ជាតិ
បទវិភាគ
បក្សនយោបាយ​មិនត្រូវ​មើលរំលង​ការពង្រឹង​សមត្ថភាពរ​បស់​ខ្លួន
15, Jan 2015 , 9:40 pm        
រូបភាព
ដោយ:
នៅពេលដែល​គ្រប់គ្នា​កំពុង​សម្លឹង​ទៅរក​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ និង ការបោះឆ្នោត​សភា​ឆ្នាំ ២០១៨ ពាក្យ​ថា បែកបាក់ និង​ពាក្យ​ចោទប្រកាន់​គ្នា​អំពី​ការបំបែកបំបាក់​បាន​លាន់លឺ​កងរំពង​ជាថ្មី។ នេះ​ជា​ប្រពៃណី​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ អ្វីដែល​គណបក្សនីមួយៗមិនសូវ​បានគិត​ដល់​នោះ​គឺ​ការកសាង​សមត្ថភាព​ធនធានមនុស្ស​និង​ការពង្រឹង​ឯកភាព​ផ្ទៃក្នុង។



ការបោះឆ្នោត​នឹង​ឈានចូល​មកដល់​ទៀតហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ។ ឲ្យ​តែ​ការបោះឆ្នោត​ជិត​ចូលមក​ដល់ ព័ត៌មាន​ស្តីពី​ការបែកបាក់​និង​ចលនា​រត់​ចុះឡើង​ក៏បាន​កើតជា​ថ្មី។ មានការ​បរិហារ​អំពី​ការបែកបាក់ មាន​ពាក្យ​ចោទប្រកាន់​អំពី​ការបំបែកបំបាក់ ដែល​ធ្វើ​ឲ្យ​ឆាកនយោបាយ​រំជើបរំជួល។ របៀបនេះ​ហាក់​ក្លាយជា​ប្រពៃណី​ទៅហើយ​សម្រាប់​ឆាកនយោបាយ​ប្រទេស​កម្ពុជា។

ប្រពៃណី​ដែល​មិនសូវមាន​ការផ្លាស់ប្តូរ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​របស់​អ្នកនយោបាយ​ខ្មែរ​ដែល​នៅតែ​ប្រើល្បិច​ចាស់ដដែលៗមិនសូវមាន​អ្វី​ផ្លាស់ប្តូរ​ទេ។  តាមពិត ពេលនេះ​មិនគួរ​នៅតែ​ជា​ពេល​បំបែកបំបាក់​គ្នា​ឬក៏​ចោទប្រកាន់​គ្នា​ទៀតឡើយ តែ​ជា​ដំណាក់​កាលដែល​ត្រូវ​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​និង​ពង្រឹង​ភាពជឿជាក់​ដល់​អ្នកបោះឆ្នោត។

ជា​ទម្លាប់ គណបក្សនយោបាយ​តែង​បង្ហាញ​គោលនយោបាយ​និង​ការសន្យា​ចំពោះមុខ​អ្នកបោះឆ្នោត។ ប៉ុន្តែ គោលនយោបាយ និង​ការសន្យា​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​ឲ្យ​អ្នកបោះឆ្នោត​ជឿ​ទេ​ជាពិសេស​អ្នកបោះឆ្នោត​ក្នុងសម័យ​ថ្មី​បច្ចុប្បន្ន។ អ្វីដែល​សំខាន់​ជាង​នេះ​គឺ​បក្សនយោបាយ​ត្រូវតែ​បង្ហាញ​ដល់​អ្នកបោះឆ្នោត​អំពី​មធ្យោបាយ និង​ធនធាន​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់ខ្លួន។  នេះ​គឺជា​អត្ថន័យ​ពិតប្រាកដ​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត។ ប៉ុន្តែ នៅ​កម្ពុជា គណបក្សនយោបាយ​ភាគច្រើន​ហាក់​ផ្តោត​តែ​ទៅលើ​ការសន្យា​នៅលើ​ក្រដាស់ តែ​មិនបាន​ប្រាប់​អ្នកបោះឆ្នោត​ថា តើ​ខ្លួន​មាន​ធនធាន និង​មធ្យោបាយ​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​នោះទេ។

ជាការ​ពិតណាស់ ការ​សន្យាថា​ធ្វើ​នេះ​ឬ​ធ្វើ​នោះ​វា​មិន​ពិបាក​ទេ ដោយ​គ្រាន់តែ​អង្គុយ​គិត​មួយសន្ទុះ​ក៏​ឃើញ​បាត់ទៅហើយ។ ប៉ុន្តែ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ការសន្យា​នោះ​ក្លាយជា​ការពិត? នេះ​ទើប​ជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ។ អ៊ីចឹង​ហើយ​បានជា​ពេល​បោះឆ្នោត​រួចម្តងៗ អ្នកបោះឆ្នោត​ជាច្រើន​តែងតែ​ខកចិត្ត​រហូត​លែង​ចង់​បោះឆ្នោត​តទៅទៀត។

ដូច្នេះ អំណឹះតទៅ គណបក្សនយោបាយនីមួយៗមិន​ថា​គណបក្សកាន់អំណាច​ឬ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទេ​ត្រូវ​គិតគូរ​ពី​ការពង្រឹង​សមត្ថភាពរ​បស់​ខ្លួន​ឲ្យ​បាន​ច្រើនជាង​នយោបាយ​ប្រជាភិថុតិ។ ដើម្បី​ភាពរឹងមាំ គណបក្សនីមួយៗត្រូវ​គិត​អំពី​ធនធានមនុស្ស​និង​យុទ្ធសាស្ត្រ​ដោយ​ឈរលើ​លទ្ធភាព​ជាក់ស្តែង​ឲ្យ​បាន​ច្រើនជាង​ការស្រមើស្រមៃ។ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ មាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ល្អ​ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ​តែ​ត្រូវមាន​មន្ត្រី​ល្អ ស្មោះត្រង់​និង​ចេះ​បម្រើ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ថែមទៀត។

បច្ចុប្បន្ន គណបក្សនយោបាយនីមួយៗហាក់ដូចជា​នៅ​ឆ្ងាយ​ពី​គោលដៅ​ទាំងនេះ​នៅឡើយ។ គុណភាព​ធនធានមនុស្ស​ក៏​ខ្វះ គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ក៏​មិនទាន់​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ម្ចាស់ឆ្នោត រីឯ​មន្ត្រី​ដែល​ពូកែ​អប​អប​និង​ចង់​បានតែ​លាភសក្ការៈ​ក៏​នៅមាន​ច្រើន​នៅឡើយ​ដែរ។ ហេតុ​ដូច្នេះហើយ​បានជា​បក្សនយោបាយ​នៅតែ​ខ្សោយ​ដែល​ងាយ​នឹង​ត្រូវគេ​បំបែក​ឬក៏​ងាយ​នឹង​បែក​ដោយ​មិនបាច់​មាន​អ្នកណា​វាយ។

​ដូច្នេះ ​អំណឹះតទៅ បក្សនយោបាយ​មួយ​គួរ​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ផ្តល់​សន្លឹកឆ្នោត​ឲ្យ​ខ្លួន​ដោយ​ការជឿជាក់​ជាជាង​ការបោះឆ្នោត​ឲ្យ​ដោយសារតែ​ការ​ស្អប់​គណបក្ស​ដែលជា​គូរ​ប្រជែង​មួយទៀត ឬក៏​បោះឆ្នោត​ឲ្យ​ដោយសារតែ​គ្មាន​ជម្រើស។ អ្នកបោះឆ្នោត​នៅ​កម្ពុជា​ជាច្រើន​ត្រូវគេ​មើលឃើញថា​​បាន​បោះ​ឆ្នោត​ដោយសារ​គ្មានជម្រើស​។ មូលហេតុ​គឺ​ដោយសារតែ​បក្សនយោបាយនីមួយៗនៅ​មិនទាន់បាន​បង្ហាញខ្លួន​ថា​ជា​ជម្រើស​ប្រកបដោយ​ភាពជឿជាក់​ដល់​អ្នកបោះឆ្នោត​នៅឡើយ។

សរុប​មកវិញ  ការពង្រឹង​សមត្ថភាព​របស់​បក្សនយោបាយ​គឺជា​គន្លឹះ​ដែល​មិនអាច​មើលរំលង​បានឡើយ​ពោលគឺ​គណបក្សនីមួយៗត្រូវ​ផ្តល់​ជម្រើស​ដល់​អ្នកបោះឆ្នោត​តាមរយៈ​ការ​បង្ហាញថា ខ្លួន​គឺជា​អ្នកមាន​សមត្ថភាព​ដឹកនាំ​ប្រទេស​គួរ​ឲ្យ​ជឿជាក់ គឺ​មិនមែន​ចាំ​ដល់ពេល​ឈ្នះឆ្នោត​បាន​អំណាច​ក្នុង​ដៃ​ហើយ​ចាំ​គិត​តាម​ក្រោយ ឬក៏​ពេល​មានអំណាច​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នឹកឃើញ​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com