ជាតិ
បទវិភាគ
CPP ត្រូវបង្ហាញសកម្មភាពជាជាងទ្រឹស្តីដើម្បីទាក់ទាញអ្នកគាំទ្រមកវិញ!
× ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសតាំងពីក្រោយការដួលរលំនៃរបបប៉ុលពតនៅឆ្នាំ១៩៧៩ ។ គណបក្សវ័យចំណាស់ដែលមានកំណើតនៅឆ្នាំ១៩៥១មួយនេះ បានសម្រេចចិត្តធ្វើកំណែទម្រង់ស៊ីជម្រៅមិនធ្លាប់មានក្រោយការបាត់បង់អាសនៈដ៏ច្រើនចំនួន២២កៅអីកាលពីឆ្នាំ២០១៣កន្លងមក។ តើគណបក្សប្រជាជនកម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីទាក់ទាញទំនុកចិត្តអ្នកគាំទ្ររបស់ខ្លួនមកវិញ?
ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជា ស៊ីម និងលោក ហេង សំរិន ជាមេដឹកនាំបានកាន់ក្បាលម៉ាស៊ីនប្រទេសកម្ពុជាតែឯង។ ពីឆ្នាំ១៩៩៣ដល់២០០៨ គណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំប្រទេសដដែល តែគណបក្សនេះទទួលបានតួនាទីជានាយករដ្ឋមន្ត្រីទី២ ក្រោយការសម្រុះសម្រួលចែកអំណាចជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។ ពីឆ្នាំ១៩៩៨ ដល់២០១៨ គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំប្រទេស ពេលខ្លះ ជារដ្ឋាភិបាលចម្រុះ ពេលខ្លះ ដឹកនាំតែម្នាក់ឯង ដូចពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ដែរ។
គួររម្លឹកថា កាលពីឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាទទួលបានកៅអីចំនួន៥១ ។ នៅឆ្នាំ១៩៩៨ គណបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានអាសនៈ៦៤, កើនដល់៧៣កៅអីនៅឆ្នាំ២០០៣និងកើនដល់៩០កៅអីកាលពីឆ្នាំ២០០៨ ។ កំណើនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំក្បាលម៉ាស៊ីនដោយលោក ហ៊ុន សែន ទទួលបានជោគជ័យជាបន្តបន្ទាប់ពីឆ្នាំ១៩៩៣ដល់២០០៨ ។ តែជាអកុសលការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងមកបានទាញទម្លាក់ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាពី៩០អាសនៈមកនៅត្រឹមតែ៦៨កៅអីសម្រាប់អាណត្តិទី៥(២០១៣-២០១៨)។
ការដាំក្បាលចុះនៃប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាដែលមានកំណើតនៅឆ្នាំ១៩៥១ក្នុងការបោះឆ្នោតឆ្នាំ២០១៣កន្លងមក អាចបណ្តាលមកពីបញ្ហាមួយចំនួន ក្នុងនោះ មាន៖ អំពើរពុករលួយ អយុត្តិធម៌សង្គម អត្រាខ្ពស់នៃអ្នកគ្មានការងារធ្វើ គម្លាតកាន់ធំរវាងអ្នកមាន និងអ្នកក្រ បញ្ហាដីធ្លី ការបាត់បង់ធនធនធម្មជាតិ ការបែងចែកកំណើនសេដ្ឋកិច្ចគ្មានសមធម៌ មន្ត្រីសាធារណៈគាបសង្កត់ពលរដ្ឋក្រីក្រ អ្នកមាន និងអ្នកមានអំណាចបង្ហាញឥទ្ធិពលខ្លាំងពេកនៅក្នុងសង្គម។ល។
ការបាត់បង់អាសនៈចំនួន២២ក្នុងរយៈពេល២០ឆ្នាំ(១៩៩៣-២០១៣)បានធ្វើអោយគណបក្សប្រជាជនកម្ពុជាប្រកាស«អាសន្ន»ក្នុងក្របខណ្ឌផ្ទៃក្នុងបក្ស ហើយគណបក្សទទួលស្គាល់ជាសាធារណៈថា ខ្លួនត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។
ជាងមួយឆ្នាំក្រោយការបោះឆ្នោតឆ្នាំ២០១៣កន្លងមកកំណែទម្រង់ធំៗរបស់គណបក្សប្រជាជនកម្ពុជាដែលរាស្ត្រខ្មែរមើលឃើញមុនគេគឺគណបក្សនេះបានចាក់បញ្ចូលឈាមថ្មី(យុវជនបក្ស)ទៅក្នុងជួររដ្ឋាភិបាលចាស់ដែលមន្ត្រីភាគច្រើនបានដឹកនាំប្រទេសតាំងពីក្រោយឆ្នាំ១៩៧៩មកម្ល៉េះ។
នៅក្នុងជួររដ្ឋាភិបាលថ្មីអាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជាគេសង្កេតឃើញមានរដ្ឋមន្ត្រីវ័យក្មេងនិងវ័យកណ្តាលដឹកនាំក្រសួងមួយចំនួន ក្នុងនោះមាន លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ, លោក អូន ព័ន្ធមុន្នីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ល។ ក្រៅពីនោះរដ្ឋមន្ត្រីមួយចំនួនធំស្ថិតក្នុងវ័យចំណាស់បន្តិចហើយ។ដោយមិននិយាយពីធនធនមនុស្សក្នុងក្របខ័ណ្ឌតំណែងរដ្ឋមន្ត្រីគេក៏សង្កេតឃើញផងដែរ តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជានិងធនធានមនុស្សវ័យក្មេងមួយចំនួនផ្សេងទៀតដែលត្រូវបានតែងតាំងនៅក្នុងតំណែងផ្សេងៗ និងធំៗនៅក្នុងរដ្ឋបាលរបស់លោកហ៊ុន សែន។ មិនត្រឹមតែប៉ុណ្ណោះ ធនធានមនុស្សជំនាន់ក្រោយនៃគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនជាស្រេចដើម្បីបន្តវេនដឹកនាំគណបក្សនិងដឹកនាំប្រទេសបន្តទៀត។
នៅក្នុងវិស័យអប់រំកំណែទម្រង់ពេលប្រឡងបាក់ឌុបត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាសាទរនិងគាំទ្រយ៉ាងពេញទំហឹង។ គុណភាពសិក្សាជាទូទៅត្រូវបានកែលម្អរ បើទោះបីវាមិនទាន់ដល់កម្រិតក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់បៀវត្សរ៍គ្រូបង្រៀននិងមន្ត្រីរាជការផ្សេងៗទៀតក៏ត្រូវបានរដ្ឋាភិបាលកែសម្រួលដំឡើងអោយបានគួរសមផងដែរ។
នៅក្នុងសេវាសាធារណៈជាទូទៅវិញមន្ត្រីរាជការថ្នាក់ក្រោមចាប់ផ្តើមបម្រើប្រជាពលរដ្ឋសកម្មជាងមុនដោយទារកម្រៃជើងសារខុសច្បាប់តិចជាងមុនបើទោះបីជាអំពើផ្តេសផ្តាសមួយចំនួននៅតែមានក្តី។មន្ត្រីរាជការថ្នាក់ក្រោម ថ្នាក់កណ្តាលនិងថា្នក់លើគោរពការងាររដ្ឋច្រើនជាងមុន។
មន្ត្រីចេះព្រួយបារម្ភពីការងាររដ្ឋ ពីព្រោះពួកគេខ្លាចទទួលទោសរដ្ឋបាលច្រើនជាងមុន។ មន្ត្រីរាជការខ្លះចាប់ផ្តើមចេះអៀនខ្មាសចំពោះមហាជននៅពេលដែលពួកគេនៅបន្តមានវត្តមាននៅក្នុងហាងពិសារអាហារពេលព្រឹកក្នុងខណៈពេលដែលម៉ោងការងាររបស់រដ្ឋបានចាប់ផ្តើមហើយនោះ។អំពើពុករលួយត្រូវបានកាត់បន្ថយខ្លះ និងលែងសូវសម្ញែងដូចមុន។អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការដោយរលូននិងបានចាប់ខ្លួនជនពុករលួយមួយចំនួនចាប់តាំងពីការបង្កើតស្ថាប័ននេះនៅឆ្នាំ២០១០កន្លងមក។
គណបក្សប្រឆាំងមានសិទ្ធិកោះហៅមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមកសាកសួរទៅតាមកាលវិភាគរបស់រដ្ឋសភាជាតិ។រដ្ឋាភិបាលអនុញ្ញាតអោយបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានអោយចប់នៅមុនដំណាច់ឆ្នាំ២០១៨ ។ រដ្ឋាភិបាលបាននិងកំពុងបន្តតែងតាំងអ្នកនាំពាក្យតាមក្រសួងស្ថាប័នរដ្ឋអោយបានច្រើនជាងមុន។ លំហូរព័ត៌មានកាន់តែទំលំទូលាយជាងមុន។
មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍អោយមានវត្តមានទូរទស្សន៍កាន់កាប់ដោយបក្សប្រឆាំង។លើសពីនេះទៅទៀតមេដឹកនាំគណបក្សប្រឆាំងត្រូវបានតែងតាំងអោយមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីក្នុងការចរចាឬសន្ទនាពីកិច្ចការប្រទេសជាតិនានាជាមួយនាយករដ្ឋមន្ត្រីក្នុងតំណែង។
ចំពោះស្ថាប័នរៀបចំការបោះឆ្នោត តាមសំណើររបស់មហាជន(ម្ចាស់ឆ្នោត) សង្គមស៊ីវិលនិងគណបក្សប្រឆាំងគណៈកម្មការជាតិរៀបចំការបោះឆ្នោតត្រូវបានធ្វើការកែទម្រង់ស៊ីជម្រៅដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។
ងាកមកនិយាយពីបញ្ហាសង្គមសេដ្ឋកិច្ចវិញ គេសង្កេតឃើញថារដ្ឋាភិបាលបានសម្រេចបង្ខំអោយក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេងសាំង។រដ្ឋាភិបាលព្យាយាមដោះស្រាយវិវាទដីធ្លីនិងជំរុញការដកហូតអាជ្ញាប័ណ្ណមួយចំនួនពីក្រុមហ៊ុនណាដែលមិនបានធ្វើសកម្មភាព។
ថ្មីៗចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា លោកត្រូវតែដឹកនាំប្រទេសដោយគោរពគោលការណ៍ប្រជាធិបតេយ្យ និងអនុវត្តន៍គោលការណ៍និតិរដ្ឋ។
បើផ្អែកលើទឡ្ហីករណ៍ខាងលើ លទ្ធផលកំណែទម្រង់នៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបានចេញជារូបរាងមួយចំនួនមែន។ តែថា តើលទ្ធផលនេះអាចធ្វើអោយអ្នកគាំទ្ររបស់ខ្លួន និងអាចទាញអ្នកមិនសប្បាយនឹងគណបក្សមួយនេះអោយត្រឡប់មកគាំទ្រវិញហើយឬនៅនោះ? នេះជាសំណួរដែលពិបាករកចម្លើយពិតប្រាកដបន្តិច។
តែទោះជាយ៉ាងណាក្តី អ្នកវិភាគសង្គមនិងនយោបាយខ្លះអត្ថាធិប្បាយថា លទ្ធផលនៃកំណែទម្រង់របស់គណបក្សប្រជាជនកម្ពុជា បូកផ្សំនឹងការវិលត្រឡប់មកកាន់ឆាកនយោបាយឡើងវិញរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងវត្តមានថ្មីនៃគណបក្សមូលដ្ឋានរបស់លោក កែម ឡី និងលោក យ៉ង់ សាំងកុមារ រួមទាំងបញ្ហាកើតមាននៅក្នុងគណបក្សសង្គ្រោះជាតិផងទៀតនោះគណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៧៩មក ទំនងជាអាចស្តារប្រជាប្រិយភាពឡើងវិញបានខ្លះ។តែវាមិនប្រាកដ១០០ភាគរយនោះទេ។
មិនប្រាកដដោយសារតែអ្នកបោះឆ្នោតសម័យថ្មី ទទួលបានព័ត៌មានកាន់តែច្រើន ចេះពិចារណាកាន់តែស៊ីជម្រៅ និងមានភាពវ័យឆ្លាតខ្លាំងជាងការបោះឆ្នោតមុន។ ជាលទ្ធផលត្រឡប់មកវិញ អ្នកនយោបាយពិបាកនឹងទោះទាយជំហររបស់ពួកគេណាស់។ អ្នកបោះឆ្នោតកាន់តែចេះ ហើយពេលខ្លះ ពួកគេចេះបោក និងអាចបោកអ្នកនយោបាយបានថែមទៀតផង។ និយាយបែបផ្សេង មានន័យថាពេលវេលាដែលអ្នកនយោបាយធ្វើប្រជាភិថុតិទំនងជាត្រូវបញ្ចប់ហើយសម្រាប់ឆ្នាំ២០១៧ និង២០១៨ ។
ទាំងគណបក្សនៅក្រៅរដ្ឋាភិបាល ទាំងគណបក្សកាន់អំណាច ពិបាកនឹងបញ្ចុះបញ្ចូលពួកគេអោយគាំទ្រណាស់ ប្រសិនបើគណបក្សទាំងនោះ មិនបានបង្ហាញសកម្មភាពជាក់ស្តែងលើសពីសកម្មភាពធម្មតា។ កាលពីពេលមុន អ្នកនយោបាយអាចប្រើប្រាស់អំណោយខ្លះ និងទ្រឹស្តីខ្លះ ដើម្បីទាក់ទាញទឹកចិត្ត ឬអន្ទងចិត្តអោយពួកគេគាំទ្របាន។ ប៉ុន្តែ ពេលនេះ អ្នកនយោបាយត្រូវបង្ហាញសកម្មភាពជាក់ស្តែង និងផ្តល់ផលប្រយោជន៍ដល់ជាតិ និងដល់ពួកគេទើបពួកគេអាចបោះឆ្នោតគាំទ្រ។
តើគណបក្សប្រជាជនកម្ពុជាបានធ្វើគ្រប់គ្រាន់ហើយឬនៅដើម្បីរក្សាប្រជាប្រិយភាព ឬទាញប្រជាប្រិយភាពយកមកវិញនោះ?
ចម្លើយអាចថា ធ្វើបានខ្លះ និងមិនទាន់បានខ្លះ។ អ្វីដែលពលរដ្ឋទន្ទឹងរង់ចាំពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនោះ គឺថា យុត្តិធម៌សង្គមពិតប្រាកដ, និតិរដ្ឋជាក់ស្តែង, ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យត្រឹមត្រូវ, បក្សពួកនិយម និងគ្រួសារនិយមត្រូវកាត់បន្ថយ,អំពើរពុករលួយត្រូវកាត់បន្ថយ,ប្រាក់ខែសមរម្យរស់បានថ្លៃថ្នូរ,ស្ថិរភាពតម្លៃផលិផលកសិកម្ម, បំពេញក្រពះស្រេកឃ្លានរបស់អ្នកក្រីក្រ,ថ្នាក់ដឹកនាំរដ្ឋគ្មានសមត្ថភាពត្រូវផ្លាស់ប្តូរតំណែង,មន្ត្រីអសកម្មត្រូវទទួលទោសរដ្ឋបាល។
ប្រសិនបើគណបក្សប្រជាជនកម្ពុជាអាចជម្នះឧបសគ្គខាងលើនេះបានតាមរយៈសកម្មភាពជាក់ស្តែង ពោលគឺមិនមែនទ្រឹស្តីនៅលើក្រដាស ឬបបូមាត់ពេលនោះ គេរំពឹងថា គណបក្សប្រជាជនកម្ពុជាអាចទាញប្រជាប្រិយភាពបានមកវិញបានខ្លះសម្រាប់ការបោះឆ្នោតឃុំសង្កាត់២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ។
ជាការពិត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ពលរដ្ឋ(ម្ចាស់ឆ្នោត)ត្រូវការអោយរដ្ឋាភិបាលជួយបំពេញក្រពះរបស់ពួកគេ ត្រូវការយុត្តិធម៌ និងសេរីភាពជាចម្បងតែប៉ុណ្ណោះ។ តែសម្រាប់ការបោះឆ្នោតក្រោយពីឆ្នាំ២០១៨ទៅតម្រូវការរបស់អ្នកបោះឆ្នោតកាន់តែ ខ្ពស់និងធំជាងមុន និងខ្ពស់ជាងមុន មានន័យថា ក្រោយពីពួកគេមានអ្វីៗជាមូលដ្ឋានសម្រាប់រស់ហើយ ពួកគេត្រូវការតម្លៃនៃជីវិតត្រូវការកម្រិតយុត្តិធម៌កាន់តែសុក្រឹតនិងសេរីភាពកាន់តែទូលាយជាងមុន។ ហើយនេះ គឺជាអ្វីដែលអ្នកនយោបាយជាទូទៅត្រូវពិចារណា និងយកចិត្តទុកដាក់ទុកជាមុន ប្រសិនបើពួកគេចង់ទទួលបានការគាំទ្រជានិរន្តរ៍ពីម្ចាស់ឆ្នោត៕
តារាងសង្ខេបសំឡេងឆ្នោត ១៩៩៣-២០១៣ ឆ្នាំ២០១៣
ល.រ |
ឈ្មោះ |
ចំនួនអាសនៈ |
១ |
គណបក្សប្រជាជនកម្ពុជា |
៦៨ |
២ |
គណបក្សសង្គ្រោះជាតិ |
៥៥ |
ឆ្នាំ២០០៨
ល.រ |
ឈ្មោះ |
ចំនួនអាសនៈ |
១ |
គណបក្សប្រជាជនកម្ពុជា |
៩០ |
២ |
គណបក្សសមរង្ស៊ី |
២៦ |
៣ |
គណបក្សសិទ្ធិមនុស្ស |
៣ |
៤ |
គណបក្ស នរោត្តម រណឫទ្ធិ |
២ |
៥ |
គណបក្សហ្វុនសិនប៉ិច |
២ |
ឆ្នាំ២០០៣
ល.រ |
ឈ្មោះ |
ចំនួនអាសនៈ |
១ |
គណបក្សប្រជាជនកម្ពុជា |
៧៣ |
២ |
គណបក្សសមរង្ស៊ី |
២៤ |
៣ |
គណបក្សហ្វុនសិនប៉ិច |
២៦ |
ឆ្នាំ១៩៩៨
ល.រ |
ឈ្មោះ |
ចំនួនអាសនៈ |
១ |
គណបក្សប្រជាជនកម្ពុជា |
៦៤ |
២ |
គណបក្សសមរង្ស៊ី |
១៥ |
៣ |
គណបក្សហ្វុនសិនប៉ិច |
៤៣ |
ឆ្នាំ១៩៩៣
ល.រ |
ឈ្មោះ |
ចំនួនអាសនៈ |
១ |
គណបក្សប្រជាជនកម្ពុជា |
៥១ |
២ |
គណបក្សហ្វុនសិនប៉ិច |
៥៨ |
៣ |
គណបក្ស ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា(សឺនសាន) |
១០ |
៤ |
គណបក្ស ម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព |
១ |
© រក្សាសិទ្ធិដោយ thmeythmey.com