ជាតិ
សង្គមជាតិ
លោក ព្រាប កុល ជំរុញឲ្យមានច្បាប់សែស្រឡាយនិយម
× ថ្លែងនៅក្នុងពិធីបណ្ដុះបណ្ដាលអ្នកការសែតស្តីពីតួនាទីអ្នកកាសែតក្នុងការរួមចំណែកលើកស្ទួយអភិបាលកិច្ចល្អ និងប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថាបញ្ហាសែស្រឡាយនៅក្នុងស្ថាប័នរដ្ឋ និងតាមក្រសួងនានា គឺជាបញ្ហាដែលបង្កឲ្យកើតមានទំនាស់ផលប្រយោជន៏ និងអំពើពុករលួយនៅក្នុងអង្គភាព។ ជាមួយគ្នានេះ លោកក៏ជំរុញឲ្យស្ថាប័ននីតិបញ្ញត្តិ អនុវត្តបង្កើតច្បាប់ទាក់នឹងក្រុមគ្រួសារនិយម ឬបក្សពួកនិយម ដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៏ និងអំពើពុករលួយ។
លោក ព្រាប កុល បញ្ជាក់ដូច្នេះថា ៖«មាន២ចំណុច គឺទី១វិសោធនកម្ម បន្ថែមច្បាប់លើមាត្រាអង្គភាពប្រឆាំងអំពើពុករលួយ និងទី២បង្កើតច្បាប់ដោយឡែកមួយ ដោយចែងឲ្យបានច្បាស់លាស់ អំពីក្រុមគ្រួសារនិយម និងបក្សនិយមដើម្បីជៀសវាងពីទំនាស់ផលប្រយោជន៏។ គឺអាចធ្វើបានបើសិនជាស្ថាប័ននីតិបញ្ញត្តិ តំណាងរាស្ត្រក្នុងសភា ចង់ឲ្យមានច្បាប់នេះ កើតឡើងគឺធ្វើបាន»។
កន្លងមកអនុប្រធានគណកម្មាការទី២ នៃរដ្ឋសភា លោក សុន ឆ័យ ក៏ធ្លាប់ទាមទាឲ្យមានការបង្កើតច្បាប់ទាក់ទងនឹងគ្រួសារនិយម និងបក្សពួកនិយមនេះដែរ បន្ទាប់ពីរូបលោកបានស៊ើបដឹងថា នៅក្នុងរដ្ឋសភាមានសែស្រឡាយនិយមបម្រើការនៅទីនោះ ដែលជាមួលហេតុបង្កឲ្យមានអំពើពុករលួយ ។ ប៉ុន្ដែការលើកឡើងរបស់លោក សុន ឆ័យ ត្រូវបានលោក ឈាន វុន ប្រធានគណកម្មាការទីរដ្ឋសភា បដិសេធ ដោយបានលើកឡើងថា គ្មានច្បាប់ចែងពីគ្រួសារនិយម បក្សពួកនិយមនេះទេ។ ហើយលោកថាច្បាប់នេះក៏មិនអាចមានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com