ជាតិ
បទវិភាគ
តើ​ពេលណា​ទើប​ស្ត្រី​ខ្មែរ​ឈប់​រងគ្រោះ​ព្រោះ​ទឹក​លុយ?
08, Mar 2015 , 12:00 pm        
រូបភាព
រហូតមកដល់​ពេលនេះ រឿងរ៉ាវ​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការចាញ់បោក​គេ​បន្ទាប់ពី​រៀបការ​ជាមួយ​បុរស​បរទេស​ទៅ​នៅ​ស្រុក​គេ​នៅតែ​បន្ត​កើតមាន​ឥត​ដាច់។ ក្រៅពី​រងគ្រោះ​ព្រោះតែ​ស្វែងរក​ការងារ​ឬក៏​ព្រោះតែ​ការជួញដូរ​តាម​វិធីផ្សេងៗនោះ ក៏មាន​ស្ត្រី​ខ្មែរ​វ័យក្មេង​មិនតិច​ទេ​ដែល​ចាញ់បោក​គេ​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍។ មូលហេតុ​ធំជាងគេ​គឺ​មកពី​លុយ​នេះឯង។ ស្ត្រី​ខ្មែរ​ជាច្រើន​ណាស់​ដែល​កំពុងរ​ង​គ្រោះ​នៅឯ​បរទេស។



ដោយសារតែ​ចង់បាន​លុយ ស្ត្រីវ័យក្មេងៗដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ដល់​ជាង២០ឆ្នាំ​ជាច្រើន​ត្រូវបាន​ឪពុកម្តាយ​សុខចិត្ត​ឲ្យ​រៀបការ​ជាមួយ​បុរស​បរទេស​តាមរយៈ​មេខ្យល់ ជាពិសេស​បុរស​មកពី​ចិន កោះ​តៃវ៉ាន់ និង​កូរ៉េខាងត្បូង​ជាដើម។ វិធី​រើស​កូនក្រមុំ​ទៅ​រៀបការ​ត្រូវបាន​គេ​រៀបចំ​ធ្វើឡើង​ប្រៀប​ដូច​ទំនិញ​ពោលគឺ​ស្ត្រី​វ័យក្មេង​ទាំងនោះ​ត្រូវ​តម្រៀបជួរ​គ្នា​ដើម្បី​ឲ្យ​បុរស​បរទេស​ទាំងនោះ​រើស។ បុសរ​ខ្លះ​មាន​វ័យ​ស្មើនឹង​ឪពុក​ឬ​ចាស់​ជាង​ឪពុក​របស់ខ្លួន​ផង​ក៏មាន។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ការប្រមូល​ស្ត្រី​ខ្មែរ​មក​ដាក់តាំង​ឲ្យ​បុរស​កូរ៉េ ឬ​ចិនតៃវ៉ាន់​ជ្រើសរើស​ធ្វើជា​ប្រពន្ធ គឺជា​រឿង​ពេញនិយម​និង​បើកចំហ។ ប៉ុន្តែ ក្រោយពី​អាជ្ញាធរ​បាន​ចាត់វិធានការ​មួយចំនួន​បន្ទាប់ពី​មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​មក​នោះ រឿងនេះ​ក៏​ស្ថិតក្នុង​សភាព​លាក់បាំង​បន្តិច។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ក្រុម​មេខ្យល់​នៅតែ​រត់ការ​ដើម្បី​រៀបចំ​ពិធី​នេះ​បានសម្រេច​ដដែល​ដោយមាន​ការយល់ព្រម​ពី​ឪពុកម្តាយ​ខ្មែរ​ដែល​ប្រាថ្នា​ចង់បាន​កូនប្រសា​បរទេស​ដោយ​ក្តី​សង្ឃឹមថា កូនប្រសា​នោះ​នឹងមាន​លុយ​ចិញ្ចឹម​គ្រួសារ​របស់ខ្លួន។

ជាការ​ពិត ការជ្រើសរើស​គូស្រករ​គឺជា​សេរីភាព​របស់​មនុស្ស​គ្រប់គ្នា ហើយក៏​គ្មាន​ការហាម​ប្រាម​មិន​ឲ្យ​ជាតិ​សាសន៍​មួយ​ស្រឡាញ់​ជាតិ​សាសន៍​មួយទៀត​នោះដែរ។ ប៉ុន្តែ ជាតិ​សាសន៍នីមួយៗសុទ្ធ​តែមាន​ប្រពៃណី និង​កិត្តិយស​ដែល​មិនអាច​បំពាន​បានជា​ពិសេស​គឺ​ស្ត្រី​តែម្តង។ សង្គម​ខ្មែរ និង​ស្ត្រី​ខ្មែរ​ក៏មាន​តម្លៃ​ជា​ប្រពៃណី និង​កិត្តិយស​របស់ខ្លួន​ដែរ។ ទោះបីជា បុរស​ខ្មែរ​ត្រូវ​ចូល​ស្តីដណ្តឹង និង​ជូន​បណ្ណាការ​ទៅ​ឲ្យ​ភាគី​ខាង​ស្រី ប៉ុន្តែ ទង្វើ​នេះ​ត្រូវបាន​គេ​ផ្តល់​អត្ថន័យ​ជា​កិត្តិយស គឺ​មិនមែន​ជាការ​ទិញដូរ​ឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ន ក៏​គ្មាន​បុរស​ខ្មែរ​ណា​មាន​សិទ្ធិ​ឲ្យ​គេ​ប្រមូលផ្តុំ​ស្ត្រី​មក​ឲ្យ​ខ្លួន​រើស​ធ្វើ​ប្រពន្ធ​នោះដែរ។

ដូច្នេះ វា​ពិតជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំងណាស់​ដែល​ស​ម័​យ​នេះ​ទៅហើយ​នៅតែមាន​បុរស​បរទេស​អាចមក​ប្រមូល​ស្ត្រី​ខ្មែរ​ដើម្បី​រើស​ធ្វើ​ប្រពន្ធ​ដូចជា​រើសមុខ​ទំនិញ​បែបនេះ ហើយ​ទង្វើ​ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​កិត្តិយស​ជាតិ​ទាំងមូល​នេះ បែរជា​ត្រូវបាន​អនុញ្ញាត​ក្រោម​ហេតុផល​ថា​ជា​សិទ្ធិ​ជ្រើសរើស​កូ​ស្រករ​ទៅវិញ​នោះ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​សភាព​បែបនេះ៖

មូលហេតុ​ទី១ គឺ​ភាពក្រីក្រ​ដែល​ជំរុញ​ឲ្យ​គ្រួសារ​ខ្មែរ​ជាច្រើន​បង្ខំចិត្ត​ធ្វើ​អ្វីដែល​អាចធ្វើ​បាន​ដើម្បី​តែ​លុយ​ដោយ​ពេលខ្លះ​លែង​គិតពី​ភាពថ្លៃថ្នូរ និង​លែង​បែងចែក​ខុស​និង​ត្រូវ។ អ្នកខ្លះ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ដើម្បី​ស្វែងរក​ការងារ រីឯ​អ្នក​ខ្លះទៀត​សុខចិត្ត​ឲ្យ​កូនក្រមុំ​ដែល​ទើប​ធំ​ដឹងក្តី​មិនទាន់បាន​ស្គាល់​សង្គម​អ្វី​សោះ​នោះ​រៀបការ​ជាមួយ​ជនជាតិ​គេ​ហើយ​ទៅ​រស់នៅ​ស្រុក​គេ​ជា​ថ្នូរ​នឹង​លុយកាក់​បន្តិចបន្តួច។

មូលហេតុ​ទី២ គឺ​ផ្នត់គំនិត​របស់​ពលរ​ដ្ឋ​ខ្មែរ​ដែល​តែង​ផ្តល់​តម្លៃ​ហួសហេតុ​ដល់​អ្វី​ដែលជា​បរទេស មិន​ថា​ជា​មនុស្ស​ឬ​វត្ថុ​នោះឡើយ។ នេះ​មកពី​សង្គម​ខ្មែរ​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម​ច្រើនពេក​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាត់បង់​មោទនភាព​ជាតិ​របស់ខ្លួន ហើយ​បែរ​ទៅ​ផ្តល់​តម្លៃ​ខ្លាំង​ដល់​បរទេស។

មូលហេតុ​ទី៣ គឺ​ភាពខ្វះ​ចន្លោះ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ក្នុងការ​ការពារ​កិត្តិយស​ស្ត្រី និង​តម្លៃសង្គម​របស់ខ្លួន។ ភាពខ្វះ​ចន្លោះ​ទោះជា​មកពី​អសមត្ថភាព​ឬក៏​ការឃុបឃិត​ដើម្បី​ផលប្រយោជន៍​ក្តី គឺជា​បុព្វហេតុ​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​ធ្លាក់ខ្លួន​ជា​ទាសករ​ផ្លូវភេទ ឬ​ជា​អ្នកបម្រើ​ដាច់​ថ្លៃ​ដែល​រង​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​នៅឯ​បរទេស។

មូលហេតុ​ទី៤ គឺ​ការធ្លាក់ចុះ​សីលធម៌​សង្គម។ បច្ចុប្បន្ន តម្លៃ​ទឹកប្រាក់​និង​សម្ភារៈ​និយម​ដែល​កំពុងតែ​យកឈ្នះ​កាន់តែខ្លាំងឡើងៗទៅលើ​តម្លៃ​ខាង​សីលធម៌​ក៏​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រុញច្រាន​ស្ត្រី​ខ្មែរ​ជាច្រើន​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​នេះ។

ដូច្នេះ ខ្មែរ​គួរតែ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​ចាំបាច់។ ជាបឋម អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន។ បន្ទាប់មកទៀត ឪពុកម្តាយ​ឬ​អាណាព្យាបាល​ទាំងឡាយ​គួរ​ចាត់ទុក​កូនស្រី​ឲ្យ​ធំ​ជាង​លុយ​ដោយ​មិនគួរ​ប្រថុយ​ឲ្យ​កូន​រៀបការ​ជាមួយ​ជនបរទេស​ដោយ​ប្រថុយប្រថាន​ព្រោះតែ​ចង់បាន​ប្រាក់​នោះឡើយ។ សូម​កុំភ្លេចថា​ទង្វើ​នេះ​ស្មើនឹង​ការលក់​កូនស្រី​ដូច្នោះ​ដែរ។

ចំណែក​រដ្ឋាភិបាល​វិញ​ត្រូវ​កសាង​មោទនភាព​ជាតិ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ឡើងវិញ​តាមរយៈ​ការ​ប្រែក្លាយ​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​ទៅជា​ប្រយោជន៍​របស់​ពលរដ្ឋ​គ្រប់គ្នា​ដោយ​សមធម៌។ នៅពេលដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​ជីវភាព​ធូរធា និង​មាន​សន្តិភាព​ទាំង​ផ្លូវការ និង​ផ្លូវចិត្ត មោទនភាព​ជាតិ​នឹង​កើតមាន​ជា​ស្វ័យប្រវត្តិ។ ពេលនោះ​គ្រួសារ​ខ្មែរ​ច្បាស់​ជា​នឹង​លែង​ចង់បាន​ប្រាក់​រហូតដល់​បញ្ជូន​កូនក្រមុំ​ឲ្យ​ទៅ​ឈរ​តម្រៀបជួរ​គ្នា​ដើម្បី​ឲ្យ​បរទេស​រើស​ធ្វើ​ប្រពន្ធ​ទៀតឡើយ៕








© រក្សាសិទ្ធិដោយ thmeythmey.com