ជាតិ
បទវិភាគ
ការធានាសុវត្ថិភាពចំណីអាហារជាកិច្ចការចាំបាច់និងបន្ទាន់!
× កាលពីមុននេះបន្តិច គេបានរកឃើញទឹកស៊ុបនាំចូលពីប្រទេសវៀតណាម ឥឡូវនេះ គេបានរកឃើញកាហ្វេដែលផលិតដោយប្រើសារធាតុគីមីដ៏គ្រោះថ្នាក់។ រីឯត្រីសាច់ បន្លែ ផ្លែឈើក៏សុទ្ធតែប្រើសារធាតុគីមីពុលដែរ។ តើនៅមានអ្វីទៀតដែលកំពុងបំផ្លាញសុខភាពពលរដ្ឋខ្មែរ? នេះជាសំណួរដែលតម្រូវឲ្យអាជ្ញាធរបង្កើនសមត្ថកិច្ចរបស់ខ្លួនដើម្បីធានាសុវត្ថិភាពចំណីអាហារឲ្យបាន។បើមិនដូច្នេះទេ វាបង្កគ្រោះថ្នាក់ធំធេងណាស់ដល់សុខភាពសាធារណៈ។
អ្នកចូលចិត្តពិសារកាហ្វេប្រហែលជាភ្ញាក់ខ្លួនក្រោយពីបានដឹងថា មានការលួចផលិតកាហ្វេដែលប្រើសារធាតុគីមីពុលយ៉ាងសម្បើមដើម្បីចែកចាយ។ នេះជារបកគំហើញថ្មីមួយទៀតដ៏គួរឲ្យព្រឺខ្លាច។ ចុះនៅសល់ផលិតផលអ្វីទៀតដែលគ្មានសុវត្ថិភាពហើយដែលអ្នកប្រើប្រាស់មិនដឹង?
នៅបណ្តាប្រទេសផ្សេងៗ អាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខភាពរបស់ពលរដ្ឋ។ រាល់ចំណីអាហារដែលដាក់លក់នៅលើទីផ្សារជាពិសេសទំនិញនាំចូលពីបរទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតដើម្បីធានាថាទំនិញទាំងនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ បើមានបញ្ហាតែបន្តិច ពួកគេក៏ចាត់វិធានការភ្លាម។
ចុះនៅកម្ពុជា តើមួយថ្ងៃៗមានទំនិញអ្វីខ្លះនាំចូលពីវៀតណាមនិងថៃ? តើទំនិញទាំងនោះមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ដែរឬទេ? យូរៗម្តងគេតែងសង្កេតឃើញសមត្ថកិច្ចកាំកុងត្រូលហៅទូរទស្សន៍ទៅថតការដុតបំផ្លាញទំនិញខូចគុណភាពនាំចូលពីប្រទេសជិតខាង។ ប៉ុន្តែ តើមានទំនិញប៉ុន្មានមុខទៀតដែលត្រូវបាននាំចូលដោយស្ងៀមស្ងាត់ដែលសមត្ថកិច្ចមិនដឹងឬក៏ដឹងដែរតែស្រវាំងភ្នែកមើលមិនឃើញដោយសារតែចំណាំងកាំរស្មីប្រាក់ដុល្លារ។
កុំថាឡើយតែទំនិញនាំចូល សូម្បីទំនិញក្នុងស្រុកក៏ពោរពេញដោយសារធាតុគីមីដែរ។ ហេតុនេះហើយបានជាបច្ចុប្បន្ន មនុស្សមានបញ្ហាសុខភាពកាន់តែខ្លាំងឡើង។ អ្នកខ្លះមានជំងឺមួយមុខ អ្នកខ្លះពីរឬបីមុខដំណាលគ្នា។ ជំងឺទាំងនេះកើតឡើងមិនចំពោះតែអ្នកមាន អ្នកក្រ ឬក៏នាម៉ឺនមន្ត្រីអ្វីនោះឡើយ តែវាកំពុងវាយលុកទៅលើមនុស្សដោយឥតរើសមុខ។ មូលហេតុសំខាន់ជាងគេគឺចំណីអាហារគ្មានសុវត្តិភាព និងបរិស្ថានកខ្វក់ដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់មនុស្ស។
សារធាតុគីមីដែលជាសត្រូវរបស់សុខភាពត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅក្នុងចំណីអាហារស្ទើរតែគ្រប់មុខ រាប់តាំងពីត្រីសាច់ បន្លែ ផ្លែឈើ ដែលមនុស្សបរិភោគជារៀង រាល់ថ្ងៃ។ នៅពេលដែលសារធាតុពុលទាំងអស់នោះបានវាយលុកដោយស្ងៀមស្ងាត់ពីខាងក្នុងខ្លួន បរិយាកាសខាងក្រៅក៏បានចូលរួមចំណែកបំផ្លាញសុខភាពមនុស្សដែរតាមរយៈខ្យល់ដកដង្ហើម។ ជាតិពុលក៏កំពុងហ៊ុមពទ្ធ័បរិយាកាសជុំវិញខ្លួនមនុស្សកាន់តែខ្លាំងឡើងៗដោយសារតែមនុស្សបាននិងកំពុងបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
បន្ថែមពីលើនេះ អាកប្បកិរិយារបស់មនុស្សសម័យថ្មីក៏ជាកត្តាអំណោយផលមួយយ៉ាងខ្លាំងដែរដល់ភាពទ្រុមទ្រោមនៃសុខភាព។ នៅពេលដែលមនុស្សស្រូបយកជាតិពុល គ្រប់ បែបយ៉ាងចូលក្នុងខ្លួន មនុស្សមួយចំនួនបែរជាមិនបញ្ចេញពលកម្មរាងកាយទាល់តែសោះ។ អាកប្បកិរិយាដ៏គ្រោះថ្នាក់មួយទៀតរបស់មនុស្សសម័យបច្ចុប្បន្នគឺការនិយមពិសារគ្រឿងស្រវឹងដ៏លើសលប់។ គ្រឿងស្រវឹងក៏កំពុងវាយលុកយ៉ាងខ្លាំងផងដែរទៅលើស្រទាប់យុវវ័យ។
ងាកទៅមើលប្រពន្ធ័សុខាភិបាលវិញ កម្ពុជាក៏មិនទាន់មានសេវាសុខាភិបាលគួរឲ្យទុកចិត្តនៅឡើយ។ ការចាកចេញទៅព្យាបាលជំងឺនៅឯបរទេសរបស់ពលរដ្ឋខ្មែរជាច្រើន គឺជាភស្តុតាងបញ្ជាក់ពីបញ្ហានេះបាន។ ក្រៅពីប្រពន្ធ័សុខាភិបាលទន់ខ្សោយ ពលរដ្ឋខ្មែរភាគច្រើនលើសលប់គ្មានទទួលបានការធាបារ៉ាប់រងសុខភាពអ្វីទាំងអស់។
ដូច្នេះ ដើម្បីឲ្យគ្រួសារ និងសង្គមទាំងមូលចៀសវាងបាននូវគ្រោះថ្នាក់ ចាំបាច់ណាស់ដែលពលរដ្ឋគ្រប់គ្នាមានសុខភាពល្អ។ ដំណោះស្រាយជាបឋមគឺ ក្រសួងមានសមត្ថកិច្ចនានាត្រូវតែច្បាស់លាស់ក្នុងការត្រួតពិនិត្យចំណីអាហារដែលលក់នៅលើទីផ្សារ។ រាល់គ្រឿងឧបភោគបរិភោគដែលដាក់លក់លើទីផ្សារត្រូវតែមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ ជាពិសេសចូរប្រយ័ត្នកុំឲ្យកម្ពុជាក្លាយជាធុងសំរាមផ្ទុករបស់ខូចគុណភាពមកពីប្រទេសជិតខាង។
ទន្ទឹមនឹងនោះ ការពង្រឹងគុណភាពសុខាភិបាលក៏ជាកាតព្វកិច្ចមិនអាចមើលរំលងបានដែរពីសំណាក់រដ្ឋាភិបាល។ ចំណែកឯមនុស្សទូទៅក៏ត្រូវប្តូរទម្លាប់មិនល្អមួយចំនួនជាចាំបាច់។ ការងារដែលប្រើកម្លាំងកាយពិតជាមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។ ដូច្នេះ អំណឹះតទៅ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពបំផុតក្នុងការធានាសុវត្ថិភាពចំណីអាហារពីព្រោះនេះជាគ្រោះថ្នាក់ធំធេងណាស់សម្រាប់ពលរដ្ឋខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com