ជាតិ
បទវិភាគ
ទម្រង់​មានតម្លៃ​ជាង​ខ្លឹមសារ ឬ​ខ្លឹមសារ​មានតម្លៃ​ជាង​ទម្រង់?
13, Jan 2015 , 11:33 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ជាទូទៅ​នៅក្នុង​សង្គម​ខ្មែរ យើង​សង្កេតឃើញថា មនុស្ស​មួយចំនួន​ឱ្យ​តម្លៃ​លើ​ទម្រង់ សំបក​ខាងក្រៅ ឬ មុខមាត់​ជាង​ខ្លឹមសារ, គុណភាព, សមត្ថភាព, សារជាតិ និង គុណ​តម្លៃ។ គោរព​ឋានៈ​ជាង​គោរព​ច្បាប់, គោរព​ច្បាប់​ចរាចរណ៍​តែ​ពេល​ដែលមាន​នគរបាល​ប្រចាំការ, ឱ្យ​តម្លៃ​ទ្រព្យ​ជាង​សេចក្ដីស្រឡាញ់​ពិត​របស់​កូន​ក្នុងការ​ជ្រើសរើស​គូស្រករ, ឱ្យ​តម្លៃ​អ្នកមាន​ទ្រព្យ​និង​អ្នកធំ ជាង​អ្នក​ខ្សត់​ទ្រព្យ​និង​អ្នកតូច, ឱ្យ​តម្លៃ​មនុស្ស​ចាស់​ជាង​មនុស្ស​ដែលមាន​វ័យក្មេង...។   



ជា​ការណ៍​ពិត នៅក្នុង​ក្របខណ្ឌ​រដ្ឋបាល​កម្ពុជា យើង​បានឃើញ​មនុស្ស​ភាគច្រើន​គោរព​បុគ្គល​ដែលមាន​ឋានៈ​ជាង​គោរព​ច្បាប់, មាន​ករណី​ជាច្រើន​ដែល​យើង​អាច​លើក​យកមក​បង្ហាញ​ដើម្បី​គាំទ្រ​ទឡ្ហីករណ៍​នេះ ដូចជា បើទោះបីជា​ច្បាប់​ចែង​យ៉ាងណា​ក៏ ប្រសិនបើ​អ្នកធំ​ដាក់​បញ្ជា​ណាមួយ​ខុសពី​ខ្លឹមសារ​របស់​ច្បាប់​នោះ ក៏​អ្នកតូច​ត្រូវតែ​ធ្វើតាម​ដែរ។ មាន​ករណី​ជាច្រើន​ទៀត អ្នកធ្វើច្បាប់​មួយចំនួន​តែងតែ​បង្កើត​ច្បាប់​តាម​សម្ដី​ដែល​អ្នកធំ​និយាយ​សន្យា​ជ្រុលមាត់ ឬ និយាយ​តាម​ឆន្ទៈ​របស់ខ្លួន​ដោយ​មិន​ផ្អែកលើ​ច្បាប់​ដែលមាន​ស្រាប់។

លើសពីនេះ​ទៀត ករណី​ជាក់ស្ដែង​ខ្លះ អ្នកធំ​ក្នុង​ស្ថាប័ន ឬ ក្រសួង​មួយចំនួន អាច​ចេញ​សេចក្ដីសម្រេច ឬ សេចក្ដីជូនដំណឹង​មួយ​ដែល​ខុស ឬ ផ្ទុយ​ពី​អនុក្រឹត្យ, ព្រះរាជក្រឹត្យ ឬ ច្បាប់ បាន​ដោយ​គ្មាន​ទោស។ មិនតែប៉ុណ្ណោះ អ្នកធំ​មិនដែល​ទទួលទោស​ទេ ទោះបីជា​ពួកគេ​មាន​កំហុស​ធំ​ឬ​តូច​ក៏ដោយ។ ចំណែកឯ​អ្នកតូច​វិញ ដូចជា នគរបាល, អាជ្ញាធរ​មូលដ្ឋាន, មន្ត្រី​តុលាការ, មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាដើម ក៏​កម្រ​ហ៊ាន​ដាក់ទោស ឬ ចាត់វិធានការ​លើ​អ្នកធំ​ដែរ, ផ្ទុយទៅវិញជារឿយៗ ពួកគេ​ត្រូវបាន​មហាជន​មើលឃើញថា ថែមទាំង​បាន​ជួយ​ការពារ ឬ បិទបាំង​កំហុស​ឱ្យ​អ្នកធំ​ទៀតផង។   

ចំពោះ​សង្គម​ខ្មែរ​ទូទៅ​វិញ គេ​គោរព​និង​ឱ្យ​តម្លៃ​មនុស្ស​ចាស់​ច្រើនជាង​ក្មេង ដោយ​មិនសូវ​គិតពី​ចំណេះដឹង, បទពិសោធ, គំនិត​ច្នៃប្រឌិត, ទេពកោសល្យ, សីលធម៌, ឧ​ត្ត​ម​គតិ, ភាពជា​អ្នកដឹកនាំ និង គុណធម៌ ឡើយ។ លើសពីនេះទៅទៀត ប្រសិនបើ​មនុស្ស​ចាស់​នោះ ជា​អ្នកមាន​ឋានៈ​ខ្ពស់ និង/ឬ មានទ្រព្យ​ច្រើន​ទៀត ពួកគេ​និយាយ​អ្វី ឬ ធ្វើ​អ្វីមួយ​ក៏ត្រូវ​ដែរ បើទោះបីជា​សម្ដី ឬ ទង្វើ​នោះ​មិន​សម​ហេតុផល មិន​ត្រឹមត្រូវ​តាម​បច្ចេក​ទេ និង មិន​ស្របតាម​គោ​លក​រណ៍​ច្បាប់ ឬ សីលធម៌​ក៏ដោយ ក៏​វា​នៅតែ​ត្រូវបាន​គេ​សរសើរ​ថា ល្អ​ណាស់ ប្រកបដោយ​ភាពឈ្លាសវៃ និង គតិបណ្ឌិត​ដែរ។

ឯ​ក្នុង​ជីវិត​សាមញ្ញ​វិញ បុរស ឬ ស្ដ្រី​ខ្លះ សុខចិត្ត​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់​ពីព្រោះ​តែ​ទ្រព្យសម្បត្តិ​និង/ឬ​ឋានៈ, ប្រជាជន​ខ្លះ​សុខចិត្ត​លក់​ផ្ទះ​ដើម្បី​ទិញ​ឡាន, លក់​ដី​ដើម្បី​ទិញ​របស់ទំនើប ឬ ខ្ចីលុយ​គេ​ដើម្បី​ប្រារព្ធ​ធី​បុណ្យ ឬ ពិធី​អាពាហ៍ពិពាហ៍​ឱ្យបាន​គគ្រឹកគគ្រេង​ដូច​អ្នក​ដែលមាន​ទ្រ​ព្រ​ច្រើន​ដែរ។ សកម្មភាព​ទាំងអស់នេះ កើតឡើង​ដោយសារតែ​មនុស្ស​ចង់បា​ន​មុខមាត់​និង​កិត្តិយស​នេះឯង។

តាមពិត ទម្រង់ សំបក​ខាងក្រៅ ឬ មុខមាត់​មិនមែន​មិន​សំខាន់​ទេ វា​ពិតជា​កត្តា​រួមផ្សំ​មួយ​ដែល​ធ្វើ​មនុស្ស ឬ អ្វីមួយ​មានតម្លៃ​ពេញលេញ ឬ តម្លៃបន្ថែម។ ប៉ុន្តែ វា​ត្រូវតែ​ស្រប ឬ សមាមាត្រ​ទៅនឹង​ខ្លឹមសារ សារជាតិ គុណភាព លទ្ធភាព និង គុណ​តម្លៃ​ដែរ។ ឧទាហរណ៍ អ្នកធំ​ដែលមាន​អំណាច​ច្រើន គេ​ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ, ការទទួលខុសត្រូវ, មាន​សីលធម៌, យុត្តិធម៌ និង ការគោរព​ច្បាប់​កាន់តែច្រើន​ដែរ។ ឧទាហរណ៍​ផ្សេងទៀត របាយការណ៍​ល្អ ត្រូវតែមាន​លទ្ធផល​ការងារ​ល្អ​ដែរ, មនុស្ស​ដែលមាន​រូប​ស្អាត​ឬ​វ័យចាស់ ក៏ត្រូវ​តែមាន​គំនិតល្អ មាន​ចរិតល្អ មានចំណេះដឹង​ជ្រៅជ្រះ មាន​គតិបណ្ឌិត សមត្ថភាព​សីលធម៌...សមស្រប​តាម​នោះដែរ។ បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​នាំឱ្យ​បាត់បង់​តម្លៃ​ទៅវិញ ដូច​សុភាសិត​ខ្មែរ​ពោលថា«ល្អ​តែ​រាង​ដូច​ឈ្នាង​កណ្ដាច អាក្រក់​តែ​រូប​តែ​ម្ហូប​គ្រាន់​ស៊ី»៕       



© រក្សាសិទ្ធិដោយ thmeythmey.com