ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
វត្តមាន​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក កែម ឡី ធ្វើអោយ​នយោបាយ​ខ្មែរ​ប្រែប្រួល!
03, Jan 2015 , 2:50 pm        
រូបភាព
ភ្នំពេញ៖ ការយាង​ចូលធ្វើ​នយោបាយ​ឡើងវិញ​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាពិសេស វត្តមាន​របស់​ព្រះ​អង្គជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នេះ នឹង​ធ្វើអោយ​ទិដ្ឋភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការប្រែប្រួល បើទោះបីជា​គេ​គិតថា ប្រជាប្រិយភាព​របស់​ព្រះអង្គ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​យ៉ាងណាក៏ដោយ​ក្តី។



តើ​វត្តមាន​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក កែម ឡី អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​គណ​បក្ស​មូលដ្ឋាន​នឹង​ធ្វើអោយ​ទិដ្ឋភាព​នយោបាយ​ខ្មែរ​ប្រែប្រួល​យ៉ាងដូចម្តេច? តើ​វត្តមាន​របស់​ព្រះអង្គ និង​លោក កែម ឡី នឹង​ជួយផ្តល់​ទម្ងន់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​ជួយផ្តល់​ទម្ងន់​បន្ថែមទៀត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា? តើ​នេះ​ជា​របត់​នយោបាយ​ថ្មី​លើ​វិថី​ចាស់​មែន​ឬទេ?

កាលពី៨ឆ្នាំមុន​ពោល គឺ​នៅ​ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបាន​គេ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បង្កើតឡើង​ដោយ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ៨ឆ្នាំ​ក្រោយមក ព្រះអង្គ​ត្រូវបាន«ដៃគូ​ជម្លោះ»យាង​អោយធ្វើជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្លាប់មាន​បញ្ហា​ជាមួយ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា គ្រប់​រឿង​អតីតកាល​ត្រូវតែ«បំភ្លេចចោល»។ លោក​សុខចិត្ត​លះបង់​គ្រប់យ៉ា់ង​ដើម្បី​ធ្វើ​យ៉ាងដូចម្តេច​អោយតែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភាជាតិ​ឡើងវិញ។

ការសម្របសម្រួល​ជម្លោះ​នយោបាយ​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ក្រុម​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​យល់ឃើញថា បើ​គ្មាន​ការរួបរួម​គណបក្ស​រាជានិយម​ឡើងវិញ​ទេនោះ ស្រមោល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​កាន់តែ​រលត់​បាត់បង់​បន្តិចម្តងៗពី​ឆា​កន​យោ​យ​ខ្មែរ។ និយាយ​បែប​ផ្សេង មានន័យថា សាមគ្គីរស់ បែកបាក់​សាម​គ្តី​ស្លាប់​សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សម្រាប់​គណបក្ស​ថ្មី​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងអំឡុង​ទសវត្សរ៍៩០ដែល​អនុញ្ញាតអោយ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈ្នះឆ្នោត ហើយ​ព្រះអង្គ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី១ ។
ក្រោយមក ដោយសារ​ជម្លោះផ្ទៃក្នុង​គណបក្ស និង​ដោយសារ​បរិយាកាស​នយោបាយ​ខាងក្រៅ​គណបក្ស​ដាក់​សម្ពាធ​ខ្លាំងពេក ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបាន​គេ​បង្ខំ​អោយ​យាង​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ចាប់ពីពេលនោះ​មក ព្រះអង្គ​បាន​បង្កើត​គណបក្ស​ថ្មី​របស់​ព្រះអង្គ​ផ្ទាល់ តែ​ពុំ​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់​ដោយសារ​ប្រជាប្រិយភាព​របស់​ព្រះអង្គ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

តើ​នៅពេលនេះ​ឆ្នាំ២០១៥ វត្តមាន​ជាថ្មី​របស់​ព្រះអង្គ​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ និង​វត្តមាន​លោក កែម ឡី នឹង​ធ្វើអោយ​ទិដ្ឋភាព​នយោបាយ​ខ្មែរ​មានការ​ប្រែប្រួល​ដូចម្តេចខ្លះ? តើ​វត្តមាន​របស់​ព្រះអង្គ និង​លោក កែម ឡី នឹង​ជួយផ្តល់​ទម្ងន់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​ជួយផ្តល់​ទម្ងន់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា? តើ​នេះ​ជា​របត់​នយោបាយ​ថ្មី​លើ​វិថី​ចាស់​មែន​ឬទេ?

តាមពិតទៅ ការយាងត្រឡប់​ចូល​ឆាកនយោបាយ​ជាថ្មី និង​ជាពិសេស ការយាង​ចូលធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នេះ គឺជា​របត់​នយោបាយ​ថ្មី​លើ​វិថី​ចាស់​តែប៉ុណ្ណោះ។ របត់​នយោបាយ​ថ្មី​លើ​វិថី​ចាស់ ពីព្រោះ ទិដ្ឋភាព​នយោបាយ​ហាក់បីដូច​ជាថ្មី​បន្តិច​មែន ប៉ុន្តែ​ដៃគូ​ប្រជែង​នយោបាយ​ចាស់​នៅ​ដដែល គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញ​មាន​ចលនានយោបាយ​ថ្មី​មួយទៀត គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​លោក លោក កែម ឡី អ្នកស្រាវជ្រាវ​ឯករាជ្យ និង​លោក យ៉ង់ សាំង​កុមា ប្រធាន​អង្គការ​សេ​ដាក់ ជា​អ្នកដឹកនាំ។

ឆ្លើយ​ទៅ​សំណួរ​ដែល​សួ​ថា តើ​វត្តមាន​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក កែម ឡី នឹង​ជួយផ្តល់​ទម្ងន់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬក៏​ជួយ​ទម្ងន់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ?
អ្នកវិភាគ​មួយចំនួន​បាន​អត្ថាធិប្បាយ​ថា វត្តមាន​ថ្មី​របស់​ព្រះអង្គ​នឹង​អាចធ្វើអោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ប្រជាប្រិយភាព​ឡើងវិញ​ខ្លះ ពោល គឺ​គណបក្ស​មួយ​នេះ​អាច​នឹង​ស្វែងរក​កៅអី​ឡើងវិញ​បាន​ខ្លះ​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ។

ដោយសារតែ​ការមិនសប្បាយចិត្ត​នឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់​កាលពី​អតីតកាល អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ព្រះអង្គម្ចាស់ រណឫទ្ធិ មួយចំនួន​បានសម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយចំនួន​តូច​ទៀត​នៅ​បន្ត​បោះឆ្នោតអោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឬ​គណបក្ស​ព្រះអង្គម្ចាស់ រណឫទ្ធិ កាលពី​ការបោះឆ្នោត​នាពេល​កន្លងមក។ ដោយសារ​ការ​បែក​សំឡេង គណបក្ស«បងប្អូន​ជម្លោះ​ទាំងពីរ»គ្មាន​ទទួលបាន​អាសនៈ សូម្បីតែ១កៅអី​នៅ​រដ្ឋសភាជាតិ​សម្រាប់​អាណត្តិ​ទី៥នេះ។

ដូច្នេះ ក្រោយ​ការរួបរួម​គ្នា​នេះ​ទៅ គេ​សង្ឃឹមថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​ទាញយក​សំឡេង​ដែល​បាត់បង់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ​បាន​ក្នុង​មួយចំនួន​ណាមួយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​ខ្លះ​ផង ពេលនោះ អ្នកគាំទ្រ​មួយចំនួន​ចាប់ផ្តើម​ពិចារណា​ថា តើ​ពួកគេ​ត្រូវ​ត្រឡប់​ទៅកាន់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឡើងវិញ ឬក៏​ត្រូវ​ទៅ​ចាប់យក​គណបក្ស​មូលដ្ឋាន​ថ្មី​របស់លោក កែម ឡី។

វត្តមាន​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ជា​រឿង​មួយ។ ប៉ុន្តែ វត្តមាន​នៃ​គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី ក៏​នឹង​អាច​ទាញ​សមាជិក​មួយផ្នែក​បន្ថែម​ទៀត​ពី​គណបក្ស​សង្គ្រោះ​ជាតិ។
សរុបសេចក្តី​មកវិញ វត្តមាន​គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី និង​វត្តមាន​ជាថ្មី​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្នុងនាម​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតជា​នឹង​ធ្វើអោយប៉ះពាល់​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ ហើយ​វា​នឹង​ផ្តល់​ទម្ងន់​បន្ថែមទៀត​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ។

តើ​គណបក្ស​ណា​ជា​អ្នកឈ្នះឆ្នោត​នៅ​ឆ្នាំ២០១៧ និង២០១៨នោះ? នេះ​ជា​សំណួរ​ដែល​អ្នកបោះឆ្នោត​ជា​អ្នកសម្រេច៕


© រក្សាសិទ្ធិដោយ thmeythmey.com