ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​សង្កាត់​ព្រែក​ព្រះស្តេច​ទទួលបាន​ប្រយោជន៍​ពី​តារាង​​តម្លៃ​សេវាសាធារណៈ
22, Jan 2015 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ ភា ឌីស្កូ

បាត់ដំបង៖ ការបិទ​ផ្សាយ​តម្លៃ​សេវា​សារ​ធារ​ណៈ​គឺជា​គោលនយោបាយ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​មូលដ្ឋាន។ សង្កាត់​ព្រែក​ព្រះស្ដេច​ដែលជា​សង្កាត់​មួយ​ក្នុងចំណោម ១០ សង្កាត់​ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ក៏បាន​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ចការ​ទាំងអស់នេះ​ផងដែរ។ ពលរដ្ឋ​ក្នុង​ឃុំ​នេះ បាន​និយាយ​គ្រប់គ្នា​សាទរ​ការងារ​តម្លាភាព​ទាំងនេះ។



លោក វុទ្ធី សុ​គុណ ជា​ប្រជាពលរដ្ឋ​មួយរូប​រស់នៅក្នុង​សង្កាត់​ព្រែក​ព្រះស្តេច បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា លោក​ពេញ​ចិត្តនឹង​ការងារ​របស់​ក្រុមប្រឹក្សា​សង្កាត់​របស់លោក តាមរយៈ​ការបិទ​បង្ហាញ​តារាង​តម្លៃ​សេវាសាធារណៈ​នៅមុខ​សាលាឃុំ។ ពលរដ្ឋ​រូបនេះ​និយាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​តម្លាភាព ដែល​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ត្រូវអនុវត្ត​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​របស់ខ្លួន។ «បានន័យថា វា​មិនមាន​ការលាក់លៀម​ដើម្បី​លួច​យក​ផលប្រយោជន៍​ពី​សំណាក់​មន្ត្រីឃុំ​ឡើយ។ ខ្ញុំ​សង្ឃឹមថា គ្រប់​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស បានធ្វើ​ដូច​សង្កាត់​របស់ខ្ញុំ។ ធ្វើដូចនេះបាន គឺ​មិនមាន​អំពើពុករលួយ​ទេ»។ នេះ​ជាការ​យល់ឃើញ​របស់លោក សុ​គុណ។

ការ​ស្គាល់​តម្លៃ​សេវាកម្មនីមួយៗយ៉ាង​ដូច្នេះ វា​បានផ្តល់​ភាពងាយស្រួល ដល់ កញ្ញា សុភា​វី ដែល​អាច​ត្រៀម​ថវិកា​សម្រាប់​សេវាកម្ម​ណាមួយ ដែល​ខ្លួន​ត្រូវការ។ ជា​អ្នក​បើកហាង​ផាត់មុខ​នៅក្នុង​ភូមិ កញ្ញា​វ័យ​ជាង២០ឆ្នាំ​បាន​ពន្យល់ថា៖«នៅពេលដែល​ខ្ញុំ​បានដឹង​ពី​តម្លៃ​សេវាសាធារណៈ​តាមរយៈ​ការបិទ​តារាង​តម្លៃ​នៅ​សង្កាត់ ខ្ញុំ​ដឹង​ព័ត៌មាន​អំពី​ការ​អត្តសញ្ញាណ​បណ្ណ ឬ​ការធ្វើ​សំបុត្រអាពាហ៍ពិពាហ៍​ជាដើម ថា​តើ​គេ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន និង​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ។ ខ្ញុំ​មិនចាំបាច់​ខ្វល់​ពី​ចំណាយ​ក្រៅផ្លូវការ»។

ចៅសង្កាត់​ព្រែក​ព្រះស្តេច​នៃ​ក្រុង​បាត់ដំបង លោក តោ ហុន បានបញ្ជាក់​បន្ថែមថា លោក​ពិតជា​បានកត់សម្គាល់​ឃើញ​ភាពសប្បាយ​ចិត្ត​របស់​ព​ល​រដ្ឋ​របស់លោក​មែន ចំពោះ​ការបិទ​ប្រកាស​តម្លៃ​សេវាសាធារណៈ ដែល​លោក​បាន​អនុវត្ត​តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៤នោះ។ ទោះយ៉ាងណា​ក៏ដោយ លោក​ចៅសង្កាត់​បាន​បន្ទោ​ស​ពលរដ្ឋ​មួយចំនួន​តូច​ដែល​ហាក់​មិន​ខ្វាយខ្វល់​អំពី​ព័ត៌មាន​ស្តីពី​តម្លៃ​សេវាសាធារណៈ​នេះ​ទេ។ លោក តោ ហុន បាន​ថ្លែងថា៖«តាំងពី​មានការ​បិទ​ផ្សាយ​តារាង​តម្លៃ​សេវាសាធារណៈ​នោះមក ខ្ញុំ​សង្កេតឃើញថា ប្រជាពលរដ្ឋ​មួយចំនួនធំ​ក៏បាន​ជ្រួតជ្រាប​អំពី​ព័ត៌មាន​នេះ ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ពុំទាន់​បាន​យល់​ពី​បញ្ហា​នេះ​នៅឡើយ​ដែរ។ ពួកគាត់​ពុំបាន​មក​មើល​ពី​តារាង​តម្លៃ​ថា​តើ​សេវា​អ្វីខ្លះ​ដែល​គាត់​ត្រូវ​បង់ប្រាក់ និង អ្វីខ្លះ​ដែល​មិនត្រូវ​បង់ប្រាក់​នោះទេ។ ជាទូទៅ អ្នកមួយ​ក្រុម​តូច​នេះ តែងតែ​និយាយថា ពួកគាត់​រវល់ និង​អ្នក​ខ្លះទៀត​សារភាពថា ពួកគាត់​មិនចេះ​អក្សរ»។

ទោះ​យ៉ាងនេះ​ក៏ដោយ លោក​ចៅសង្កាត់​បានបញ្ជាក់​ថា លោក​បាន​ព្យាយាម​ប្រើប្រាស់​មធ្យោបាយផ្សេងៗ ដើម្បី​បញ្ជូន​ព័ត៌មាន​ស្តីពី​តម្លៃ​សេវាសាធារណៈ​នេះ ដែលមាន​ប្រយោជន៍​យ៉ាងខ្លាំង​នេះ ទៅដល់​ពលរដ្ឋ​ក្នុង​សង្កាត់​របស់លោក។ ការផ្សព្វផ្សាយ​តាមរយៈ​ការប្រជុំ ឬ​វេទិកាសាធារណៈ​របស់​ស​ង្កា​ត់ ការសហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នានា ទាំងនេះ​សុទ្ធសឹងតែ​ជា​យន្ត​ការដែល​លោក​ចៅសង្កាត់​ធ្លាប់បាន​ប្រើប្រាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់លោក៕


© រក្សាសិទ្ធិដោយ thmeythmey.com