ជាតិ
សង្គមជាតិ
ពេទ្យ​កុមារ​អង្គរ​ពង្រីក​សេវា​ព្យាបាល​ក្នុង​បំណង​កាត់បន្ថយ​អត្រា​ស្លាប់​កុមារ
27, Jan 2015 , 10:10 am        
រូបភាព
សៀមរាប៖ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​មរណៈភាព​របស់​ទារក និង​កុមារ មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប បាន​ពង្រីក​សេវា​ព្យាបាល​របស់ខ្លួន​ដល់​មូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋ​ណា ដែល​គ្មាន​លទ្ធភាព ទៅ​ទទួល​សេវា​ព្យាបាល​ដល់ទី​ក្រុង​សៀមរាប។ អាគារ​ព្យាបាល​ជំងឺ​ទារក​មួយ​ខ្នង ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរពេទ្យ​កុមារ​អង្គរ។



សេវា​គ្រប់​ប្រភេទ ត្រូវបាន​បំពាក់​ដូចគ្នា​ទៅនឹង​សេវា​ក្នុង​ក្រុង​សៀមរាប សម្រាប់​អាគារ​ទារក របស់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ស្រុក​សូទ្រនិគម។ អាគារ​ថ្មី​មួយ​បន្ថែមទៀត ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែលមាន​ទារក និង​កុមារ ឈឺ ហើយ​មិនមាន​ពេលធ្វើ​ដំណើរ​ដល់​មន្ទីរពេទ្យ​ធំ។

នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ លោក William Housworth បាន​និយាយថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ​បន្ថែមទៀត ដែល​មន្ទីរពេទ្យ បានធ្វើ​ជាមួយ​រដ្ឋាភិបាល​នាពេល​កន្លងមក។ លោក​បន្ថែមថា អាគារ​ព្យាបាល​ជំងឺ​ទារក​នេះ និង​រួមចំណែក​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ទារក និង​កុមារ ដែលជា​បំណង​ធំ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ក៏ដូចជា​ក្រសួងសុខាភិបាល​ផងដែរ។

មន្ទីរពេទ្យ​កុមារ​អង្គរ មានស្រុក​ប្រតិបត្តិ​ចំនួន៣ មានស្រុក​ជីក្រែង ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម ដែលមាន​មណ្ឌល​សុខភាព​សរុប​ចំនួន២៥ ។ លោក អេង ឃាង ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សូទ្រនិគម បាន​ឲ្យ​ដឹងថា​នៅក្នុង​ពិធី​សម្ពោធ​អាគារ​ទារក កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ពេទ្យ​កុមារ​អង្គរ បានចាប់ផ្តើម​មាន​អាគារ​ទារក​នេះ តាំងពី​ឆ្នាំ២០១០មក ហើយ​អាគារ​ថ្មី​នេះ ត្រូវបាន​ពង្រីង​បន្ថែម ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សូទ្រនិគម។ លោក​បន្តថា ក្នុង​មួយថ្ងៃ មាន​អ្នកជំងឺ ដែលជា​កុមារ និង​ទារក ជា​មធ្យម​ចំនួន៧០នាក់ ហើយ​ចង់​មិន​ចង់ អាគារ​នេះ បានរួម​ចំណែក​យ៉ាង​ធំ ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ បាន​ទាន់ពេលវេលា​ជាច្រើន។


គួររំលឹកថា មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​ស្ថាប័ន​អង្គការ​មួយ ដែល​តែង​សហការ​នឹង​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការជួយ​កុមារ ចាប់ពី​អាយុ០ឆ្នាំ ដល់១៦ឆ្នាំ។ ចាប់ពី​ដំណើរការ​តាំងពី១៩៩៩មក មន្ទីរពេទ្យ​នេះ មាន​ជួយសង្គ្រោះ​កុមារ​ជាង ១លាន៣សែន​រួចមកហើយ ដែល​កុមារ​ភាគច្រើន មាន​ជីវភាព​ក្រីក្រ នៅ​ទូទាំង​ខេត្ត​ក្នុងប្រទេស​កម្ពុជា។ ក្នុង​មួយឆ្នាំ មន្ទីរពេទ្យ​នេះ បាន​ប្រើ​លុយ​ជំនួយ​ដែល​ខ្លួន​រកបាន​ចំនួន៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​កុមារ​កម្ពុជា។ នៅ​ថ្ងៃ​ចន្ទ ទី២៦ ខែមករា ឆ្នាំ២០១៥ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏បាន​ប្រារព្ធ​ខួប​ទី១៦ នៃ​ការបើក​ដំណើរការ ក្នុង​ទឹកដី​ខេត្តសៀមរាប ដែលមាន​ស្ថាបនិក​ជា​អ្នក​ថតរូប លោក កែន​រូ អ៊ី​ស៊ុ ជនជាតិ​អាមេរិកកាំង ដើមកំណើត​ជប៉ុន ជា​អ្នក​ផ្តួចផ្តើម៕


© រក្សាសិទ្ធិដោយ thmeythmey.com