អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចំណាប់ខ្មាំង​ជប៉ុន​បន្ទោស លោក អា​បេ ដែល​បណ្តោយ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មិត្តរួម​ជាតិ​
25, Jan 2015 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​ម្នា​ក់ដោយ​កាត់​ក​កាលពី​ម្សិលមិញ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានប្រកាស​ទុក​ផ្លូវ​អោយ​រដ្ឋាភិបាល​ជប៉ុន​ដើរ ដើម្បី​លោះ​ចំណាប់ខ្មាំង​ម្នាកទៀត​ដែល​នៅសល់។ ប្រសិនបើ​មិនមាន​ការបង់​លុយ​លោះ​ទេ ចំណាប់ខ្មាំង​ម្នាក់ទៀត​នៅសល់​ប្រហែល​ជាមាន​វាសនា​មិន​ខុសពី​ចំណាប់ខ្មាំង​មុន​ឡើយ ប៉ុន្តែ​គេ​ឃើញ​ចំណាប់ខ្មាំង​ដែល​នៅរស់​បាន​បន្ទោស​រដ្ឋាភិបាល​លោក​អា​បេ ដែល​បណ្តែតបណ្តោយ​អោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​សម្លាប់​ចំណាប់ខ្មាំង​ម្នាក់។



 កាលពី​ម្សិលមិញ​នេះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានសម្រេច​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​រូបភាព​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវគេ​កាត់​ក​ក្នុងចំណោម​ជនជាតិ​ជប៉ុន​ពីរ​នាក់​ដែល​ខ្លួន​ចាប់ខ្លួនបាន​នោះ។ រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា វីដេអូ​ដែល​គេ​បង្ហាញ​ចេញ​មកនេះ​ភាគរយ​ច្រើន​អាច​ជឿទុកចិត្ត​បាន និង​បញ្ជាក់ថា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នោះបាន​សម្លាប់​ចំណាប់ខ្មាំង​ប្រាកដ​មែន។

ក្នុង​វីដេអូ​នោះ​មាន ចំណាប់ខ្មាំង​ម្នាក់​ដែល​នៅរស់​បាន​កាន់​រូបភាព​ចំណាប់ខ្មាំង​ដែល​ត្រូវគេ​សម្លាប់  ហើយ​ក្នុង​វីដេអូ​ដដែល​នោះ ចំណាប់ខ្មាំង​ដែល​នៅមាន​ជីវិត​Kenji Gotoបាន​បន្ទោស​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អា​បេ ចំពោះ​ការធ្វើអោយ​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែលមាន​ឈ្មោះ Yukawa ត្រូវ​ក្រុម​ភេរវជន​សម្លាប់។ យ៉ាងណាក៏ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ បាន​បើកផ្លូវ​អោយ​រដ្ឋាភិបាល​ជប៉ុន​ដោះដូរ​ជនជាតិ​ជប៉ុន​ដែលជា​ចំណាប់ខ្មាំង​ជាមួយនឹង​ការដោះលែង​ភេរវជន​ស្ត្រី​ម្នាក់​ដែល​គេ​ចាប់ខ្លួនបាន​នៅក្នុង​ប្រទេស​ហ្ស​ក​ដង់​តាំងពី​ឆ្នាំ ២០០៥។

ស្ត្រី​ម្នាក់​នោះ​មាន​ឈ្មោះថា  Sajida al-Rishawi   ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ ហ្ស​ក​ដង់ ក្រោយ​ពេលដែល​ស្ត្រី​នេះ​ប៉ុន​បង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ប៉ុន្តែ​មិន​ផ្ទុះ ហើយ​ស្ត្រី​រូបនេះ​ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត តាំងពី​ឆ្នាំ ២០០៦ ប៉ុន្តែ​បច្ចុប្បន្ន​សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​តវ៉ា​នៅឡើយ។ យ៉ាងណាក៏ដោយ​ទាក់ទិន​នឹង​ចំណាប់ខ្មាំង​ម្នាក់​ដែល​នៅសល់​នេះ រដ្ឋាភិបាល​ជប៉ុន​មិនបាន​បង្ហើប​អោយដឹងថា​ខ្លួន​នឹងធ្វើ​អ្វី​បន្ត​ដើម្បីអោយ​ក្រុម​ភេរវជន​ដោះលែង​ចំណាប់ខ្មាំង​ឡើយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​ហើយ​ថា​ខ្លួន​មិន​បង់លុយ​លោះ​អោយ​ក្រុម​ភេរវជន​ឡើយ។ ប៉ុន្តែ​លោក​បញ្ជាក់ថា​រដ្ឋាភិបាល​លោក​ព្យាយាម​ប្រើប្រាស់​រាល់​វិធានការ​ការទូត និង​វិធានការ​ចាំបាច់​នានា​ផ្សេងទៀត​ដើម្បីអោយ​ក្រុម​ភេរវជន​ដោះលែង​ចំំ​ណាប់​ខ្មាំង។

លោក អា​បេ បានទាមទារ​អោយ​ក្រុម​ភេរវជន​ប្រញាប់​ដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល​នៅសល់ ព្រមទាំង​ថ្កោលទោស​ក្រុម​នេះខ្លាំងៗផងដែរ។ គេ​មិន​រំពឹងថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទាំងនោះ​ព្រម​ដោះលែង​ជន​ជា​ចំណាប់ខ្មាំង​ជប៉ុន​តាម​ការទាមទារ​របស់​រដ្ឋាភិបាល លោក អា​បេ ឡើយ លើកលែងតែ​រដ្ឋាភិបាល​សម្រេច​បង់ប្រាក់​លោះ​ទើប​មានសង្ឃឹម។

កាលពី​ថ្ងៃ​អង្គារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានបង្ហាញ​វីដេអូ​មួយ ដែល​ក្នុងនោះ​មាន ជន​ម្នាក់​ជា​សមាជិក​រដ្ឋ​ឥស្លាម​ស្លៀក​សម្លៀកបំពាក់​ឈុតខ្មៅ ដោយ​ដៃ​កាន់​កាំបិត បាន​និយាយ​នៅក្នុង​វីដេអូ​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អា​បេ ថា «អ្នកមាន​រយៈពេល៧២ម៉ោង​ប៉ុណ្ណោះ ដើម្បី សម្រេចចិត្ត​បង់ប្រាក់​លោះ​ចំនួន ២០០លាន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក ដើម្បី​សង្គ្រោះ​អាយុ​ជិវិត​ប្រជាជន​របស់​អ្នក​ពីរ​នាក់»។ ក្រោយមក​រដ្ឋាភិបាល​ជ​ប៉ុន​បានប្រកាស​មិន​បង់លុយ​លោះ​ដល់​ក្រុម​ភេរវជន​ឡើយ ដូច្នេះហើយ​ទើបបានជា​ផុតពេល​បី​ថ្ងៃ​ក្រុម​ភេរវជន​សម្រេច​សម្លាប់​ចំណាប់ខ្មាំង​ម្នាក់​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងពីរ​នេះ​តែម្តង៕

ប្រែសម្រួលដោយ សៅ ផលនិស្ស័យ


© រក្សាសិទ្ធិដោយ thmeythmey.com