ជាតិ
បទវិភាគ
សមិទ្ធផល​ឆ្នាំ​ចាស់ និង សេចក្ដីសង្ឃឹម​ឆ្នាំ​ថ្មី
03, Jan 2015 , 7:30 pm        
រូបភាព
ដោយ:
ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យើង​បាន​សង្កេតឃើញថា លទ្ធផល​វិជ្ជមាន​ដែល​សម្រេចបាន​តិច​នៅឡើយ ដូចជា ការបញ្ចប់​ភាពវឹកវរ​ខាង​នយោបាយ, ការចាប់ផ្ដើម​ធ្វើកំណែទម្រង់​លើ​វិស័យ​មួយចំនួន, ការចាប់​ដំណើរ​ការធ្វើ​កំណែទម្រង់ គ.ជ.ប., ការ​តម្លើង​ប្រាក់ខែ...។ ផ្ទុយទៅវិញ លទ្ធផល​អវិជ្ជមាន​ហាក់ដូចជា​នៅមាន​ច្រើន​នៅឡើយ ដូចជា ការកាប់បំផ្លាញ​ព្រៃឈើ, ការប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នកនយោបាយ, កំណើន​គ្រោះថ្នាក់​ចរាចរណ៍, អំពើ​លួច អំពើ​ឆក់ អំពើ​ប្លន់, ការជួញដូរ​គ្រឿងញៀន។ល។



ដើម្បី​យល់ដឹង​កាន់តែច្បាស់​ពី​សមិទ្ធិ​នានា​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សូម​ពិនិត្យមើល​គោលនយោបាយ​មូលដ្ឋាន​ទាំង​បួន​ចំណុច​ដូចតទៅ៖

១) ការពារជាតិ សន្តិសុខ និង សណ្ដាប់ធ្នាប់​សាធារណៈ៖ វិស័យ​ការពារជាតិ ហាក់ដូចជា​មិនសូវមាន​បញ្ហា​ធំដុំ​ទេ ប៉ុន្តែ បញ្ហា​មួយ​ដែល​មិនទាន់បាន​ដោះស្រាយ​នោះ​គឺ​ការអនុវត្ត​សាលដីការ​របស់​តុលា​យុត្តិធម៌​អន្តរជាតិ​អំពី​ជម្លោះព្រំដែន​ក្បែរ​ប្រាសាទព្រះវិហារ។ ចំពោះ​បញ្ហា​សន្តិសុខ​វិញ ហាក់ដូចជា​នៅមាន​ភាពស្មុគស្មាញ​ច្រើន ដែល​កន្លងមកថ្មីៗនេះ អំពើ​លួច អំពើ​ឆក់ អំពើ​ប្លន់​ប្រដាប់អាវុធ និង ការជួញដូរ​គ្រឿងញៀន​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់។ ចំណែកឯ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ក្នុងការ​ប្រើប្រាស់​ផ្លូវ​សាធារណៈ ចិញ្ចើមផ្លូវ និង ការ​សាសង់​សំណង់​តូចធំ​ដោយ​មិន​គោរព​តាម​ប្លង់​មេ បទដ្ឋាន​គតិយុត្ត និង ច្បាប់​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក៏​កំពុង​កើន​មាន​ជា​បន្តបន្ទាប់​ដែរ។

២) ការពង្រឹង​រដ្ឋបាល​សាធារណៈ, វិមជ្ឈការ​និង​វិសហមជ្ឈការ, ការពង្រឹង​ផ្នែក​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ និង ការប្រឆាំង​អំពើពុករលួយ៖ ការពង្រឹង​រដ្ឋបាល​សាធារណៈ ហាក់ដូចជា ធ្វើ​បានតែ​នៅ​ក្រសួង ស្ថាប័ន​មួយចំនួន​ប៉ុណ្ណោះ ឯ​ក្រសួង ស្ថាប័ន​មួយចំនួនទៀត ជាពិសេស ចំពោះ​ស្ថាប័ន​ដែល​ទាក់ទង​នឹង​ការសម្រេច​តែងតាំង​ផ្ដល់​ឋានៈ និង ការសម្រេច​គម្រោង​ដែលមាន​លុយ​ច្រើន នៅតែ​ប្រកាន់​ទម្លាប់​ការិយាល័យ​ធិបតេយ្យ​នៅឡើយ។ ចំពោះ​វិមជ្ឈការ​និង​វិសហមជ្ឈការ​វិញ ហាក់ដូចជា មាន​ភាពប្រសើរ​នៅ​ថ្នាក់ឃុំ​សង្កាត់ ប៉ុន្តែ ចំពោះ​ថ្នាក់​រាជធានី ខេត្ត និង ក្រុង ស្រុក ខណ្ឌ វិញ វិមជ្ឈការ​និង​វិសហមជ្ឈការ ឬ ប្រតិភូកម្ម​អំណាច មាន​លក្ខណៈ​ស្ដួចស្ដើង​ប៉ុណ្ណោះ ឬ អាច​និយាយបានថា គ្រាន់​តែមាន​ជា​ទម្រង់​ប៉ុណ្ណោះ ឯ​ខ្លឹមសារ​ជាក់ស្ដែង​មិនទាន់មាន​ទេ។

ការពង្រឹង​ផ្នែក​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ វិញ ត្រូវបាន​គេ​មើលឃើញថា ស្ទើរតែ​គ្មាន​ការរីកចម្រើន​ទាល់តែសោះ អ្វីដែល​យើង​បាន​សង្កេតឃើញ​នោះ គឺថា មន្ត្រី​នៅក្នុង​ស្ថាប័ន​តុលាការ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងការ​ទារលុយ​ពី​អ្នក​ពាក់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​ដោយ​ឥត​លាក់លៀម មកជា​ការទារ​តាមរយៈ​ការឃុបឃិត​ជាមួយ​មេធាវី ដូចជា ថ្លៃ​សេវា​របស់​មេធាវី ថ្លៃ​រត់ការ ជាដើម។ ចំពោះ​ការប្រឆាំង​អំពើពុករលួយ ត្រូវបាន​គេ​មើលឃើញថា ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បាន​ចាត់ការ​តែ​ករណីតូចៗ ឬ ចំពោះ​ជន​ណា​ដែល​មិន​គាំទ្រ​គណបក្សកាន់អំណាច​តែ​ប៉ុ​ណ្ណៈ ចំពោះ​អ្នក​ពុករលួយធំៗដែលមាន​គាំទ្រ​គណបក្សកាន់អំណាច មិន​ត្រូវបាន​ស្ថាប័ន​នោះ​ចាត់វិធានការ​បង្ក្រាប​ទេ។    

៣) ការអភិវឌ្ឍ​សេដ្ឋកិច្ច៖ ថ្វីបើ​រដ្ឋាភិបាល​អាច​ស​ម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច ជាង ៧% តាម​ការគ្រោងទុក​ក៏ដោយ ក៏ប៉ុន្តែ ស្ថាប័នរដ្ឋ​នៅតែ​ខ្វះ​មធ្យ​បាយ​បំពេញការងារ ឯ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ កម្មករ និយោជិត និង​មន្ត្រី​រាជ នៅតែ​ជួប​ការលំបាក មិនអាច​រស់នៅ​បាន​ដោយ​ពឹងផ្អែក​តែ​ទៅលើ​ប្រាក់ខែ​របស់ខ្លួន។ មានន័យថា កំណើន​នោះបាន​ផ្ដល់​ប្រយោជន៍​តែ​ទៅលើ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ។ ឯមុខ​ព្រួញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ភាគច្រើន​មាន​លក្ខណៈ​ផុយស្រួយ ហើយ​ទីផ្សារ​របស់​កម្ពុជា​ក៏​មិនមាន​លក្ខណៈ​រឹងមាំ​និង​ស្ថិតស្ថេរ​ដែរ។     

៤) ការអភិវឌ្ឍ​វិស័យ​អប់រំ សុខាភិបាល ការងារ វប្បធម៌ និង សង្គមកិច្ច៖ វិស័យ​អប់រំ មានការ​កែទម្រង់​តិចតួច លើ​វិសាលភាព​នៃ​កំហុសឆ្គង​និង​ចំណុចខ្សោយ​ច្រើន​លើសលប់។ វិស័យ​សុខាភិបាល ហាក់ដូចជា មិន​ទៅមុខ ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ គ្មាន​សង្ឃឹម​និង​ខ្វះ​ការជឿជាក់​លើ​សេវា​សុខាភិបាល​របស់​កម្ពុជា ខណៈពេលដែល​អ្នកមាន​និង​អ្នកធំ​ទៅ​ព្យាបាល​នៅ​បរទេស ហើយ​ទន្ទឹមនឹងនេះ ក៏មាន​វិនិយោគិន​បរទេស​មក​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ផងដែរ។ ការងារ វប្បធម៌ និង សង្គមកិច្ច ក៏​មិនទាន់​ល្អប្រសើរ​ដែរ ពីព្រោះ​កម្ពុជា មិនទាន់មាន​ការងារ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​របស់ខ្លួន លក្ខខណ្ឌ​ការងារ​និង​ប្រាក់ខែ​មិនទាន់​ល្អប្រសើរ។ ឯ​ការជួយ​ដល់ កុមារកំព្រា ជនពិការ ជន​ចាស់ជរា ជន​អានា​ថា ជន​បាត់បង់​សប្ប​ទា​វិជ្ជាជីវៈ និង និវត្តជន ក៏​មិនទាន់បាន​សម​រ្យ​នៅឡើយ។      

យើង​សង្ឃឹមថា ក្នុង​ឆ្នាំ​ថ្មី​នេះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ធ្វើឱ្យ​វិស័យ​ដែល​មិនទាន់​ល្អ​ឱ្យ​ចាប់ផ្ដើម​ប្រែក្លាយ​ទៅជា​ល្អ ចំណែកឯ​វិស័យ​ដែល​បានល្អ​ខ្លះ​ហើយ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​លើកមុខ​មាត់​របស់​កម្ពុ​ជា​និង​លើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ​ខ្មែរ៕
 
     



© រក្សាសិទ្ធិដោយ thmeythmey.com