ជាតិ
បទវិភាគ
វប្បធម៌​សន្តិភាព​និង​អហិង្សា​ត្រូវតែ​រក្សា​ឲ្យ​បាន!
22, Jan 2015 , 10:23 pm        
រូបភាព
ដោយ:
ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្សប្រឆាំង​ជាស​ញ្ញា​មិនល្អ​មួយ​សម្រាប់​ឆាកនយោបាយ​កម្ពុជា។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ហាក់ដូចជា​ព្យាយាម​ថ្នាក់ថ្នម​សភាពការណ៍​ដែរ​ដោយ​មិន​ចាក់​សាំង​ទៅលើ​ភ្លើង​ទេ។ ប្រសិនបើ​គណបក្ស​គូប្រជែង​ទាំងពីរ​ពិតជា​ស្រឡាញ់​សន្តិភាព​និង​អហិង្សា ពួកគេ​នឹង​ថ្នាក់ថ្នម​សភាពការណ៍​មិន​ឲ្យ​វិល​ទៅរក​អំពើហិង្សា​វិញ​ជាដាច់ខាត។



សង្គ្រាម​វិនាសកម្ម​ពោរពេញ​ដោយ​អំពើហិង្សា​កាប់សម្លាប់​បង្ហូរឈាម​គ្នា​មិន​គ្រាន់តែ​ជា​រឿង​ឆ្អែតឆ្អន់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​បាន​ក្លាយជា​ស្លាក​ស្នាមរបួស​ផ្លូវចិត្ត​ដែល​ពិបាក​ព្យាបាល​ទៀតផង​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល។ នេះ​ជា​បទពិសោធ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​រាប់​តាំងពី​មនុស្ស​សាមញ្ញ​បំផុត​ដល់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​បាន​យល់​និង​បាន​សច្ចា​មិន​ឲ្យ​ជួប​ទៀត។

អ៊ីចឹង​ហើយ​បានជា​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ គេ​បានលឺ​សេចក្តីថ្លែងការណ៍​របស់​អ្នកនយោបាយ​ក៏ដូចជា​ពលរដ្ឋ​ទូទៅ​ដែរ​ថា​ពួកគេ​មានបំណង​ប្រាថ្នា​ចង់បាន​សន្តិភាព និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា។ សន្តិភាព និង​អហិង្សា​គឺជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​មនុស្សជាតិ និង​ជាពិសេស​សម្រាប់​ប្រជាជាតិ​មួយ​ដែល​ឆ្អែតឆ្អន់​នឹង​សង្គ្រាម​វិនាសកម្ម​ដូច​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ តើ​ក្តី​ប្រាថ្នា​នេះ​បានសម្រេច​ហើយ​ឬ​នៅ?

ពិត​ហើយ ចម្លើយ​ជាបឋម​និង​ជាក់ស្តែង​នោះ​គឺ​សង្គ្រាម​បាន​ផុតរលត់​ហើយ​នៅ​កម្ពុជា។ ការ​ផុតរលត់​នៃ​សង្គ្រាម​មានន័យ​ស្មើនឹង​ការមកដល់​នៃ​សន្តិភាព​ដែល​គ្រប់គ្នា​បាន​អបអរ​ស្វាគមន៍ និង​ត្រូវ​ចូលរួម​ការពារ។ យ៉ាងណាក៏ដោយ សន្តិភាព មិនមាន​ន័យ​ត្រឹម​ការបញ្ចប់​សង្គ្រាមស៊ីវិល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គេ​ក៏ត្រូវ​និយាយ​ផងដែរ​អំពី​សន្តិភាព​ផ្លូវចិត្ត។ គេ​អាច​និយាយបានថា​កម្ពុជា​ទំនងជា​មិនអាច​កើតសង្គ្រាម​ទៀត​ទេ។ ប៉ុន្តែ សង្គ្រាមពាក្យសម្តី​ដែល​នាំ​ដល់​អំពើហិង្សា​អាច​កើតមាន​គ្រប់ពេលវេលា។

មកដល់​ចំណុច​នេះ គេ​គួរ​ពិចារណា​លើ​បញ្ហាសំខាន់២ដូចតទៅ៖ ទី១ អសន្តិសុខ​សង្គម​ហាក់​បាននិងកំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​គ្មាន​សន្តិភាព។ សកម្មភាព​ចោរកម្ម លួច​ប្លន់ គ្រោះថ្នាក់​ចរាចរណ៍ ទំនាស់​ដីធ្លី និង​អយុត្តិធម៌​សង្គម​មួយចំនួនទៀត​គឺជា​ឧទាហរណ៍​ស្រាប់។ ទី២ គឺ​ជម្លោះ​នយោបាយ​ហាក់​នៅតែ​បង្កក្តី​បារម្ភ​ជានិច្ចកាល។  ប​ច្ច​ប្បន្ន​នេះ​ឆាកនយោបាយ​ប្រទេស​កម្ពុជា​បានប្រែក្លាយ​ពី​សមរភូមិ​អាវុធ​មកជា​សមរភូមិ​សន្លឹកឆ្នោត​វិញ ប៉ុន្តែ ពេលខ្លះ ភាព​ស្រួចស្រាល់​នៃ​ជម្លោះ​បានបង្ហាញ​ពី​ចរិត​ហិង្សា​ក្នុង​ចិត្ត​របស់​អ្នកនយោបាយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ។

ចំណុច​ទាំងពីរ​ដូច​បានលើកឡើង​ខាងដើម​គឺជា​បញ្ហា​ប្រឈម​ថ្មី​របស់​កម្ពុជា​ក្រោយ​សម័យ​សង្គ្រាម ហើយ​វា​ងាយ​នឹង​អូសទាញ​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​វឹកវរ​សារជាថ្មី​ប្រសិនបើ​គេ​មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​វា។ ការ​ប៉ះគ្នា​មួយ​ប្រាវ​ក្នុង​សប្តាហ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាថ្មី។ ដូច្នេះ ដំណោះស្រាយ​សំខាន់បំផុត​ដើម្បី​ពង្រឹង​សន្តិភាព​គឺ​ការបណ្តុះ​វប្បធម៌​ប្រជាធិបតេយ្យ និង អហិង្សា។

វប្បធម៌​ពីរ​នេះ​គួរតែ​ត្រូវបាន​បណ្តុះ​ឲ្យ​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​នៅលើ​ទឹកដី​កម្ពុជា​ជា​ចាំបាច់​ជាពិសេស​ក្នុងចំណោម​អ្នកនយោបាយ។ ចាំបាច់​ពីព្រោះថា វប្បធម៌​ប្រជាធិបតេយ្យ និង អហិង្សា មិន​ត្រឹមតែ​ជា​រនាំង​ដ៏​រឹងមាំ​សម្រាប់​ទប់ស្កាត់​សង្គ្រាម​មិន​ឲ្យ​វិល​ត្រឡប់មកវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​គ្រឹះ​រឹងមាំ​សម្រាប់​កសាង​វប្បធម៌​សន្តិភាព​នៅ​កម្ពុជា​ផងដែរ។
ជាការ​ពិតណាស់ បំណងប្រាថ្នា​ចង់បាន​សន្តិភាព និង​អហិង្សា​ជា​រឿង​មួយ ប៉ុន្តែ តើ​គេ​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​ក្តី​ប្រាថ្នា​នេះ​ក្លាយជា​ការពិត​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន។ នៅលើ​លោក​នេះ គ្មាន​ក្តី​ប្រាថ្នា​ណាមួយ​សម្រេច​ទៅបាន​ដោយ​ខ្វះ​ឆន្ទៈ និង​ការព្យាយាម​ធ្វើ​នោះឡើយ។

នៅ​កម្ពុជា មនុស្ស​ជាច្រើន ជាពិសេស​ក្នុងចំណោម​អ្នកនយោបាយ​តែម្តង តែងតែ​បង្ហាញ​ទង្វើ​ខុសពី​សម្តី​និយាយ។ នៅពេលដែល​គេ​នាំគ្នា​និយាយ​អំពី​ប្រជា​ធិ​បត​យ្យេ តែ​គេ​ច្រើនតែ​បំភ្លេចចោល​នូវ​សារសំខាន់​នៃ​តម្លៃ​ប្រជាពលរដ្ឋ ហើយ​បែរជា​បង្ហាញ​ពី​ភាព​សំខាន់​របស់​បុគ្គល​អ្នក​នយោបាយ​ខ្លួនឯង​ទៅវិញ។ នៅពេលដែល​គេ​នាំគ្នា​និយាយ​អំពី​បំណងប្រាថ្នា​ចង់បាន​សន្តិភាព គេ​បែរជា​បង្កើត​សង្គ្រាមពាក្យសម្តី​ដែល​ពោរពេញ​ដោយ​ហិង្សា​ក្នុង​ចិត្ត​គួរ​ឲ្យ​ព្រឺ​ខ្លាច។

នៅពេល​គេ​នាំគ្នា​និយាយ​ពី​អហិង្សា គេ​បែរជា​ដោះស្រាយ​បញ្ហា​មួយចំនួន​ដោយ​ហិង្សា​យ៉ាង​អាក​ក្រ់​មើលទៅ​វិញ។ ទាំងនេះ​ជា​អ្វីដែល​ត្រូវតែ​កែ​ប្រែជា​ចាំបាច់​និង​ជាបឋម​ដើម្បី​ឈានទៅ​បណ្តុះ​វប្បធម៌​សន្តិភាព ប្រជាធិបតេយ្យ និង​អហិង្សា​នៅ​កម្ពុជា។ ការ​ថ្នាក់ថ្នម​សភាពការណ៍​បច្ចុប្បន្ន ហើយ​ដោះស្រាយ​រាល់​បញ្ហា​តាមរយៈ​ការសន្ទនា គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវតែ​រក្សា​ឲ្យ​បាន៕




© រក្សាសិទ្ធិដោយ thmeythmey.com