ជាតិ
លោក ស៊ុន ចាន់ថុល៖ លោក​ស៊ីន​ច័ន្ទ​ឆាយា​ជា​អ្នក​ដែល​ទាមទារ​ឲ្យ​គោរព​កម្មសិទ្ធិបញ្ញា
21, Jan 2015 , 5:13 pm        
រូបភាព
មរណភាព​ដ៏​មិន​នឹកស្មាន​ដល់​របស់លោក ស៊ីន ច័ន្ទ​ឆាយា កូនប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ផ្ទាល់​ជាមួយ​គ្រួសារ​សព។



លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា លោក​ស៊ីន​ច័ន្ទ​ឆាយា​ជា​តន្ត្រីករ​ដ៏​ឆ្នើម​មួយរូប​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​និង​ជា​អ្នក​ទាមទារ​ក្នុង​ការធ្វើ​យុទ្ធនាការ​ស្វែងរក​សិទ្ធិ​អ្នកនិពន្ធ​ដើម្បី​ការពារ​ស្នាដៃ​បទ​ចំរៀង​របស់​ឪពុក​ខ្លួន​ក្នុងនាម​ជា​ក្រុមគ្រួសារ។លោក​បានសរសេរថា៖ «ប្រជាជាតិ​ខ្មែរ​យើង​បាន​បាត់បង់​និមិត្ត​រូបតំណាង​ឲ្យ​វប្បធម៌​ជាតិ​យើង​មួយរូប​ទៀតហើយ​នៅថ្ងៃនេះ​ហើយ​យើងខ្ញុំ​មាន​ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការបាត់បង់​ធំ​ដ៏​ធំធេង​នេះ»។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ដើម្បី​រៀបចំ​ការប្រគំ​តន្ត្រី​បទ​ចម្រៀង​របស់លោក​ស៊ីន​ស៊ី​សាមុត​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ។ហើយ​លោក​ក៏បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​មរណភាព​របស់លោក​ស៊ីន​ច័ន្ទ​ឆាយា​កាលពី​ថ្ងៃ​អង្គារ​ដែល​មិន​បានឃើញ​ការប្រគំ​តន្ត្រី​រំលឹក​ដល់​បទ​ចម្រៀង​ជំនាន់​ដើម​របស់​ឪពុក​លោក​ខាងមុខនេះ។

លោក​បន្ថែមថា៖«ខ្ញុំ​មានការ​សោកស្ដាយ​គ្មានអ្វី​ក្រៅពី​ស្ដាយ​ទេ​ព្រោះ​លោក​ឆាយា ជា​កូន​របស់​សិល្បករ​ល្បី​មួយរូប​លោកតា​ស៊ីន​ស៊ី​សាមុត។ហើយ​ក្រសួងពាណិជ្ជកម្ម​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​វប្បធម៌​និង​លោក​ឆា​យ៉ា​ដែរ​ក្នុង​ការរៀបចំ​ការប្រគំ​តន្ត្រី​បទ​ចម្រៀង​របស់លោក​ស៊ីន​ស៊ី​សាមុត​ដើម្បី​ប្រមូល​ថវិការ​ជូន​គ្រួសារ​លោក​ឆាយា​តែ​សោកស្ដាយ​ពេលនេះ​គាត់​បាន​ស្លាប់។តែ​គាត់​បានដឹង​ឭ​គ្រាន់តែ​មិន​បានឃើញ​ប៉ុណ្ណោះ»។

កាលពីពេលថ្មីៗនេះ​លោក​ស៊ីន​ច័ន្ទ​ឆាយា និង​ក្រុមគ្រួសារ​ទើបតែ​ទទួលបាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ឪពុក​របស់ខ្លួន​ចំនួន៧៣បទ​តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌។លោក​ស៊ីន​ច័ន្ទ​ឆា​យ៉ា​គឺជា​កូនប្រុស​របស់លោក​ស៊ីន​ស៊ី​សាមុត​ដែលជា​អ្នកចម្រៀង​ដ៏​ល្បី​មួយរូប​កាលពី​ក្នុង​ទស្សវត្សរ៍​ទី១៩៦០ ។លោក​ស៊ីន​ច័ន្ទ​ឆាយា​បានទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយសារ​ដាច់​សរសៃឈាម​ក្រោយ​ដួល​ប៉ះទង្គិច​ចំក្បាល​នៅមុខ​ផ្ទះ៕



© រក្សាសិទ្ធិដោយ thmeythmey.com