កីឡាជាតិ
ជាតិ
ប្រកាសរ​កជើង​ខ្លាំង​អុកចត្រង្គ ត្រៀម​ប្រកួត​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ
26, Jan 2015 , 3:30 pm        
រូបភាព
ដោយ:
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ចុះហត្ថលេខា​លើ​លិខិត​លេខ ០១៨ គ.ជ.អ.ក នៅ​ថ្ងៃទី ២៦ មករា នេះ ជូនដំណឹង​ដល់​មហាជន​ដែល​និយម​លេងល្បែង​អុកចត្រង្គ ទាំងអស់​ឱ្យប្រញាប់​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៥ ដែល​នឹង​រៀបចំ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅឯ​ខេត្តសៀមរាប។



តាម​លិខិត​ជូនដំណឹង​មួយ​នេះ​ការប្រកួត​ធ្វើឡើង​ចំនួន ២ ដងដោយ​ជម្រុះ​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ៤ ដល់ ៧ ខែ មីនា ឆ្នាំ ២០១៥។ តាម​គម្រោង​ជើង​ខ្លាំង​ចំនួន ៨ នាក់​នឹងមាន​ឈ្មោះ​ទៅលេង​ជុំ​ចុងក្រោយ​ដែល​រៀបចំ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥។

វិញ្ញាសា​ដែល​ដាក់ឱ្យ​ប្រកួត​មានតែ ១ ប៉ុណ្ណោះ​គឺ ១ ទល់ ១ ដោយ​មិន​ប្រកាន់​ភេទ តែ​បេក្ខជន​ត្រូវមាន​អាយុ​ចាប់ពី ៨ ឆ្នាំ​ឡើងទៅ។ ទឹកប្រាក់​ចំនួន ៣០០០ ដុល្លារ​សហរដ្ឋអាមេរិក ត្រៀម​ម្ចាស់​ជើងឯក​នៅ​ឆ្នាំនេះ ហើយ​ជើងឯក​រង​នឹង​ទទួលបាន ២០០០ ដុល្លារ ចំពោះ​អ្នក​លេខ ៣ ទទួលបាន ១០០០ ដុល្លារ និង​លេខ ៤ នឹង​ទទួល ៥០០ ដុល្លារ។

ចំពោះ​ជយលាភី​កាលពី​ចូលឆ្នាំ​ខ្មែរ​កន្លែង​ទៅ លោក ឈាវ បូរ៉ា ជា​ម្ចាស់​ជើងឯក ទទួលបាន​ប្រាករង្វាន់​សរុប ៤៨០០ ដុល្លារ ហើយ​លោក គ្រួច ចន្ថា​រិ​ទ្ធ ជា​ជើងឯក​រង​ទទួលបាន ៣៣០០ ដុល្លារ។ ចំណែក​លោក សូ សំភី ជាប់​ចំណាត់ថ្នាក់​លេខ ៣ ទទួលបាន ១៨០០ ដុល្លារ​និង លោក កែវ វ​ឌ្ឍ​នា ជាប់​ចំណាត់ថ្នាក់​លេខ ៤ អមដោយ​ទឹកប្រាក់ ១៤០០ ដុល្លារ។

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ចាប់​ទទួល​ពាក្យ​រហូតដល់​ថ្ងៃទី ០២ មីនា ឆ្នាំ ២០១៥ វេលា​ម៉ោង ១១:០០ នាទី​ព្រឹក​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ឬ ទាក់ទង​ព័ត៌មាន​លំអិត​តាម​លេខ​ទូរ​សព្ទ ០១៩៧២៥៨ / ០៧៨ ៦៦៨ ៣៦៦៕

រូបថត៖ Cambodia SPORT Documentary



© រក្សាសិទ្ធិដោយ thmeythmey.com