ​គឺជា​ពេលដែល​ត្រូវធ្វើ​កំណែទម្រង់​ទើប​អាច​រត់​ទាន់សភាពការណ៍។

ដូច្នេះ ឆ្នាំ​ថ្មី ឆ្នាំ ២០១៥ នេះ​គួរតែ​ដល់ពេល​ហើយ​ដែល​គ្រប់ភាគី​ត្រូវ​ផ្លាស់ប្តូរ​របៀប​ធ្វើ​ការងារ​ថ្មី​ដើម្បី​ស្វែងរក​ចំណុច​ល្អ​សម្រាប់​ជា​ផលប្រយោជន៍​ទាំងអស់គ្នា​ពោលគឺ​ប្រយោជន៍​ប្រទេស និង​ប្រជា​ជាតិខ្មែរ​ទាំងមូល។ ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុងនាម​ជា​ដៃគូ ពិតជា​ប្រសើរ​ជាង​ការដោះស្រាយ​តែម្នាក់ឯង ដោយ​ទុក​ឲ្យ​ភាគី​ម្ខាង​ទៀត​ឲ្យ​នៅក្រៅ​សង្វៀន​ហើយ​ចាំតែ​បរិហារ​រិះគន់។

មូលហេតុ​ទី១គឺ​មកពី​ការតម្កល់​ប្រយោជន៍​បុគ្គល​ធំ​ជាង​ប្រយោជន៍​ជាតិ។   មូលហេតុ​ទី២គឺ​មកពី​ទម្លាប់​ស្រឡាញ់​មុខមាត់​និង​អំណាច​នៅតែ​ដិតដាម​ពិបាក​លាងជម្រះ និង​មូលហេតុ​ទី៣គឺ​មកពី​ទស្សនៈ«អញ​និយម»នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ។ ហេតុនេះហើយ​បានជា​មិនមែន​តែ​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច​ប៉ុណ្ណោះ​ទេ​ដែល​ប៉ះ​សម្តី​គ្នា​យ៉ាងខ្លាំង​នោះ ប៉ុន្តែ រវាង​អង្គការ​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​ក៏​ប៉ះគ្នា​បែកផ្សែងជារឿយៗដែរ។

ដូច្នេះ ឆ្នាំ​ថ្មី​មិនមែន​គ្រាន់តែ​នាំគ្នា​ឆ្លង​ឆ្នាំ​ដោយ​សប្បាយរីករាយ​ប៉ុណ្ណោះ​ទេ តែ​វា​គួរតែ​ជា​ពេលវេលា​ដែល​ខ្មែរ​គ្រប់គ្នា​គួរ​ពិចារណា​ឡើងវិញ​អំពី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន​ដោយ​ហ៊ាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ចាស់​ផ្លាស់​យក​ផ្នត់គំនិត​ថ្មី​និង​ជឿនលឿន​ជាង​មុន។ ប្រសិនបើ​មិន​ដូច្នោះ​ទេ សង្គម​ខ្មែរ​ពិបាក​នឹង​ស្គាល់​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ពិតប្រាកដ​ណាស់៕



© រក្សាសិទ្ធិដោយ thmeythmey.com