ជាតិ
សេដ្ឋកិច្ច
កសិករ​ជនជាតិដើម​ភាគតិច​ខេត្តរតនគិរី ៣រូប​ទទួល​ជ័យលាភី​លើ​ការដាំ​ស្រូវ
25, Jan 2015 , 7:30 pm        
រូបភាព
ដោយ:
កសិករ​ជនជាតិដើម​ភាគតិច​ខេត្តរតនគិរី​ចំនួន ៣នាក់ បានទទួល​ជ័យលាភី​ឆ្នើម​ក្នុង កម្មវិធី​ប្រកួតប្រជែង​ការ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​ធម្មជាតិ ពី​អង្គការ​សេ​ដាក កាលពី​ថ្ងៃទី២៤ ខែមករា​ម្សិលមិញ​នេះ។ ដើម្បី​ជំរុញ​កំណើន​កសិកម្ម និង​លើកស្ទួយ​ជីវភាព កសិករ​ជនជាតិភាគតិច​ក្រីក្រ​នៅក្នុង​ខេត្តរតនគិរី​នោះ អង្គការ​សេ​ដាក់​ក៏បានផ្តល់​រង្វាន់​លើក ទឹកចិត្ត​ដល់​ពួកគេ​ផងដែរ ក្នុងនោះ ជ័យលាភី​លេខ​មួយ​បាន​សត្វ​គោ​ចំនួន ពីរ​ក្បាល លេខ​ពីរ​ចំនួន ១ក្បាល និង​លេខ​បី ម៉ាស៊ីន បូមទឹក​មួយគ្រឿង។



ដើម្បី​ជំរុញ​កំណើន​កសិកម្ម និង​លើកស្ទួយ​ជីវភាព​កសិករ​ជនជាតិភាគតិច​ក្រីក្រ​នៅក្នុង​ខេត្ត រតនគិរី មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (សេ​ដាក) បាន​បង្កើត​កម្មវិធី​ប្រកួត ប្រជែង​មួយ ដែលមាន​ឈ្មោះ ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាមបែប ធម្មជាតិ ក្នុង​ខេត្តរតនគិរី។ នៅ​ថ្ងៃទី២៤ ខែមករា ម្សិលមិញ​នេះ សេ​ដាក​បាន​រកឃើញ និង​បានផ្តល់​រង្វាន់​លើក ទឹកចិត្ត​ដល់​កសិករ​ជន ជាតិ​ភាគតិច​ចំនួន ៣រូប ដែល​ក្នុងនោះ ជ័យលាភី​លេខ​មួយ​បាន​សត្វ​គោ​ចំនួន ពីរ​ក្បាល លេខ​ពីរ​ចំនួន ១ក្បាល និង​លេខ​បី ទទួលបាន​ម៉ាស៊ីនបូមទឹក​មួយគ្រឿង​ផងដែរ។

តំណាង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​ជា​គណៈកម្មការ​វាយតម្លៃ​មួយរូប លោក សែម រឿន បាន​និយាយថា កសិករ​ឆ្នើម​ដែល​ទទួលបាន​ជ័យលាភី ត្រូវបានធ្វើ​ការវាយតម្លៃ លើ​ការអនុវត្តន៍ ជាក់ស្តែង។ លោក​ថា ពួកគេ​សុទ្ធតែ​កសិករ​ដែល​ទទួល​ទិន្នផល​ស្រូវ​ខ្ពស់ ដោយសារ​ការចេះ រៀបចំ​ដី​កសិកម្ម ការជ្រើសរើស​ពូជ និង​ការថែទាំ​ដំណាំ​ស្រូវ។

ជ័យលាភី​លេខ​មួយ និង​ជា​កសិករ​ជនជាតិភាគតិច​ទំពួន​ក្នុង​ខេត្តរតនគិរី លោក ចាន់ បូរ៉ា បាន​និយាយថា កាលពី​ពុំទាន់ បាន​សិក្សា​ពី​បច្ចេកទេស​កសិកម្ម​នោះ លោក​ចេះតែ​ធ្វើតាម ទម្លាប់​បុរាណ​គឺ បាន​ត្រឹម​ទុក​សម្រាប់​បរិភោគ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយពី​ចេះ​ពី​បច្ចេកទេស ធ្វើ​កសិកម្ម ប.វ.ស របស់​អង្គការ​សេ​ដាក​នោះ ឥឡូវនេះ លោក​ទទួលបាន​ទិន្នផល​ស្រូវ​ចាប់ពី ៦តោន ក្នុង​ទំហំ​ផ្ទៃដី ២ហិត​តា។ លោក​ថា លោក​មាន​សប្បាយរីករាយ​ទៅនឹង​សកម្មភាព​នេះ ហើយ​លោក​ក៏​នឹង​ផ្សព្វផ្សាយ​បន្ត​ដល់​កសិករ​ដទៃ​ទៀតផង។

ទាក់ទិន​នឹង​ការប្រកួតប្រជែង​លើ​ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​នេះដែរ ត្រូវបាន លោក ជាវ សុ​ភ័​ក្រ មន្ត្រី​បច្ចេកទេស​ប្រចាំ​តំបន់​មួយ​របស់​អង្គការ​សេ​ដាក​ប្រចាំ ខេត្តរតនគិរី ប្រាប់ថា កសិករ​ដែល​ធ្វើ​កសិកម្ម​តាមបែប​បច្ចេកទេស ប.វ.ស ទទួលផល ចំណេញ​ច្រើន ដោយ​កាត់បន្ថយ​បាន​ទាំង​ការចំណាយ​កម្លាំង​ពលកម្ម និង​ចំណាយ​ថវិកា​ក្នុង ការដាំដុះ​និង​ថែទាំ​ស្រូវ​របស់​ពួកគេ។

ប៉ុន្តែ​ទន្ទឹមនឹង​កសិករ​មួយចំនួន​បាន​យល់ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការធ្វើ​សិ​កម្ម​តាមបែប ប.វ.ស នេះដែរ ក្នុងនាម​ជា​គណៈកម្មការ​វាយតម្លៃ​មួយរូប​នោះ លោក​ក៏​នៅតែមាន​ក្តីបារម្ភ ផងដែរ ចំពោះ​កសិករ​ជនជាតិភាគតិច​ដែល​មិនទាន់​យល់​ពី​អត្ថប្រយោជន៍ នៃ​ការធ្វើ​កសិកម្ម តាមបែប​ប្រពលវប្បកម្ម។

លោក​ថា ពួកគេ​ភាគច្រើន​នៅតែមាន​ទម្លាប់​ធ្វើ​កសិកម្ម​ទុកចោល​តាម​យថាផល ដោយ​មិនសូវ ខ្វល់​ពី​ការថែទាំ​ដំណាំ​ស្រូវ​របស់​ពួកគេ បន្ទាប់ពី​សាបព្រោះ​រួច​ឡើយ។ លោក​បន្ថែមថា ពួកគេ​ភាគច្រើន​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំថ្ងៃ ដោយ​អាស្រ័យ​លើ​អនុផល ធម្មជាតិ តាមរយៈ​ការ ដើររក​បេះ​បន្លែ ផ្លែឈើ បរបាញ់​សត្វ​តាម​ព្រៃភ្នំ​នៅឡើយ។ ហើយ​ដើម្បី កែ​ទម្លាប់​ចាស់​បុរាណ​នេះ ក៏ដូចជា​លើកស្ទួយ​កម្រិតជីវភាព​ជនជាតិដើម​ភាគតិច​ក្រីក្រ​នៅក្នុង ប្រទេស​កម្ពុជា​ផង​នោះ លោក​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​អង្គការ​ពាក់ព័ន្ធ​នានា ឲ្យ​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម​ដល់​ពួកគេ​បន្ថែមទៀត។



© រក្សាសិទ្ធិដោយ thmeythmey.com