ជាតិ
បទវិភាគ
អាជីព​អ្នកកាសែត​ប្រឈម​នឹង​ការគំរាមកំហែង?
08, Jan 2015 , 9:51 pm        
រូបភាព
ដោយ:
ការវាយប្រហារ​ទៅលើ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី  Charlie Hebdo នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​ជា​សញ្ញា​ថ្មី​ទៀត​ដែល​បង្ហាញថា អាជីព​អ្នកកាសែត​ហាក់ដូចជា​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង។ សូម្បីតែ​អ្នកកាសែត​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ក៏​ត្រូវបាន​គេ​វាយប្រហារ​និង​សម្លាប់​ទាំង​កណ្តាលថ្ងៃត្រង់​និង​កណ្តាល​ទីក្រុង​បានដែរ។  ដូច្នេះ អំណឹះតទៅ រដ្ឋាភិបាល​ប្រទេសនីមួយៗជាពិសេស​កម្ពុជា​ត្រូវ​ធានា​សុវត្ថិភាព​របស់​អ្នកកាសែត​ឲ្យ​ចៀស​ផុតពី​ការវាយប្រហារ​គ្រប់​រូបភាព។



 នៅក្នុង​ប្រទេស​បារាំង ទស្សនា​វ​ដ្តី​ដែល​ចូលចិត្ត​គូររូប​ត្លុក​កំប្លែង​បែប​ចំអក​ដូច Charlie Hebdo នេះ​ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញមតិ​ដែល​ត្រូវការពារ។ ហេតុដូច្នេះ​ហើយ​បានជា​នៅពេល​រង​ការវាយប្រហារ​ពី​ភេរវជន​បែបនេះ ប្រជាជន​បារាំង​ក៏ដូចជា​ប្រជាជន​ស្នេហា​សេរីភាព​ក្នុង​ពិភពលោក​បានរួម​គ្នា​គាំទ្រ​និង​លើកទឹកចិត្ត​ពីព្រោះ​វាយប្រហារ​ទៅលើ​កាសែត​នេះ​ប្រៀបបាន​ទៅនឹង​វាយប្រហារ​ទៅលើ​សេរីភាព​បញ្ចេញមតិ។

នៅ​កម្ពុជា បើទោះជា​សេរីភាព​មិនទាន់​ឈានដល់​ថ្នាក់​នេះ​ក៏ដោយ ក៏ប៉ុន្តែ អ្នកកាសែត​គឺជា​តំណាង​ឲ្យ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​ខ្មែរ​យ៉ាងពិត​ប្រាកដ។ រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ​នេះ សារព័ត៌​មានបាន​ចូលរួមចំណែក​ច្រើនណាស់​ក្នុងការ​បង្កើត​ឲ្យ​មាន​ប្រជាធិបតេយ្យ​និង​វប្បធម៌​សម្តែង​មតិ។ ក្នុងអំឡុង​ពេលនោះ ក៏មាន​អ្នកកាសែត​មិនតិច​ដែរ​ដែល​បាន​ស្លាប់​និង​រង​ការ​ធ្វើទុក្ខបុកម្នេញ។

ចាប់តាំងពី​ឆ្នាំ១៩៩២មក យ៉ាងហោចណាស់​អ្នកកាសែត​ខ្មែរ១២នាក់​បាន​ស្លាប់ និង​ជាច្រើន​អ្នក​ទៀត​បាន​រង​ការគំរាមកំហែង។ បន្ថែម​ពីលើ​នេះ អ្នកកាសែត​ខ្មែរ​ក៏ត្រូវ​បាន​គេ​រើសអើង​ថែមទៀត។ រើសអើង​ដោយ​អ្នកនយោបាយ​ថែមទៀត។ អ្នកកាសែត​ធ្វើការ​ឲ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​លម្អៀង​ទៅរក​បក្សប្រឆាំង​ទទួល​ការរើសអើង​ពី​អាជ្ញាធរ​បក្ស​កាន់អំណាច។ រីឯ​អ្នកកាសែត​បម្រើការ​ឲ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែលមាន​ទំនោរ​ទៅរក​បក្ស​កាន់អំណាច​ទទួល​ការរើសអើង​ពី​បក្សប្រឆាំង។

ជាការ​ពិតណាស់ វិស័យ​សារព័ត៌មាន​កំពុង​រីក​ដុះដាល​យ៉ាងខ្លាំង​រយៈពេល​ចុងក្រោយ​នេះ​ទាំង​បរិមាណ​និង​គុណភាព​បើទោះបីជា​បញ្ហា​ឯករាជភាព និង​វិជ្ជាជីវៈ​នៅតែ​ជា​ចំណោទ​ដ៏​ធំ​មួយ​ក៏ដោយ។ ក្រៅពី​សារព័ត៌មាន​ប្រពៃណី​ដូចជា​កាសែត វិទ្យុ និង​ទូរទស្សន៍​នោះ សារព័ត៌មាន​បែប​ថ្មី ( គេហទំព័រ និង​បណ្តាញ​សង្គម​នានា)ក៏​កំពុង​រីកដុះដាល​ណាស់ដែរ។
នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​សេរី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​ក្នុង​ការជំរុញ​យន្តការ​ប្រជាធិបតេយ្យ​ឲ្យ​ដើរទៅ​មុខ។ ប៉ុន្តែ ដើម្បី​ឲ្យ​សារព័ត៌មាន​អាចបំពេញ​តួនាទី​ដ៏​សំខាន់​នេះ​បាន​ទាល់តែ​អ្នកកាសែត​អាចបំពេញ​មុខនាទី​រប​ស់​ខ្លួន​ដោយ​ពេញលេញ​និង​ចៀស​ផុតពី​ការ​ព្យាបាទ​គ្រប់​រូបភាព។ ក្នុងស្ថានភាព​ដែល​អ្នកកាសែត​រង​ការវាយប្រហារ​ដោយ​ពួក​ភេរវជន​ផង​និង​ដោយ​ជន​សង្គមងងឹត​ផង ឬ​រង​ការរើសអើង​បែបនេះ អ្នកកាសែត​មិនអាច​បំពេញការងារ​ដោយ​ពេញលេញ​បានទេ។
     
នៅ​កម្ពុ​ជាមាន​មូលហេតុ​សំខាន់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកកាសែត​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ៖

មូលហេតុ​ទី១ គឺ​ដោយសារតែ​ស្ថានការណ៍​នយោបាយ​មិនល្អ។ ជាទូទៅ នៅពេល​ដែលមាន​វិបត្តិ​នយោបាយ​តានតឹង ស្ថានការណ៍​ប្រទេសជាតិ​តែងតែ​ចុះ​ដុនដាប​ទាំង​សេដ្ឋកិច្ច ទាំង​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន។

មូលហេតុ​ទី២
គឺ​ដោយសារតែ​ទម្លាប់​ចាស់គំរឹល​ដែល​អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បន្លាក្នុងកែវភ្នែក​ដែល​ត្រូវតែ​កម្ចាត់​ទោះជា​ដោយ​រូបភាព​ណាក៏ដោយ។ អ្នក​ដែល​មិន​ចូលចិត្ត​អ្នកកាសែត​មានដូចជា​មន្ត្រី​ពុករលួយ ឈ្មួញ​រកស៊ី​ខុសច្បាប់​ឬ​អ្នកប្រព្រឹត្ត​មិនល្អផ្សេងៗទៀត។

មូលហេតុ​ទី៣ គឺ ដោយសារតែ​ទម្លាប់​របស់​អ្នកនយោបាយ​ដែល​តែង​យក​សារព័ត៌មាន​ធ្វើជា​ឧបករណ៍​បម្រើ​នយោបាយ​របស់ខ្លួន។ ដូច្នេះ នៅពេលដែល​ឆាកនយោបាយ​ពោរពេញ​ដោយ​គំនុំសងសឹក​យ៉ាងខ្លាំង​នៅឡើយ អ្នកកាសែត​ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ដែលមាន​និន្នាការ​នយោបាយ​ខ្លាំង​ក៏​ទទួលរង​គ្រោះ​ដោយ​ការរើសអើង។

ដើម្បី​ឲ្យ​អ្នកកាសែត​អាចបំពេញ​ការងារ​រប​ស់​ខ្លួន​បាន​ពេញលេញ ទាល់តែ​មូលហេតុ​ទាំងនេះ​ត្រូវបាន​ព្យាបាល។  អ្វីដែល​សំខាន់​បំ​ផុ​គឺ​រដ្ឋាភិបាល​ត្រូវតែ​ធានា​សុវត្ថិភាព​របស់​អ្នកកាសែត​ឲ្យ​បាន។ ការធានា​អាចធ្វើ​ឡើង​តាមរយៈ​ការចេញ​បទបញ្ជា​តឹងរ៉ឹង​ដល់​សមត្ថកិច្ច​គ្រប់​ប្រភេទ​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកកាសែត។ បើ​មានការ​បំពាន​កើតឡើង ការស៊ើបអង្កេត​និង​ឈានទៅ​ផ្តន្ទាទោស​ត្រូវតែមាន​ជាដាច់ខាត។ ចំណែក​អ្នកកាសែត​វិញ​ក៏ត្រូវ​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ។

ការលើកស្ទួយ​និង​គោរព​អំណាច​សារព័ត៌មាន​គឺជា​ការលើកស្ទួយ​និង​គោរព​សេរីភាព​សម្តែង​មតិ។ ផ្ទុយទៅវិញ ការ​បណ្តោយ​ឲ្យ​មានការ​បំពាន​យ៉ាង​អាក្រក់​ទៅលើ​អ្នកកាសែត​នឹងមិន​ផ្តល់​ផល​ល្អ​ឡើយ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ដូចជា​សម្រាប់​កេ​រិ៍​ឈ្មោះ​ប្រទេស​នេះ​នៅលើ​ឆាក​អន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com