ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុង​​ស្ទឹងសែន​៖​ សេវា​សាធារណៈ ​ដូរ​​ពី​​តម្លៃ​​តាម​​មាត់​ មក​ជា​​តម្លៃ​​លើ​​ក្រដាស​ហើយ​
26, Jan 2015 , 1:22 pm        
រូបភាព
ដោយ:
កំពង់ធំ៖ តារាង​តម្លៃ​សេវា​ធារ​ណៈ​នានា​ត្រូវបាន​បិទ​នៅតាម​សង្កាត់​និមួយៗក្នុង​ក្រុង​ស្ទឹងសែន ចាប់ពី​ចុងឆ្នាំ២០១៤ ។ ការបិទ​តម្លៃ​សេវា​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​រីករាយ ព្រោះ​វា​ជា​តម្លាភាព​មួយ​រវាងអាជ្ញាធរ​និង​ប្រជាជន។


តារាង​តម្លៃ​សេ​វាស​ធារ​ណៈ​បាន​មកដល់​ក្រុង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ​នៅ​ចុងឆ្នាំ២០១៤ បន្ទាប់ពី​មន្ត្រីឃុំ​សង្កាត់​បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​តម្លៃ​សេវាសាធារណៈ។ អ្នកស្រី ចាយ​កា ចៅសង្កាត់រង​នៃ​សង្កាត់​អាចារ្យ​លាក់​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​សង្កាត់​នានា​នៃ​បាន​ផ្ស​ព​ផ្សាយ​អំពី​តារាង​តម្លៃ​សេវាសាធារណៈ​នានា​ដល់​ពលរដ្ឋ​នៅក្នុង​សង្កាត់​និមួយៗរបស់ខ្លួន​ហើយ មុននឹង​បិទ​តារាង​តម្លៃ​ទាំងនោះ​នៅក្នុង​នៅតាម​សាលាសង្កាត់។ អ្នកស្រី​សង្កា​ត់រង​ដដែល​បាន​រៀបរាប់​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ​ថា៖«ការបិទ​ផ្សាយ​តារាង​តម្លៃ​ទាំងនេះ​ពិតជា​បានបង្ហាញ​ពី​តម្លាភាព​របស់​សង្កាត់​ចំពោះ​ប្រជាជន។ វា​ជា​រូបភាព​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​ក្នុង​សង្កាត់​យើង។  ពីមុន​តម្លៃ​ទាំងនោះ អាស្រ័យ​នឹង​អាជ្ញាធរ​ជា​អ្នកសម្រេច ពោលគឺ​មិនមាន​លក្ខណៈ​ច្បាស់លាស់​នោះឡើយ»។

វា​ជា​ដំណឹង​ល្អ​សម្រាប់តែ​ពលរដ្ឋ​ណា​ដែល​ចង់ដឹង និង​ចង់​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​ខ្លួន​តែប៉ុណ្ណោះ។ ពលរដ្ឋ​ដែល​មិន​ខ្វាយខ្វល់ នៅតែ​មិន​មិន​យកចិត្តទុកដាក់​ចំពោះ​ការផ្លាស់ប្តូរ​ថ្មី​នេះ​ដដែល។ លោក កិះ ស៊ន ដែលជា​ចៅសង្កាត់​កំពង់​ក្របៅ បាន​សារភាពថា ពលរដ្ឋ​នៅក្នុង​សង្កាត់​លោក​មួយចំនួន​តូច​នៅតែ​មិនទាន់​ដឹង​អំពី​ការវិវត្ត​ថ្មី​នេះ​នៅឡើយ។ លោក​ចៅសង្កាត់​បាន​ប្រាប់​ឲ្យ​ដឹងថា៖«ដូច្នេះ​នៅពេលដែល​ពួកគាត់​មករក​សេវា​អ្វីមួយ មន្ត្រី​របស់​យើង​ត្រូវ​នាំ​ពួកគាត់​ទៅ​អាន​តារាង​តម្លៃ​ទាំងនោះ ហើយ​ឲ្យ​ពួកគាត់​បង់​តាម​តម្លៃ​ដែល​ត្រូវបាន​កំណត់»។ លោក កិះ ស៊ន បាន​បន្ថែមថា៖«ការធ្វើ​ដូច្នេះ វា​ពិត​ជាមាន​តម្លាភាព​ណាស់ វា​មិន​ធ្វើឱ្យមាន​ការព្រួយបារម្ភ។ ការធ្វើ​អ៊ីចឹង គឺ​ខុស​ពីមុន​ត្រង់​ថា យើង​ធ្លាប់ប្រើ​សេវា​តាម​មាត់(មិន​ច្បាស់លាស់) ស្រេច​តែ​នឹង​អាជ្ញាធរ។ តែឥឡូវនេះ ពលរដ្ឋ​យល់ដឹង​ច្រើន​ពី​តម្លៃ​សេវា​នេះ។ ដូច្នេះ ការងារ​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​មុនមិនអាច​ទារ​ស្រេច​តែ​នឹង​មាត់​បាន​ដូច​មុន​នោះទេ»។

ក្នុងនាម​ជា​ពលរដ្ឋ បងប្រុស ហីន និង សុ​គីន បាន​និយាយ​ដូចគ្នា​ថា ការបង្ហាញ​ពី​តម្លៃ​សេវា​យ៉ាងនេះគឺ​វា​មាន​សារប្រយោជន៍​ដល់​ពលរដ្ឋ។ អ្នក​ទាំងពីរ​បាន​រម្លឹក​ថា ក្នុងពេល​កន្លងមក ពួកគេ និង​អ្នកភូមិ​ទូទៅ ត្រូវ​បង់ប្រាក់​មិនតិចជាង៤ ឬ៥ម៉ឺន​នោះទេ ទៅលើ​ថ្លៃ​សេវា​ខ្លះ ខណៈដែល​សេវា​ខ្លះ​មានតម្លៃ​តែត្រឹម១ម៉ឺន​រៀល​នោះ។ ហើយ​ប្រសិនបើ​ពលរដ្ឋ​មិន​ព្រម​បង់ថ្លៃ​តាម​ការទាមទារ​របស់​មន្ត្រី​នោះ នោះ​ច្បាស់​ជា​ពលរដ្ឋ​មិនអាច​ទទួលបាន​សេវា​នោះឡើយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com