ជាតិ
បទវិភាគ
មូលហេតុដែលនាំឱ្យស្ថាប័នរដ្ឋបំពេញមុខងារមិនមានប្រសិទ្ធភាព
× ភ្នំពេញ៖ ជាទូទៅ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ សេវាសាធារណៈរដ្ឋត្រូវបានគេមើលឃើញថា មានលក្ខណៈអន់ខ្សោយជាទីបំផុតបើប្រៀបធៀបទៅនឹងវិស័យឯកជន។ មន្ត្រីរដ្ឋធ្វើការតាមទម្លាប់ និងធ្វើការតាមកម្រិតប្រាក់ខែដែលរដ្ឋប្រគល់ជូន។ ប្រាក់ខែតិច ធ្វើការតិច ប្រាក់ខែច្រើននៅតែធ្វើការតិចដដែល។ តើមូលហេតុអ្វីបានស្ថាប័នរដ្ឋបំពេញមុខងារគ្មានប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា?
ប្រទេសកំពុងអភិវឌ្ឍ ឬ ប្រទេសដែលមានការអភិវឌ្ឍតិចតួច តែងតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាកង្វះ ស្ថិរភាពនយោបាយ, ការអភិវឌ្ឍន៍សេដ្ឋកិច្ច, ភាពជាអ្នកដឹកនាំល្អ, អភិបាលកិច្ចល្អ, បទពិសោធ, ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, ធនធានមនុស្សកម្រិតខ្ពស់, ហិរញ្ញវត្ថុ, សម្ភារៈ, បច្ចេកវិទ្យា, ការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់, ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និង ស្ថាប័នដែលបំពេញមុខបានល្អ ជាដើម។
ដោយឡែកប្រទេសកម្ពុជា ដែលជាប្រទេសមួយកំពុងអភិវឌ្ឍដែរនោះ យើងបានសង្កេតឃើញថាប្រទេសនេះក៏កំពុងតែប្រឈមមុខនឹងបញ្ហានានាដូចបានរៀបរាប់ខាងលើដែរ។ លើសពីនេះទៀត នៅពេលដែលសន្ទុះនៃការប្រកួតប្រជែងខាងនយោបាយមានលក្ខណៈស្រួចស្រាល់ តឹងតែង និង ពេលខ្លះវាបានខិតចេញផុតពីព្រំដែននៃច្បាប់និងគោលការណ៍សីលធម៌ផងនោះ បានធ្វើឱ្យអ្នកនយោបាយមួយចំនួនហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីជ័យជំនះរបស់ខ្លួន។កត្តានេះហើយដែលរុញច្រានអំណាចនយោបាយឱ្យគ្របដណ្ដប់លើអ្វីៗទាំងអស់ រួមទាំងអំណាចរដ្ឋបាល, អំណាចនីតិបញ្ញត្តិ, អំណាចនីតិប្រតិបត្តិ, តុលាការ, អាជ្ញាធរ, អំណាចសីលធម៌, អំណាចស្ថាប័ន, ផលប្រយោជន៍រួម និង សុខុមាលភាពសង្គមផង ជាដើម។
ផ្ដើមចេញពីមូលដ្ឋាននេះ ត្រូវបានគេមើលឃើញថា ស្ថាប័នរដ្ឋមួយចំនួននៅកម្ពុជាមិនបានបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរឡើយ។ យោងតាមការសង្កេតនិងការវិភាគ យើងអាចនិយាយបានថា ការពិតដែលស្ថាប័នរដ្ឋមួយចំនួនបំពេញមុខងាររបស់ខ្លួនមិនល្អនោះ អាចបណ្ដាលមកពីកត្តាមូលដ្ឋានមួយចំនួនដូចខាងក្រោម៖
1. ប្រាក់ខែរបស់មន្ត្រីរាជការនៅមានកម្រិតទាប ចាយមិនគ្រប់ ដែលជំរុញឱ្យពួកគេមួយចំនួន ឆ្លៀតលួចម៉ោងរដ្ឋបាលទៅធ្វើការងារខាងក្រៅ ដើម្បីរកកម្រៃបន្ថែមបង្គ្រប់ជីវភាព។
2. មន្ត្រីមួយចំនួនធ្វើការតាមទម្លាប់ ជាជាងធ្វើតាមច្បាប់, គោលការណ៍, ផែនការណ៍យុទ្ធសាស្ត្រ, កម្មវិធី ឬ គម្រោង របស់ស្ថាប័ន។
3. មន្ត្រីរាជការមួយចំនួនខ្វះមនសិការការងារ សីលធម៌វិជ្ជាជីវៈ និង មិនគោរពច្បាប់។ ជាការណ៍ពិត បញ្ហាជីវភាពគឺរឿងសំខាន់ ប៉ុន្តែ យើងក៏បានសង្កេតឃើញថា មានមន្ត្រីមួយចំនួនដែលមានប្រាក់ខែសមរម្យអាចរស់បានហើយក៏ដោយ ក៏ពួកគេមិនបានបំពេញការងារហ្មត់ចត់ដែរដោយសារតែកង្វះមនសិការនេះឯង។
4. មន្ត្រីរាជការសំខាន់ៗមួយចំនួនធ្វើការខុសជំនាញ ដែលជាហេតុនាំឱ្យពួកគេធ្វើការមិនបានល្អ មិនមានប្រសិទ្ធភាព និង មិនទាន់ពេលវេលា។
5. យន្តការត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពការងារ មិនទាន់មានភាពច្បាស់លាស់និងរឹងមាំ ករណីខ្លះ យក
មន្ត្រីពុករលួយទៅបង្ក្រាបអំពើពុករលួយ, យកមន្ត្រីមិនសកម្មទៅត្រួតពិនិត្យប្រសិទ្ធភាពការងារ, មន្ត្រីដែលទៅត្រួតពិនិត្យគឺជាមិត្តភក្ដិ សាច់ញាតិ ឬ អ្នកមានផលប្រយោជន៍ពាក់ព័ន្ធជាមួយមន្ត្រីដែលត្រូវគេត្រួតពិនិត្យ...។
6. ទំនាស់ផលប្រយោជន៍៖ ក្នុងស្ថាប័នមួយចំនួន មន្ត្រីថ្នាក់លើនិងមន្ត្រីខិលខូច អាចរស់នៅបានស្រួល រហូតដល់អាចធ្វើជាអ្នកមានបាន, អាចគេចផុតពីការចោទប្រកាន់ផ្សេង...ឯមន្ត្រីតូចតាចនិងមន្ត្រីស្មោះត្រង់ ប្រាក់ខែចាយមិនគ្រប់ ហើយថែមទាំងត្រូវថ្នាក់លើ ឬ អ្នកកាន់ការខាងហិរញ្ញវត្ថុកិបកេងបន្ថែមទៀត, ឯការឡើងបុណ្យស័ក្ដិ ឬ ឋានៈស្ទើរតែមិនអាចធ្វើទៅបានក្នុងមួយជីវិតមន្ត្រីរាជការ...ផ្ទុយទៅវិញ អ្នកដែលមានខ្សែ ឬ មានលុយ ទើបតែចូលធ្វើការភ្លាមក៏អាចឡើងឋានៈភ្លាម និង ទទួលបានមេដាយភ្លាមក៏មានដែរ។ កត្តាទាំងអស់នេះហើយដែលជះឥទ្ធិពលដល់ស្មារតីបំពេញការងាររបស់មន្ត្រីរាជការ។
7. អំពើពុករលួយនិងនិទណ្ឌភាព៖ បានធ្វើបាត់បង់យុត្តិធម៌, តម្លាភាព, ទំនួលខុសត្រូវ, គុណភាពឬប្រសិទ្ធភាពការងារ, ការអនុវត្តច្បាប់ និង ការបំបាត់ភាពអសកម្មក្នុងស្ថាប័ន។
8. អ្នកធំមួយចំនួនមិនបានធ្វើគំរូល្អចំពោះអ្នកតូច៖ ដូចជា ការគោរពម៉ោងពេល, ការគោរពច្បាប់, ការប្រកាន់យុត្តិធម៌, ការចែករម្លែក, ការអន់ឱន, ភាពសកម្មក្នុងការងារ, ភាពស្មោះត្រង់, ភាពម៉ឺងម៉ាត់...ប្រសិនបើពួកគេធ្វើគំរូល្អនោះ អ្នកតូចភាគច្រើនបំផុតប្រាកដជាធ្វើតាមដោយឥតរារែក។
9. ខ្វះធនធានមនុស្ស, ហិរញ្ញវត្ថុ, សម្ភារៈ និង បច្ចេកទេសក្នុងការបំពេញការងារ។
10. បក្សពួកនិយម៖ ដែលនាំឱ្យមានការប្រើប្រាស់មន្ត្រីខុសជំនាញ, អំពើពុករលួយ, អំពើអយុត្តិធ៌, និទណ្ឌភាព,ទំនាស់ផលប្រយោជន៍ និង ការងារគ្មានប្រសិទ្ធភាព។
ក្រៅពីកត្តាមូលដ្ឋានទាំងដប់នេះ ក៏នៅមានចំណុចរួមផ្សំជាច្រើនទៀតដែរ ដែលរួមចំណែកធ្វើឱ្យស្ថាប័នរដ្ឋភាគច្រើនមិនអាចបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរ។ ដូច្នេះ បើយើងចង់កែទម្រង់ស្ថាប័នរបស់យើងឱ្យអាចបំពេញមុខងាររបស់ខ្លួនបានល្អប្រសើរ លុះត្រាតែយើងហ៊ានកែលម្អចំណុចទាំងដប់ដូចដែលបានលើកឡើងខាងលើនេះ បើមិនដូច្នោះទេ ស្ថាប័នរបស់យើងនៅតែបន្តមានស្ថានភាពដូចសព្វថ្ងៃ ហើយការអភិវឌ្ឍប្រទេសក៏មិនអាចប្រព្រឹត្តិទៅបានរលូនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com