ជាតិ
សង្គមជាតិ
លោក​រដ្ឋមន្ត្រី​អប់រំ​ចេញ​ចំណាត់ការ​ដេញជើង​មន្ត្រី​អសកម្ម
26, Jan 2015 , 8:15 pm        
រូបភាព
ដោយ: រួបរួម
នាពេលឆាប់ៗខាងមុខ ប្រហែលជា​លែងមានទៀតហើយ​មន្ត្រី​ខ្មោច​នៅក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ។ ក្នុង​លិខិត​មួយច្បាប់​ផ្ញើរ​ទៅ​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ និង​មន្ទីរអប់រំ​រាជធានី-ខេត្ត លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​ពង្រឹង​ការអនុវត្ត​គោលការណ៍​ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ។



តាមរយៈ​លិខិត​ចុះ​ថ្ងៃទី១៤ ខែមករា លោក ហង់ ជួន ណា​រ៉ុ​ន បាន​កោតសរសើរ​មន្ត្រី​ក្រោម​ឱវាទ​ដែល​អនុវត្តតាម​វិធានការ​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​ឆ្នាំ២០១៤ ហើយ​លោក​បាន​ណែនាំ​មន្ត្រី​របស់ខ្លួន​បន្ត​ការអនុវត្ត​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​មន្ត្រីរាជការ​តាមរយៈ​ការដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់។

ទាក់ទង​នឹង​ការពង្រឹង​ការអនុវត្ត​គោលការណ៍​ស្តីពី​ការ​គ្រប់​មន្ត្រីរាជការ លោក​រដ្ឋមន្ត្រី​បានដាក់​បញ្ជា​ទៅគ្រប់​អង្គភាព​ត្រូវ​រៀបចំ​បញ្ជី​វត្តមាន​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ​ណ៍ និង​បូកសរុប​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ​នាយកដ្ឋាន​បុគ្គលិក​ជា​រៀងរាល់​ដំណាច់ខែនីមួយៗ ។

ចំពោះ​ករណី​មន្ត្រីរាជការ​អសកម្ម​ការងារ លោក ហង់ ជួន ណា​រ៉ុ​ន ណែនាំ​ឲ្យ​ប្រធាន​អង្គភាព​សាកសួរ​ឲ្យ​បានច្បាស់លាស់​ដោយ​ផ្តល់​ជម្រើស ចូល​បម្រើ​ការងារ​វិញ ឬ​សុំ​នៅ​ទំនេរ​ដោយ​គ្មាន​បៀវត្ស។ ប្រសិនបើ​សាមីខ្លួន​មិនបាន​ផ្តល់​ជម្រើស​ណាមួយ​ច្បាស់លាស់ ហើយ​បន្ត​អសកម្ម​ការងារ បុគ្គល​នោះ​ត្រូវ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀ​វ​ត្យ ដោយ​អនុវត្តតាម​វិធាន​ការដែល​មានចែង​ក្នុង​ជំពូក​ទី២ មាត្រា២៣ នៃ​អនុក្រឹត្យ ចុះ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៥ ៕



© រក្សាសិទ្ធិដោយ thmeythmey.com