ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្ញៀវ​ចិន​ឈរ​នៅ​កំពូល​តារាង​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនជាងគេ
22, Jan 2015 , 5:24 pm        
រូបភាព
សៀមរាប៖ របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប​បង្ហាញថា ទេសចរ​ចិន គឺ​ឈរ​នៅ​លំ​បាប់​លេខ​រៀង​ទីមួយ ដែល​មក​ទស្សនា​ខេត្ត​មួយ​នេះ​ច្រើនជាងគេ។ នៅក្នុង​ឆ្នាំ២០១៤កន្លងទៅ មាន​ភ្ញៀវទេសចរ​ចិន​ជាង៣សែន​នាក់ ដែល​ធ្វើដំណើរ និង​ស្នាក់នៅ​ខេត្តសៀមរាប​រវាង​ចន្លោះ​ពី៣ថ្ងៃ​ទៅ៥ថ្ងៃ។



មិន​ថា​ជា​ខែ​ខ្សត់​ភ្ញៀវ ឫ​សម្បូរ​នោះទេ ទេសចរ​ចិន​តែង​បង្ហាញ​វត្តមាន​ច្រើនជាងគេ​នៅតាម​ប្រាសាទ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ខេត្តសៀមរាប។ ខុសពី​ទេសចរ​ដទៃ ទេសចរ​ចិន​គឺជា​ទេសចរ​ដែល​ដើរ​កម្សាន្ត​រយៈពេល​យូរ​ជាងគេ មាន​ពី៣ថ្ងៃ ៥ថ្ងៃ ឫ​មួយ​សប្តាហ៍​ក៏មានដែរ។ នេះ​បើតាម​ប្រភពពី​មគ្គុទ្ទេសក៍​ទេសចរណ៍។

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ខែមករា​នេះ មគ្គុទ្ទេសក៍​ភាសា​ចិន មិនសូវមាន​ពេល​សម្រាក​ច្រើន​នោះទេ។ ភ្ញៀវ​ច្រើន តែ​មគ្គុទ្ទេសក៍​ភាសា​ចិន មាន​តិច។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​មគ្គុទ្ទេសក៍។ តម្រូវការ​ទីផ្សារ​មាន​ច្រើន សម្រាប់​អ្នកចេះ​ភាសា​ចិន ដែលមាន​ចំនួន​តិច​នៅឡើយ នៅក្នុង​ខេត្តសៀមរាប។ មន្ទីរ​ទេសចរណ៍​ខេត្ត​កន្លងមក​ធ្លាប់​ប្រាប់​តួលេខ​មគ្គុទ្ទេសក៍​នៅ​សៀមរាប ថា​មាន​ចំនួន​ជិត៥ពាន់ ក្នុងចំណោម​មគ្គុទ្ទេសក៍​ទាំង១២ភាសា តែ​មិនបាន​បញ្ជាក់​ពី​ភាសាមួយៗ មាន​ប៉ុន្មាន​នាក់​នោះទេ។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ២០១៤កន្លងទៅ បង្ហាញថា មាន​ភ្ញៀវទេសចរ​ចិន​ចំនួន៣៤៣,៤៥០នាក់​ស្មើនឹង១៤,៦៨% កើនឡើង​ចំនួន ២៦,៦៥% បើ​ធៀប​នឹង​ឆ្នាំ២០១៣ ។ ក្រៅពី​ទេសចរ​ចិន មាន​ជនជាតិ​កូរ៉េ​ឈរ​នៅ​លេខ២ ជប៉ុន​លេខ៣ វៀតណាម​លេខ៤ ថៃ​លេខ៥ អាមេរិក​លេខ៦ រុស្ស៊ី​លេខ៧ អង់គ្លេស​លេខ៨ ឡាវ​លេខ៩ និង​បារាំង​នៅ​លេខ​រៀង​ទី១០ ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ក្នុង​ឆ្នាំ២០១៤ ៕



© រក្សាសិទ្ធិដោយ thmeythmey.com